ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​របស់​លោក​សម រង្ស៊ី​នៅ​តែ​ជា​ឧសគ្គ

  • ហេង រស្មី

លោក​សម រង្ស៊ី​ និងលោក​កឹម សុខា

លោក​កឹម សុខា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​និយាយ​ថា លោក​មាន​ជំនឿ​ថា​លោក​សម រង្ស៊ី​អាច​នឹង​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ដើម្បី​ឲ្យ​លោក​បាន​ចូលរួម​ការ​បោះឆ្នោត។​

ភ្នំពេញ៖ បញ្ហា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​លោក​សម រង្ស៊ី​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ថ្ងៃទិ​២៨ ខែកក្កដា ខាង​មុខ​នេះ​នៅ​តែ​ឧបសគ្គ​សម្រាប់​គណបក្ស​សង្គ្រោះជាតិ​នៅ​ឡើយ​បន្ទាប់​ពី​មេ​ដឹកនាំ​របស់​ខ្លួន​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់ទោស។​
កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ពី​ប្រទេស​សឹង្ហបុរី គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​អំពី​សេចក្តី​សម្រេច​របស់​អង្គប្រជុំ​របស់​គណបក្ស​បាន​សម្រេច​តែង​តាំង​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​ ចំណែក​លោក​កឹម សុខា​ជា​បេក្ខភាព​ប្រធាន​រដ្ឋសភា​ប្រសិន​បើ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត។
ការ​សម្រេច​តែង​តាំង​បេក្ខភាព​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នេះ គណបក្ស​សង្គ្រោះជាតិ​នឹង​ស្នើ​សុំ​សំឡេង​គាំទ្រ​ពី​អង្គ​សមាជ​លើក​ដំបូង​របស់​ខ្លួន​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៣​ខាង​មុខ​នេះ។​
លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាព​ឯករាជ្យ​បាន​និយាយ​ថា តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​អ្នក​តំណាង​រាស្ត្រ​ទើប​អាច​តែងតាំង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បាន។ លោក​មានប្រសាសន៍​ថា លោក​សម រង្ស៊ី​ស្ថិត​ក្នុង​ភាព​ជា​ទណ្ឌិត​នៅ​ឡើយ។ ដូច្នេះ​លោក​មិន​អាច​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​បាន​ទេ។ លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​លោក សម រង្ស៊ី​ មិន​អាច​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ លោក​ក៏​មិន​អាច​ឈរ​ឈ្មោះជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បាន​ដែរ។
«សូម្បី​គណបក្ស​គាត់​ហ្នឹង​ឈ្នះ​ឆ្នោត​ក៏​ដោយ តាម​រដ្ឋ​ធម្មនុញ្ញ​យើង​មាត្រា​១១៩​ នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​ជា​តំណាង​រាស្ត្រ។ ដូច្នេះ​គាត់​អត់​តំណាង​រាស្ត្រ​មិន​អាច​តែង​តាំង​គាត់​ជា​នាយក​រដ្ឋ​មន្ត្រី​បាន​ទេ​ទោះបី​ជា​មាន​ការ​លើក​លែង​ទោស​ភ្លាមៗ​ក៏ដោយ»។​
លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈ​ពេល​១០​ឆ្នាំ​ពី​បទ​ដក​បង្គោល​ព្រំដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​រវាងកម្ពុជា​និង​វៀតណាម​និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ ព្រម​ទាំង​ក្លែង​ឯកសារ​សារធារណៈ។​
លោក​ ទេព នីថា​ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​និយាយ​ថា លោក​សម រង្ស៊ី នៅ​តែ​មិន​អាច​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត​បាន។​
«បើសិន​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ទណ្ឌិត​មិន​អាច​ឈរ​ឈ្មោះ​បាន​ទេ អញ្ចឹង​មិន​អាច​ឈរ​ឈ្មោះ​បាន​មិន​អាច​ជាតំណាង​រាស្ត្រ​បានទេ»។​
លោក​ ទេព នីថា
លោក​ ផៃ ស៊ីផាន​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​និយាយ​ថា ការ​តែង​តាំង​លោក​សម រង្ស៊ី​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​គ្រាន់​តែ​ជា​ទិដ្ឋភាព​នយោបាយ​របស់​គណបក្ស​ដើម្បី​ឲ្យ​មាន​អំណាច​ក្នុង​ការ​តថ្លៃ​តែប៉ុណ្ណោះ ​ក៏​ប៉ុន្តែ​បើ​តាម​ផ្លូវ​ច្បាប់​មិន​មានការ​សមស្របទេ។​
«ទី១​រឿង​តុលាការ គាត់​មាន​កាតព្វកិច្ច​តុលាការ​ដែល​ត្រូវ​ឆ្លើយ​តប។ ទី​២​គាត់​ត្រូវ​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​របស់​គជប»។​
លោក​កឹម សុខា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបាន​និយាយ​ថា លោក​មាន​ជំនឿ​ថា​លោក​សម រង្ស៊ី​អាច​នឹង​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ដើម្បី​ឲ្យ​លោក​បាន​ចូលរួម​ការ​បោះឆ្នោត។​
«ស្ថានភាព​នេះ​ចៀស​មិន​រួច​ទេ​ពីព្រោះភាព​តាន​តឹង​មុន​បោះឆ្នោត​នេះ​កាន់​តែ​តឹង​ទៅៗ។ ឃើញ​សន្ទុះ​នៃ​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះជាតិ​រត់​ទន្ទឹម​គ្នា​ហើយ។ ដូច្នេះ​ហើយ​វា​នឹង​ឈាន​ទៅ​ដល់​ចំណុច​មួយ​នៃ​ការ​សម្រប​សម្រួល​នយោបាយ​មួយ​ចៀស​មិន​រួច»។​
សហរដ្ឋ​អាមេរិក​និង​ប្រទេស​បារាំង​បាន​ដាក់​ការ​កាប​សង្កត់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​គ្រប់​គ្រង​ប្រទេស​អស់​រយៈពេល​ជាង​៣០ឆ្នាំ​ធ្វើការ​កែទម្រង់​លើ​ការ​គោរព​សិទ្ឋិ​មនុស្ស​ដោយ​ដោះលែង​សកម្ម​ជន​ដី​ធ្លី។ លោក​ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​និង​បើក​ផ្លូវ​ឲ្យ​លោក​សម រង្ស៊ី ​មេដឹក​នាំ​គណបក្ស​សង្ក្រោះ​ជាតិ​បាន​ចូលរួម​បោះឆ្នោត ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី យុត្តិធម៌ និង​អាច​ទទួល​យក​បាន​ពីគ្រប់ភាគី​ចូល​រួមទាំង​អស់៕
XS
SM
MD
LG