សភាជាតិ​បោះ​ឆ្នោត​​ឱ្យ​កូន​ប្រុស​ប្រធាន​តុលាការ​កំពូល​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ថ្មី

លោក ឌិត ទីណា កូន​ប្រុស​របស់​ប្រធាន​តុលាការ​កំពូល ត្រូវ​រដ្ឋ​សភា​កម្ពុជា​នៅ​​​ថ្ងៃ​សុក្រ​​ទី​១៤ ខែ​តុលា ឆ្នាំ​២០២២​ ​បោះឆ្នោត​តែង​តាំង​​​ឱ្យ​ធ្វើជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ ជំនួស​រដ្ឋ​មន្ត្រី​ចាស់​គឺ​លោក​ វេង សាខុន​ ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង។

រដ្ឋ​សភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​កាន់​អំណាច​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​បោះឆ្នោត​តែង​តាំង​កូន​ប្រុស​របស់​ប្រធាន​តុលាការ​កំពូល​គឺ​លោក ឌិត ទីណា ឱ្យ​ធ្វើជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ ជំនួស​រដ្ឋ​មន្ត្រី​ចាស់​គឺ​លោក​ វេង សាខុន​ ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ក្រោម​ហេតុផល​ខ្វះ​កិច្ច​សហការ​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត។

បន្ទាប់​ពី​ទទួល​បាន​ការ​ផ្តល់សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋសភា​ឱ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា​ នឹង​ក្លាយ​ជា​រ​ដ្ឋមន្ត្រី​វ័យ​ក្មេង​ទី ៣ បន្ទាប់​ពីលោក ​កើត រិទ្ធ​ បច្ចុប្បន្ន​ជា​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោក​ សាយ សំអាល់ ដែល​បច្ចុប្បន្ន​ជា​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​កូន​ប្រុស​របស់​ប្រធាន​ព្រឹទ្ធសភា​លោក​សាយ ឈុំ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មានមួយ ចុះថ្ងៃ​ទី ១៤ ខែ​តុលា ​ក្រុម​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះ​ឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទលើ​បេក្ខភាព​លោក​ ឌិត ទីណា ​ឱ្យ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​ ដោយ​សំឡេង​ ១១១ លើ ១១១។

នៅ​ក្នុងកិច្ចប្រជុំ​រដ្ឋសភា​កាលពី​ព្រឹក​ថ្ងៃសុក្រនេះ គេ​ឃើញ​មាន​វត្តមាន​ប្រធាន​រដ្ឋសភា លោក ​ហេង សំរិន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង និង​រដ្ឋ​មន្ត្រី​ផ្សេង​ទៀត​ផងដែរ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយពី​អ្នក​នាំ​ពាក្យ​រដ្ឋសភា​លោក​ ឡេង ប៉េងឡុង បាន​នៅឡើយ​ទេ នៅថ្ងៃ​សុក្រ​នេះ។

ចំណែក​លោក ឌិត ទីណា ដែល​បច្ចុប្បន្ន​នេះ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​ សុំ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ ដោយ​លោក​ស្នើឱ្យ​អ្នក​យក​ព័ត៌មាន​ឱ្យ​វីអូអេ រង់ចាំ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ ដែល​លោក​គ្រោង​ធ្វើ​នៅ​ក្រសួង​កសិកម្ម​នៅ​ស​ប្តាហ៍​ក្រោយ​នេះ។

លោក​និយាយថា៖ «ខ្ញុំ​បាន​រៀប​ចំថា​ឱ្យមាន​សន្និសីទ​កាសែត​មួយ​ ជូន​បង​ប្អូន​កាសែត​ទាំង​អស់​គ្នា​ នៅ​ថ្ងៃ​ចន្ទ [ទី​ ១៧​ ខែ​តុលា] នៅ​ទីស្នាក់​ការ​ក្រសួងនៅ​ម៉ោង ៥ កន្លះ»។​

គួរ​បញ្ជាក់ថា ការ​តែ​ងតាំង​លោក​ ឌិត ទីណា ជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ថ្មី​នេះ កើតមាន​ឡើង​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ខក​ចិត្ត​នឹង​ការ​បំពេញ​ការ​ងារ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ចាស់ គឺ​លោក​ វេង សាខុន​ ដែល​លោក ​ហ៊ុន សែន ​ថាមិនសូវ​សហការ​ជាមួយ​រដ្ឋ​មន្ត្រី​ ឬ​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ នៅ​ពេល​ដោះស្រាយ​បញ្ហា​ ដែល​ត្រូវ​មាន​ការ​សម្រប​សម្រួល​ពីស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ​ តួយ៉ាង​ការ​រារាំង​មិន​ឱ្យ​មានការ​នាំចូល​ជ្រូក​រស់​មក​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ដែល​លោក ហ៊ុន សែន​ ថា​ អាច​ប៉ះពាល់​ដល់​ការ​ចំណាយ និងហូប​ចុក​របស់ពលរដ្ឋ។

