ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសុក្រនេះ បានប្រកាសថា អ្នកជំងឺកូវីដ១៩ទាំងអស់ សរុប២៧៤នាក់ បានជាសះស្បើយពីជំងឺនេះ។
នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានអ្នកជំងឺកូវីដ១៩ នៅសេសសល់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋទេ។ក្រសួងសុខាភិបាលបានបញ្ជាក់ថា ពុំមានករណីជំងឺកូវីដ១៩ថ្មីទេ ហើយអ្នកជំងឺម្នាក់ចុងក្រោយ ជាជនជាតិឥណ្ឌូនេស៊ី បានជាសះស្បើយ។ ចាប់តាំងពីជំងឺនេះរាតត្បាតក្នុងប្រទេសកម្ពុជា ពុំមានករណីស្លាប់នោះទេ។
ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានករណីឆ្លងថ្មីនោះទេ។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន។ សេចក្តីប្រកាសបញ្ជាក់ថា៖ «ជំងឺកូវីដ១៩ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច។ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តមានការរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ»។
ក្រសួងអំពាវនាវឲ្យមានការពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ ហើយត្រូវបន្តរក្សាគម្លាតពីគ្នា ពាក់ម៉ាស់នៅពេលចាំបាច់និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល។ បើតាមក្រសួងសុខាភិបាលកម្ពុជាបានធ្វើតេស្តសំណាកសរុបជាង១១ម៉ឺនសំណាករហូតមកដល់ពេលនេះ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍នៅថ្ងៃសុក្រនេះថា នេះជាការព្យាបាលជាសះស្បើយទាំងអស់លើកទីពីរ បន្ទាប់ពីការប្រកាសកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
លោកស្រីមានប្រសាសន៍ថា៖ «ហើយនៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសសេចក្តីប្រកាសព័ត៌មានជាលើកទីពីរអំពីការព្យាបាលជាសះស្បើយ១០០ភាគរយសម្រាប់ករណីទី២៧៤»។
ក្រសួងសុខាភិបាលក៏បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកញ្ញា ជនជាតិចិនពីរនាក់បានលួចរត់គេចពីមណ្ឌលស្នាក់នៅដាច់ដោយឡែកនៅពេលយប់ ហើយសមត្ថកិច្ចបានស្រាវជ្រាវរក។ ពួកគេជាអ្នកដំណើរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ ពួកគេបានរត់គេចខណៈរង់ចាំលទ្ធផលធ្វើតេស្តរកវីរុសកូវីដ១៩។ ក្រសួងបញ្ជាក់ថា លទ្ធផលតេស្តរបស់ពួកគេទាំងពីរនាក់ គឺអវិជ្ជមាន។
ក្រសួងសុខាភិបាលក៏បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានវៀតណាមថា មានជនជាតិវៀតណាម៣នាក់ បានឆ្លងជំងឺកូវីដ១៩ ហើយពួកគេចេញពីប្រទេសកម្ពុជា តាមច្រកខេត្តតៃនិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ ក៏បានបង្ហោះសារអបអរនៅលើហ្វេសប៊ុករបស់លោក។ លោកមានប្រសាសន៍ថា៖ «នេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជាយើង។ ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនបន្តចូលរួមថែរក្សាសុខភាពអនាម័យឲ្យបានល្អ កុំឲ្យឆ្លងកូវីដ១៩ឲ្យសោះ»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា វិស័យទេសចរណ៍បានងើបឡើងបន្តិច ដោយសារប្រជាជនក្នុងស្រុកបានធ្វើដំណើរ ប៉ុន្តែ អ្នកទេសចរពីក្រៅស្រុកមិនមាននោះទេ។ លោកស្រីអំពាវនាវឲ្យមានការផ្តល់ទិដ្ឋាការទេសចរណ៍ឡើងវិញនៅពេលនេះ។
លោកស្រីមានប្រសាសន៍ថា៖ «អ្នកទេសចរណ៍ពីខាងក្រៅស្រុកមកហ្នឹងមិនទាន់(មក)ទេ។ អ្វីដែលឃើញការធ្វើដំណើរចេញចូលហ្នឹង គឺសម្រាប់តែអ្នកធុរកិច្ចទេ ដោយសារតែរដ្ឋាភិបាលកំពុងតែបិទផងដែរសម្រាប់ទិដ្ឋាការទេសចរហ្នឹង»។
កាលពីដើមខែសីហា ប្រទេសកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងយន្តហោះពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយលើកឡើងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីអាជ្ញាធរសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងថ្មីចុងក្រោយបំផុតភាគច្រើនក្នុងចំណោមពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរវិលត្រឡប់ចូលកម្ពុជាពីក្រៅប្រទេសតាមរយៈការឆ្លងកាត់ ឬ បន្តជើងយន្តហោះពីប្រទេសទាំងពីរ។
ចំណែកក្រសួងទេសចរណ៍កម្ពុជា ប្រកាសកុំឲ្យអ្នកទេសចរលុបចោលការធ្វើដំណើរមកកម្ពុជា។ ក្រសួងបញ្ជាក់ថា អ្នកទេសចរអាចពិចារណាពន្យារ ឬ ផ្លាស់ប្ដូរគោលដៅមកកម្ពុជាបាន។ ក្រសួងបន្តថា មានក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារជាច្រើនកំពុងលើកលែងកម្រៃដូរសំបុត្រ និងការកក់ ដោយកំពុងផ្ដល់ជូននូវគោលនយោបាយកក់ឡើងវិញតាមការចង់បានរបស់អ្នកទេសចរ។
រាល់ការធ្វើដំណើរចូលប្រទេសកម្ពុជា អ្នកធ្វើដំណើរទាំងអស់ រួមមានទាំងបរទេសនិងជនជាតិខ្មែរ ត្រូវធ្វើតេស្តរកជំងឺកូវីដ១៩។ ពួកគេត្រូវរង់ចាំ២៤ម៉ោង ដើម្បីធ្វើតេស្តសំណាករបស់ពួកគេ។ ការដាក់ឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ក៏ត្រូវចំណាយថវិកាផងដែរ សម្រាប់អ្នកធ្វើដំណើរបរទេស។ ប្រសិនបើអ្នកធ្វើដំណើរណាមួយមានជំងឺកូវីដ១៩ អ្នកធ្វើដំណើរទាំងអស់តម្រូវឲ្យស្នាក់នៅ១៤ថ្ងៃ នៅកន្លែងដែលរដ្ឋាភិបាលកម្ពុជារៀបចំឲ្យ៕