តុលាការ​កំពូល សម្រេច​ឲ្យ​បន្ត​ស៊ើបអង្កេត​លើ​អតីត​អ្នកកាសែត​អាស៊ី​សេរី​ក្នុង​ករណី​ចារកម្ម

រូបឯកសារ៖ អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ លោក អ៊ួន ឈិន (ឆេ្វង) និង​លោក យាង សុធារិន្ទ (ស្តាំ) ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/វីអូអេ)

ចៅក្រុម​តុលាការ​កំពូល ​នៅ​ព្រឹ​ក​ថ្ងៃ​អង្គារ​នេះ ​បាន​សម្រេច​ឲ្យ​បន្ត​ស៊ើ​ប​អង្កេត​លើអតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ពីរ​នាក់ គឺ​លោក ​យាង សុធារិន្ទ និង​លោក អ៊ួន​ ឈិន ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​រឿង​ចារ​កម្ម គឺ​បញ្ជូន​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស។

កាល​ពី​សប្តាហ៍​មុន នៅ​ក្នុង​សវនា​ការ​មួយ អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់ បាន​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូលបញ្ឈប់​កិច្ច​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​ចារកម្ម​នេះ ដែល​ពួកគេ​រង​ការ​ចោទ​ប្រកាន់​ជិត​៣​ឆ្នាំ​មក​ហើយ។ កន្លង​ទៅ ពួកគេ​បាន​ដាក់​ពាក្យ​បណ្តឹង​សារទុក្ខ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ​ដែល​បាន​ចេញ​«សាល​ដីកា​ចាត់​របៀប»​ ឲ្យ​បន្ត​កិច្ច​ស៊ើប​សួរ​ ដែល​មិន​កំណត់​រយៈពេល​ជាក់​លាក់​។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចៅក្រម​លោក និល ណុន បាន​ប្រកាស​ឲ្យ​បន្ត​ស៊ើប​អង្កេត​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា​ ពួកគេ​បាន​ផ្តល់​ព័ត៌​មាន​ឲ្យ​រដ្ឋ​បរទេស។

ការសម្រេច​របស់​តុលាការ​កំពូល នាំ​ឲ្យ​ពួក​គេ​លើក​ឡើង​ថា​ វា​នឹង​ប៉ះពាល់​សិទ្ធិ​សេរីភាព​ និង​ខាត​ពេល​វេលា​របស់​ពួកគេ​ ដើម្បី​ធ្វើ​កិច្ចការ​ផ្សេង​ទៀត។

លោក ​យាង សុធារិន្ទ ​អតីត​ការី​និពន្ធ​របស់​វិទ្យុអាស៊ី​សេរី​ មាន​ប្រសា​សន៍​ថា ​នេះ​ជា​ការ​សម្រេច​«គួរ​ឲ្យ​ខកចិត្ត​មួយ និង​អយុត្តិធម៌​»សម្រាប់​រូប​លោក និង​សហការី​មួយ​រូប​ទៀត គឺ​លោក អ៊ួន ឈិន។ លោក​បន្ត​ថា​ ការ​សម្រេច​នេះ​ ធ្វើ​ឲ្យ​លោក​មិន​ដឹង​ថា​រឿង​ក្តី​របស់​លោក នឹង​ចប់​ពេល​ណា ហើយ​លោក​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន ដោយ​សារ​លិខិត​ឆ្លង​ដែន​របស់​លោក ត្រូវ​បាន​អាជ្ញាធរ​រឹប​អូស​យក។

លោក​បន្ត​ថា ​តុលាការ​គួរ​តែកំណត់​ពេល​វេលាជាក់​លាក់​នៃ​ការ​ស៊ើប​អង្កេត​នេះ។ លោក​ថា ​ការ​មិន​កំណត់​ពេល​ជាក់​លាក់ នាំ​ឲ្យលោក​មាន​«​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​រស់​នៅ»។