វីអូអេ​ព្យា​យាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​វេង សាខុន ​តាម​ប្រព័ន្ធទំនាក់​ទំនង​តេឡេក្រាម​ក្នុង​សប្តាហ៍​នេះ​ តែ​មិន​មាន​ការ​ឆ្លើយ​តប។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) លោក ​ថេង សាវឿន យល់​ថា បើ​ទោះជាបី​ជា​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋ​មន្ត្រីយ៉ាង​ណា​ក៏​ដោយ​ ក៏​វិស័យ​កសិកម្ម​មិន​អាច​ឃើញ​កំណើន​មួយ​ប្រកប​ដោយ​ចីរភាព ប្រសិន​បើ​រដ្ឋមន្ត្រីថ្មី​ ​នៅតែ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​ ដូច​ជា​បញ្ហា​ទីផ្សារ បញ្ហា​ទុន​ បញ្ហា​ប្រព័ន្ធ​ធារាសាស្រ្ត និង​បច្ចេកទេស​ជាដើម​នោះ។

លោក​ថ្លែង​ថា៖ ​«ចំពោះ​បញ្ហា​ចំពោះ​មុខ គឺ​ទី ១ ​ គឺ​រដ្ឋមន្ត្រីថ្មី គួរ​តែ​ត្រូវ​បាន​ស្នើ​ទៅ​រដ្ឋសភា ក៏​ដូច​ជា​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ថវិកា​ជាតិ​ ក្នុង​ការ​ចំណាយ​ទៅលើ​វិស័យ​កសិកម្ម​ និង​ដោះស្រាយ​បញ្ហា​វិស័យ​កសិកម្ម​ នេះ​ជាចំណុច​អាទិភាព​ទី ១។ អាទិភាព​ទី ២ គឺ​ការ​រៀប​ចំ​ឱ្យមាន​ខ្សែ​ចង្វាក់​ទីផ្សារ​ សម្រាប់​លក់​ផលិត​ផលកសិកម្ម​របស់​បង​ប្អូន​ប្រជាពលរដ្ឋ»។

លោក​បន្ថែម​ថា៖ «ហើយ​អាទិភាព​ទី ៣​ គឺ​ការ​ ដោះស្រាយ​ទៅ​លើ​បញ្ហា​ប្រព័ន្ធ​ស្រោច​ស្រព​ទឹក ដែល​ជារឿង​សំខាន់​ ដែល​រដ្ឋមន្ត្រី​ត្រូវ​ធ្វើការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង​ក្រសួង​ធនធាន​ទឹក​ និង​ឧត្តុនិយម។ ហើយ​មួយ​ទៀត គឺ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ និង​បច្ចេកទេស ពិសេស​ព័ត៌មាន​សម្បូរ​បែប​លើទីផ្សារ​ និង​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ»។

អំឡុង​ពេល​នៃ​ការតែងតាំង​លោក​ ឌិត ទីណា​ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​ស្នើ​ឱ្យ​រដ្ឋ​សភា​ធ្វើការ​ដេញ​ដោល​សាក​សួរ ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្មថ្មី​អំពី​ទស្សនវិស័យ ​ផែនការ​ក្នុង​ការ​ស្តា ​និង​កែ​លម្អ​វិស័យ​កសិកម្ម​ ដើម្បី​ដឹង​ថា​ រដ្ឋាភិបាលជ្រើស​រើស​អ្នក​ដឹក​នាំ​ត្រូវ​ និង​អាច​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​មាន​ភាព​ល្អ​ប្រសើរដូច​ប្រទេស​ជិត​ខាង។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ថ្លែង​បន្ថែមថា បើ​រាជ​រដ្ឋាភិបាល​បន្ត​រើសមនុស្ស​មក​ដឹក​នាំ​ក្រសួង​កសិកម្ម ដោយ​ឈរ​លើ​មូលដ្ឋាន​ខ្សែ​ស្រឡាយ​ និង​បក្ស​ពួក​និយម ​នោះ​កសិករ​ខ្មែរ​នៅ​តែ​បន្ត​ក្រ​ជា​រៀង​រហូត៕