គណបក្ស​កាន់​អំណាច គ្រោង​សម្រេច​លើ​បេក្ខភាព​នាយករដ្ឋ​មន្ត្រី​បន្ត​វេន​ នៅ​ថ្ងៃសុក្រ

រូបឯកសារ៖ រូបភាព​ឧទ្ធម្ភាចក្រ​ពណ៍ក្រហម​​ ដែល​មាន​បិទ​ស្លាក​សញ្ញា​របស់​គណបក្សប្រជាជន​កម្ពុជា​ ហោះឆ្វែល​ ជុំវិញក្បួន​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ថត​យក​រូបភាព​នៃក្បួនដង្ហែនេះ​ នៅ​ភ្នំពេញ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ/វីអូអេ)

គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​ក្នុង​ប្រទេស​កម្ពុជា ​គ្រោង​នឹង​បើក​សន្និបាត​គណៈ​កម្មការ​កណ្ដាលរបស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៤ ​ខែ​ធ្នូ​នេះ ​ដើម្បី​សម្រេច​ទៅ​លើបេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​អាណត្តិ​បន្ទាប់​ ​ព្រម​ទាំង​បេក្ខភាព​បន្ត​វេន​ពី​ជំនាន់​អ្នក​ដឹកនាំចាស់ៗ។ នេះ​បើ​យោង​តាមសេចក្តី​រាយ​ការណ៍​ព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

កាសែត​រស្មី​កម្ពុជា​ បាន​រាយការណ៍​ថា ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន នឹង​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​កិច្ច​ប្រជុំគណៈ​កម្មាធិការ​កណ្តាល​របស់​គណបក្ស​នេះ។​

ការ​បើក​សន្និបាត​គណបក្ស​កាន់​អំណាច​នេះ​ ធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី លោក ហ៊ុន សែន កាល​ពី​ដើម​ខែ​ធ្នូ​នេះ បាន​ប្រកាស​ជា​សាធារណៈ​គាំទ្រ​កូន​ប្រុស​ច្បង​របស់​ខ្លួន​ គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​រូបលោក ក្រោយ​ពី​លោក​ឈប់​កាន់​តំណែង​នេះ​ត​ទៅ​ទៀត។​

មិន​មាន​ការប្រកាស​សេចក្តី​លម្អិតជា​សាធារណៈ​អំពី​បេក្ខជន​ផ្សេងៗ​ទៀត​ដែល​នឹង​ឈរ​ឈ្មោះ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជានោះ​ទេ ប៉ុន្តែ លោក​ ហ៊ុន សែន​ ធ្លាប់​បាន​លើក​ឡើង​ថា​ បេក្ខជន​នាយក​រដ្ឋមន្ត្រី​ជំនាន់​ថ្មី​បន្ទាប់​ពី​អ្នក​នយោបាយ​ជំនាន់លោក មាន​ ៤​រូប។​

ថ្លែង​នៅ​ក្នុង​ពេល​ចុះ​ពិនិត្យ​ការ​សាង​សង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​ក្នុង​ខេត្ត​កណ្តាល ​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​ធ្នូ លោក ហ៊ុន សែន​ បាន​ប្រកាស​ថា​ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ បាន​សម្រេច​ត្រៀម​«គណៈ​រដ្ឋ​មន្ត្រី​បម្រុង»​រួច​ទៅ​ហើយ ដោយ​ធានានៅ​ចំពោះ​មុខ​អ្នក​វិនិយោគ​លើ​ការ​សាងសង់ព្រលាន​យន្តហោះ​ថ្មី​នោះ​ កុំ​ឲ្យ​បារម្ភ​អំពី​អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស ដោយ​អះអាង​ថា ​«អស់​ពី​ឪវា​ អាកូន​វា​ធ្វើ»។​

លោក ហ៊ុន សែន​ បាន​ថ្លែង​នៅ​ពេល​នោះ​ថា ​«គណៈ​រដ្ឋ​មន្ត្រី​បម្រុង»​នេះ មាន​សមាសភាព​ជា​បណ្ឌិត​ជិត​ពាក់​កណ្តាល និង​សុទ្ធតែ​មាន​អាយុ​ក្រោម​៦០​ឆ្នាំ ហើយ​ថា ​ក្រុម​នេះ​នឹង​មក​ជំនួស​អ្នក​នយោបាយ​ជំនាន់​ចាស់ៗ​ អាយុ​ចាប់​ពី​៧០​ឆ្នាំឡើង​ដែល​លោក​ហៅ​ថា ​«ក្រុម​ U-70» ​និង​«U-80»។​

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ធ្លាប់​បាន​ប្រកាសតាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ទាមទារ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ដែល​មាន​អាយុ​ចាប់​ពី​៧០​ឆ្នាំ​ឡើង​ទៅ ​ត្រូវ​ចូល​និវត្តន៍​ទាំង​អស់គ្នា៕