ភាគី​លោក​សម រង្ស៊ី​ផ្អាក​តតាំង​នឹង​លោក​ហោ ណាំហុង​នៅ​សាលាឧទ្ធរណ៍​ដោយ​ខ្វះមេធាវី

លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​

ភ្នំពេញ៖ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទនេះ​ថា​សវនាការ​នៅ​សាលាឧទ្ធរណ៍​ចំពោះ​ករណី​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប្តឹង​លោក​សម រង្ស៊ី​មេដឹកនាំ​គណបក្ស​ប្រឆាំង​អាច​នឹង​ត្រូវ​ពន្យា​ពេល​ក៏​ប៉ុន្តែ​ករណី​លោក​ម៉ម សូណង់​ដូ​ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​និង​ដំណើរ​ការ​ទៅ​ជាធម្មតា​ដោយមិន​មានការប្រែប្រួល​ទេ។​

លោក​ យឹម សុវណ្ណ​អ្នក​តំណាង​រាស្រ្ត​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី​បាន​និយាយ​ថា​សវនាការ​សាលា​ឧទ្ធរណ៍​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១២​ខែមិនា​ខាង​មុខ​នេះ​អាច​នឹង​ត្រូវ​ពន្យា​ពេល​ដោយ​សារ​តែ​មេធាវី​ជាប់​រវល់។​

លោក​យឹម សុវណ្ណ​បាន​និយាយ​ថា​គណបក្ស​ប្រឆាំងមិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ករណី​នេះ​ទេ​ដោយ​សារ​តែ​រឿង​នេះ​ជារឿង​នយោបាយ​សុទ្ធសាធ។​

«ធម្មតា​ការ​ចោទប្រកាន់​ទាំង​ពីរ​ករណី ​ការចោទ​ប្រកាន់​ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ បរិហាកេរ្តិ៍​ទាំង​រឿង​ព្រំដែន​ហ្នឹង​សុទ្ធតែ​ជាការ​បូក​បញ្ចូល​ជា​ករណី​នយោបាយ​ដែល​ទប់​ស្កាត់​មិន​ឱ្យ​លោក​ប្រធាន​សម រង្ស៊ី​ចូល​រួម​ការបោះ​ឆ្នោតពី​ព្រោះ​គេ​បារម្ភ​ពី​ប្រជា​ប្រីយ៍​ភាព​របស់​លោក​ខ្លាំង​ណាស់។​ក៏​ប៉ុន្តែ​រឿង​នេះ​អត់មាន​ប្រសិទ្ធភាព​ទេ»។​

លោក​ជូង ជូងី​ដែល​ធ្លាប់​ជាមេធាវី​ការ​ពារក្តី​លោក​សម រង្ស៊ី​ នៅ​សាលា​ដំបូង​ក្រុង​ភ្នំពេញបាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​មិន​ទាន់​ទទួល​បាន​លិខិត​ពឹង​ពាក់​ជាមេធាវី​ការពារ​ក្តី​ឱ្យ​លោក​សម រង្ស៊ី​នៅឡើយ​ទេ។​

«​ខ្ញុំ​អត់ច្បាស់​ដែរ​ពីព្រោះ​ខ្ញុំ​អត់មាន​បាន​ទទួល​ដីការ​អ្វីទេ​ពីព្រោះ​ខ្ញុំ​អត់ទាន់​ទៅជា​មេធាវី​ក្នុង​ករណី​នេះ​ក៏​ប៉ុន្តែ​ខ្ញុំទទួល​ការជូន​ដំណឹង​ពីគណបក្ស​មក»។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​ដាក់ពាក្យ​បណ្តឹង​មួយ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ ប្តឹង​លោក​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ពីបទ​បរិហាកេរ្តិ៍​និង​ផ្សព្វផ្សាយ​ព័ត៌​មាន​មិនពិត​បន្ទាប់ពី​លោក​សម រង្ស៊ី ​បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​កាលពី​ថ្ងៃទី១៧ ​ខែមេសា ​ឆ្នាំ២០០៨ ​នៅ​ឯ​វាល​ពិឃាត​បឹង​ជើងឯក​ដោយ​បាន​ចោទ​ប្រកាន់​ថា ​លោក​ហោ ណំាហុង​ ជា​ប្រធាន​គុក​បឹងត្របែក​នៅក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ហើយ​ពាក្យ​សំដី​របស់​លោក​សម រង្ស៊ី ​ត្រូវ បាន​កាសែត​ក្នុងស្រុក​មួយ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ឈ្មោះ​«មនសិការ​ខ្មែរ»​ បាន​ដកស្រង់​សំដី​យក​ទៅ​ចុះ​ផ្សាយ។​

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​កាត់ទោស​លោក​ សម រង្ស៊ី​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨លាន​រៀល​ (ប្រហាក់​ប្រហែល​នឹង​២ពាន់ដុល្លារ​អាមេរិក) ​អំពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឱ្យមាន​ការ​ស្អប់ខ្ពើម​ប្រឆាំង​នឹង​លោក​ហោ ណាំហុង។​

កាលពី​ដើម​ឆ្នាំ​២០១១​តុលាការ​កំពូល​ប្រទេស​បារាំង​បាន​សម្រេច​ក្តី​ឲ្យ​លោក​ សម ​រង្ស៊ី ​ឈ្នះ​ក្តី​លើ​បណ្តឹង​របស់​លោក​ ហោ ​ណាំហុង​ពីបទបរិហាកេរ្តិ៍​ថា​លោក​ជាប្រធាន​មន្ទីរ​ឃុំឃាំង​បឹង​ត្របែក។​

ចំណែក​ឯ​ករណី​លោក​ម៉ម សូណង់​ដូ​ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​គឺ​សាលា​ឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​៥​ខែ​មិនាខាង​មុខ​នេះ។​

មេធាវី​ការពារ​ក្តី​លោក​ម៉ម សូណង់​ដូ​បាន​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ពីបទ​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​គ្រប់​គ្រងប្រទេស​អស់រយៈ​ពេល​ជាង​៣០​ឆ្នាំ។​

លោក​ស្រី​ឌីន ផាន់ណារ៉ា​ភរិយា​លោក​ម៉ម សូណង់ដូ​បាន​និយាយ​ថា​ស្វាមី​របស់​លោក​ស្រី​នឹង​បង្ហាញ​មុខ​ក្នុង​សវនាការ។​
លោក​ស្រី​បាន​និយាយ​ថា​តុលាការ​សាលា​ឧទ្ទរណ៍​អាច​នឹង​ផ្តល់​យុត្តិធម៌​ដល់ស្វាមី​របស់​លោក​ស្រី​ដោយ​សារ​លោក​ម៉ម សូណង់ដូ​មិន​បានប្រព្រឹត្ត​កំហុស​ដូចការ​ចោទ​ប្រកាន់​ទេ៕​