លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលឡើងកាន់អំណាចបានជិត ១០ ខែមកហើយ នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីចុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃចន្ទនេះ។
បើតាមសេចក្តីប្រកាសព័ត៌មាន លោក ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់លោកទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ១៨ ដល់ទី ១៩ ខែឧសភា ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។
ដំណើរទស្សនកិច្ចនេះក៏អមដំណើរដោយអ្នកស្រី ពេជ ចន្ទមុន្នី ភរិយារបស់លោក ហ៊ុន ម៉ាណែត លោក ស៊ុន បាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រី មន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
លោក ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។
នៅប្រទេសកូរ៉េខាងត្បូង លោក ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុនសំខាន់ៗមួយចំនួន ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅកូរ៉េខាងត្បូងផងដែរ៕