លោក​ថ្លែង​ប្រាប់​VOA​ថា៖ «នៅ​ពេល​ដែល​តុលាការ​មិន​មាន​ភស្តុតាងគ្រប់​គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​យើង​ខ្ញុំ​ហើយ គួរ​តែ​ទម្លាក់​បទ​ចោទ​លើ​យើង​ខ្ញុំ។ តុលាការ​ដូច​អត់​បាន​ពិចារណាលើ​ចំណុច​ហ្នឹង»។

លោក​បន្ថែម​ថា​ ករណី​របស់​លោក​ អាស្រ័យ​លើ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

នៅ​ក្នុង​សវនាការ​កាល​ពី​សប្តាហ៍​មុន ចៅក្រម​ជំនុំ​ជម្រះ លោក និល ណុន បាន​លើក​ឡើង​ថា ​តុលាការ​កំពូល​ធ្លាប់​ឲ្យ​មាន​នីតិ​វិធី​បន្ត​ការ​ស៊ើប​អង្កេត​ជា​ញឹក​ញាប់​ ដោយ​សារ​ច្បាប់​មិន​បាន​ហាម​ឃាត់​នោះ​ទេ។ លោក​បន្ថែម​ថា គោល​បំណង​សំខាន់​នៃការឲ្យ​បន្ត​ស៊ើប​អង្កេត​នេះ គឺ​ដើម្បី​ស្វែង​រក​ការ​ពិត​ឲ្យ​ឃើញ។

លោក សំ ចំរើន មេធាវី​របស់​អ្នកសារព័ត៌មាន​ទាំង​ពីរ​នាក់​ ប្រាប់​VOAថា​ ការ​ស៊ើប​អង្កេត​បន្ត​នេះ អាច​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត ដែល​លោក​ថា ​មេធាវី​មាន​សិទ្ធិ​សុំ​បិទ​ការ​ស៊ើប​អង្កេត​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ ចាប់​ពី​ការ​សម្រេច​របស់​តុលាការ​កំពូល។

លោក​មាន​ប្រសាសន៍​ថា៖ «ជា​ទូទៅ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ បើ​គាត់[តុលាការ]​អត់​បិទ[ការ​ស៊ើប​អង្កេត] ក៏​យើង​សុំ​ប្តឹង​បិទ​ដែរ។ យើង​ទុក​ពេល​វេលា​ឲ្យ​ចៅក្រម​ស៊ើប​សួរ ស៊ើប​មួយ​ឆ្នាំ»។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃសម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេម​បូចា ​បាន​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ ធ្វើ​ឲ្យប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​បន្ត​ទៀត។

លោក​មាន​ប្រសាសន៍នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខេម​បូ​ចា​ថា៖ «វា​ជា​ការ​សម្រេ​ច​មួយដែ​លផ្ទុយ​ពីកា​ររំពឹ​ង​ទុក​របស់​យើង ដែល​សង្ឃឹម​ថា ពួក​គាត់​មាន​សេរីភាព និង​ត្រូវ​បាន​ផ្តល់​នូវ​យុត្តិធម៌ ក៏​ប៉ុន្តែ​ផ្ទុយ​ពី​ការ​គិត​របស់​យើង តុលា​ការ​នៅ​តែ​បន្ត​នីតិវិធី​ដែល​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន ​មិន​អាច​បន្ត​ការងារ​របស់​ពួកគេ​ដោយ​សេរី​បាន»។

លោក យាង សុធារិន្ទ និង​លោក ​អ៊ួន ឈិន ​អតីត​អ្នក​ថត​វីដេអូ​របស់​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ក្រៅ​ពី​បទ​ចោទ​ចារកម្ម​នេះ ពួកគេ​ក៏​រង​ការ​ចោទ​ប្រកាន់ពី​បទ​«ផលិត​រូបភាព​អាស​អាភាស»​ផង​ដែរ។ បច្ចុប្បន្ន​នេះ អតីត​អ្នក​កាសែត​អាស៊ីសេរី​ទាំង​ពីរ​នាក់​ ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ដើម្បី​រង់ចាំ​ការ​ជំនុំ​ជម្រះ​ក្តី បន្ទាប់​ពី​ពួកគេ​បាន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ប្រមាណ​១០​ខែ៕