បន្តគាំទ្រនយោបាយចិនតែមួយ គាំទ្រគំនិតផ្តួចផ្តើមរបស់ចិនជាលក្ខណៈអន្តរជាតិ រួមគ្នាប្រឆាំងនឹងការធ្វើនយោបាយក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងអស់នេះជាការបញ្ជាក់របស់មេដឹកនាំកម្ពុជាទៅកាន់មេដឹកនាំរបស់ចិន នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ដែលចាប់ផ្តើមតាំងពីថ្ងៃទី១៤ ខែកញ្ញា។
ក្រៅពីនេះ មេដឹកនាំកម្ពុជា និងចិនបានប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពដែកថែប ដែលមានរយៈពេលជាង៦០ឆ្នាំ និងបានឯកភាពបន្ស៊ីចូលគ្នានូវយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាដែលលើកឡើងអំពីសមិទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានវិលត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃអាទិត្យ។
នៅក្នុងដំណើរទស្សនកិច្ចទៅទីក្រុងប៉េកាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយមេដឹកនាំសំខាន់របស់ចិន ដោយរួមមាន លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីចិនជាដើម។
ព័ត៌មានទាក់ទង៖ លោក ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីចិន បញ្ជាក់ពីការពង្រឹងចំណងទាក់ទងកាន់តែរឹងមាំថែមទៀតលោក តាន់ ហ្សង់ហ្រ្វង់ស័រ អតីតអ្នកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរ និងបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១៧ ខែកញ្ញា ដោយលើកឡើងថា សមិទ្ធផលនៃដំណើរទស្សនកិច្ច រួមមានការប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពយូរអង្វែង ឬហៅថា មិត្តភាពដែកថែបរវាងកម្ពុជា-ចិន ការឯកភាពគ្នាក្នុងការបន្ស៊ីចូលគ្នានូវយុទ្ធសាស្ត្របញ្ចកោណរបស់ប្រទេសកម្ពុជា និងការបន្តគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីទៅកាន់ថ្នាក់ដឹកនាំប្រទេសចិនថា កម្ពុជាបន្តប្រកាន់យ៉ាងខ្ជាប់នយោបាយចិនតែមួយ និងបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យក្លាយជាត្បូងពេជ្រពិតប្រាកដ។ នេះបើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្រ្វងស័រ។
លោកថ្លែងថា៖ «ទីបី កម្ពុជាតាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មី ជូនថ្នាក់ដឹកនាំចិន នូវជំហររបស់កម្ពុជា ដែលនៅបន្តប្រកាន់យ៉ាងខ្ជាប់គោលការណ៍នយោបាយចិនតែមួយ។ ឯទី៤ ទាំងអស់គ្នាច្បាស់ជាបានឃើញហើយតាមរយៈរូបភាពសោតទស្សន៍ ក្នុងរយៈពេល៤ថ្ងៃបន្តបន្ទាប់គ្នានេះ គឺភាគីកម្ពុជា និងភាគីចិនបានចុះហត្ថលេខាលើឯកសារចំនួន១៥ រួមមានដូចជាឯកសារផែនការសកម្មភាពក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា សម្រាប់២០២៤-២០២៨ ... ជារួមសុទ្ធសឹងជាគោលការណ៍ ដែលត្រូវផ្តល់សន្ទុះដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យក្លាយទៅជាត្បូងពេជ្រពិតប្រាកដ»។
ភាគីកម្ពុជា និងចិនបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមមួយថា៖ «កម្ពុជាប្រឆាំងនឹងការប៉ុនប៉ងនានាក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬរារាំង ឬទប់ទល់នឹងប្រទេសចិន ក្រោមឧបាយកលយកបញ្ហាតៃវ៉ាន់ជាលេស ឬសកម្មភាពបំបែកខ្លួនតាមទម្រង់ណាមួយក៏ដោយ ដើម្បីទាមទារឯករាជ្យភាពតៃវ៉ាន់»។
លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលើឯកសារចំនួន១៥ និងកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាចេញផ្សាយថ្ងៃទី១៧ ខែកញ្ញា។
