សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបន្តសិ្ថតក្នុងស្ថានភាពអាក្រក់ នៅឆ្នាំ ២០២៣ នេះ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នេះបើតាមសន្ទស្សន៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃពុធនេះ។
បើតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២៣ ដែលបានវាយតម្លៃស្ថានភាពសារព័ត៌មានក្នុង ១៨០ ប្រទេស ចេញផ្សាយក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកថ្ងៃទី ៣ ឧសភានេះ កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៤៧ លើ ១៨០ ប្រទេសនៅឆ្នាំ ២០២៣ ដែលថយពីលេខរៀងទី ១៤២ លើ ១៨០ ប្រទេសកាលពីឆ្នាំមុន។ កម្ពុជាថយចុះ ១ពិន្ទុ គឺបានតែ ៤២ ពិន្ទុនៅឆ្នាំ ២០២៣ ធៀបនឹង ៤៣ ពិន្ទុនៅឆ្នាំ ២០២២។
នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាឈរនៅលើប្រទេសវៀតណាម មីយ៉ាន់ម៉ា និងឡាវ។ បើមើលពីស្ថានភាពរួម លេខរៀងរបស់កម្ពុជាគឺតាមពីក្រោយដោយប្រទេសស៊ូដង់ លីប៊ី និងប៉ាគីស្ថាន និងប្រទេសជាច្រើនទៀតនៅតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត។
ព័ត៌មានទាក់ទង៖
ទូតប្រទេសប្រជាធិបតេយ្យធំៗជំរុញឱ្យអាជ្ញាធរកម្ពុជាធានាថាអ្នកសារព័ត៌មានរាយការណ៍ដោយគ្មានការភ័យខ្លាចបើតាមការវិភាគរបស់អង្គការអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន កម្ពុជាកំពុងមើលឃើញទំនោរស្រដៀងគ្នានឹងប្រទេសបង់ក្លាដេស ទីដែលការធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកំពុងកើនឡើង ខណៈការបោះឆ្នោតនឹងចាប់ផ្តើមនៅប៉ុន្មានខែខាងមុខទៀតនេះ។
សន្ទស្សន៍ដដែលនេះ ក៏បានបង្ហាញឱ្យឃើញថា សេរីភាពសារព័ត៌មានស្ថិតក្នុងស្ថានភាព «ធ្ងន់ធ្ងរខ្លាំង» នៅក្នុងប្រទេសចំនួន ៣១ «លំបាក» ក្នុងប្រទេសចំនួន ៤២ «មានបញ្ហាច្រើន» នៅក្នុងប្រទេសចំនួន ៥៥ ហើយមានភាព «ល្អ» និង «បង្គួរ» ក្នុងប្រទេសចំនួន ៥២៕