ភាគីចិនក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ជាក់ពីការប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ភាគីកម្ពុជា និងចិនក៏បានប្តេជ្ញាការពារគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ និងប្រឆាំងនឹងការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស ដែលកម្ពុជារងការរិះគន់ថា រំលោភបំពានធ្ងន់ធ្ងរប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមសេចក្តីប្រកាសរួមរវាងរដ្ឋាភិបាលកម្ពុជា និងចិន ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
បន្ថែមពីនេះ ភាគីទាំងពីរបញ្ជាក់ពី «ការប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស ការអនុវត្តស្តង់ដារពីរ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមហេតុផលសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ»។ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៌ ដែលអតីតគណបក្សសង្រ្គោះជាតិរងការចោទប្រកាន់ពីរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាថា ចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នរបស់រដ្ឋាភិបាល ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលបានផលវិជ្ជមានច្រើនជាងអវិជ្ជមាន បើទោះបីជាមានការលើកឡើងពីជ្រុងអវិជ្ជមានទាក់ទងនឹងទំនោរកម្ពុជាទៅកាន់ប្រទេសចិនជ្រុលខ្លាំងក៏ដោយ។
លោកថ្លែងថា៖ «ទិដ្ឋភាពជាយុទ្ធសាស្ត្រ ជានយោបាយការទូត មានន័យថា កម្ពុជាកំពុងតែពង្រឹងនូវក្របខណ្ឌមិត្តភាពជាមួយប្រទេសដែលជាមហាយក្សសេដ្ឋកិច្ចទីពីរ របស់ពិភពលោក។ ក៏ប៉ុន្តែអ្វីដែលយើងនិយាយថា ភាពស្កៀបរមាស់សម្រាប់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនេះ ប្រហែលជាមើលក្នុងជ្រុងអវិជ្ជមាន។ គេគិតថា អាចថា កម្ពុជាមានទំនោរជ្រុលខ្លាំងទៅប្រទេសចិនជាដើម»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា ថ្នាក់ដឹកនាំកម្ពុជាមិនយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍អន្តរជាតិ ជាពិសេសហាក់មិនសូវខ្វល់ខ្វាយអំពីអនុសាសន៍ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «ហើយរដ្ឋាភិបាល បើយើងពិនិត្យមើល គឺហាក់ដូចជាកំពុងដើរផ្ទុយអំពីគោលការណ៍[លទ្ធិប្រជាធិបតេយ្យ]នេះ។ យើងឃើញទាំងអស់គ្នាហើយពាក់ព័ន្ធមេដឹកនាំប្រទេសយើង ទោះបីជាយើងលើកឡើងអំពីទំនាក់ទំនងការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្មផ្សេងៗ ក៏ប៉ុន្តែឃើញថា មានភាពស្អិតល្មួតតែខាងភាគីចិន ដែលជាប្រទេសប្រកាន់ការដឹកនាំបែបកុម្មុយនីស្តទៅវិញ»។
ដោយសារតែលោក ហ៊ុន ម៉ាណែត បានទទួលការអប់រំនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អ្នកតាមដានមួយចំនួនបានផ្តល់ក្តីរំពឹងថា មេដឹកនាំថ្មីរបស់កម្ពុជានឹងស្តារទំនាក់ទំនងជាមួយប្រទេសលោកខាងលិច ខណៈប្រទេសកម្ពុជាកាន់តែខិតទៅប្រទេសចិន។
គួរបញ្ជាក់ថា ចិនគឺជាប្រទេសទីមួយដែលលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចទ្វេភាគីផ្លូវការមុនគេ បន្ទាប់ពីលោកចូលកាន់តំណែងបានជិតមួយខែ និងក្រោយពេលលោកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី កាលដើមខែកញ្ញានេះ។ លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀត នាខែតុលាខាងមុខ ដើម្បីចូលរួមវេទិកាស្តីពីគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន ឬ Belt and Road Initiative (BRI)៕