លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បន្តឌឺដងរដ្ឋាភិបាលអាមេរិកពាក់ព័ន្ធនឹងបំណុលដែលកម្ពុជាជំពាក់ក្នុងរបបលន់ នល់ ដោយលោកបានប្រដូចបំណុលនោះថា«អាមេរិកបានយកពូថៅ ឬញញួរវាយសំពងប្រជាជនខ្មែរ ហើយបែរជាទាមទារឲ្យកម្ពុជាសងថ្លៃញញួរ»។
ការចំអករបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពី លោកនិងរដ្ឋាភិបាលកម្ពុជា បរាជ័យក្នុងការទាមទារឲ្យសហរដ្ឋអាមេរិកលុបបំណុលនោះជាច្រើនដង ខណៈទំនាក់ទំនងរវាងសហរដ្ឋអាមរិក-កម្ពុជាកំពុងមានភាពរកាំរកូស និងស្របពេលដែលកម្ពុជាកំពុងងាកទៅជិតស្និទ្ធជាមួយប្រទេសចិនកុម្មុយនីស្ត។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ១ ប្រវែង៤គីឡូម៉ែត្រ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាត្រូវការជំនួយ និងភាពជាដៃគូជាមួយមិត្តភក្តិបរទេស ប៉ុន្តែលោកថា កម្ពុជាត្រូវធ្វើជាម្ចាស់ជោគវាសនារបស់ខ្លួន ដោយមិនត្រូវទោរទន់លើការបង្ខំរបស់ប្រទេសណាមួយ ដូចអតីតកាលនោះទេ។ លោកបន្ថែមថា ក្នុងរបប លន់ នល់ កម្ពុជាបានជំពាក់បំណុលសហរដ្ឋអាមេរិកយ៉ាងច្រើន ដែលបំណុលទាំងនោះបានបន្តរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែលោកថា បំណុលនោះកើតឡើងដោយសារលោក លន់ នល់ ខ្ចី ហើយឲ្យអាមេរិកទម្លាក់គ្រាប់បែកលើកម្ពុជា។
ថ្លែងដោយមិនចំឈ្មោះ តែសំដៅលើសហរដ្ឋអាមេរិក លោកហ៊ុន សែន មានប្រសាសន៍ក្នុងន័យដើមថា៖
«យើងជំពាក់បំណុលបរទេសមួយចំនួន តែមិនមែនបំណុលដែលយើងខ្ចីទេ គឺ លន់ នល់ ជាអ្នកខ្ចី បានសេចក្តីថាទិញគ្រាប់បែក ទិញស្អីយកមកទម្លាក់នៅប្រទេសរបស់យើង។ អីចឹងប្រៀបដូចជាយកញញួរមកវាយក្បាលរបស់យើង បន្ទាប់ទៅថាប្រឡាក់ញញួរអញ សងលុយឲ្យអញទៀត។ នេះជាការឈឺចាប់សម្រាប់យើង។ អញ្ចឹងខ្មែរត្រូវជាធ្វើជាម្ចាស់ទៅលើជោគវាសនារបស់ខ្មែរ មិនត្រូវទោរទន់តាមរបៀបបង្ខំរបស់នរណាមួយទេ ហើយរដ្ឋអធិប្បតេយ្យ គឺដូច្នេះ»។
បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកក្នុងសម័យសាធារណរដ្ឋខ្មែរមកទល់ពេលនេះ គិតទាំងដើមទាំងចុង មានចំនួនជាង៥០០លានដុល្លារសហរដ្ឋអាមេរិក។
លោក David Josar អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមិនទាន់ទទួលបានការស្នើពីរដ្ឋាភិបាលកម្ពុជា ដើម្បីជជែកលើបញ្ហាបំណុលដែលកម្ពុជាខ្ចីពាក់ព័ន្ធនឹងវិស័យកសិកម្មនាពេលនោះនៅឡើយ។
លោកសរសេរក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«សហរដ្ឋអាមេរិកនៅតែចង់រកដំណោះស្រាយចំពោះបំណុលកសិកម្ម ដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក។ មិនមានការពិភាក្សាណាមួយអំពីបំណុលក្នុងឆ្នាំកន្លងមកទេ ប៉ុន្តែយើងត្រៀមខ្លួនចូលរួមពិភាក្សាគ្រប់ពេលជាមួយកម្ពុជា»។
នេះមិនមែនជាលើកទី១ទេដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឌឺដងឲ្យសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបំណុលដែលកម្ពុជាជំពាក់ក្នុងរបបដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ កាលពីដើមទសវត្សរ៍ទី៧០។
ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងទាមទារឲ្យសហរដ្ឋអាមេរិកលុបបំណុលដែលកម្ពុជាជំពាក់ ដោយលោកចោទសហរដ្ឋអាមេរិកថា ជាអ្នកជំរុញឲ្យមានការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ចេញពីអំណាចកាលពីឆ្នាំ១៩៧០។ លោក ហ៊ុន សែន តែងលើកឡើងថា ប្រសិនបើមិនមានការទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ទេនោះ ខ្មែរក្រហមក៏គ្មានឱកាសបានឡើងកាន់អំណាច ហើយឈានដល់ការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ និងធ្វើឲ្យកម្ពុជា ធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាច្រើនឆ្នាំបន្ទាប់មកនោះដែរ។
ផ្ដើមចេញពីមូលហេតុទាំងនេះ លោក ហ៊ុន សែន បានស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ពិចារណាលុបចោលបំណុលដែលអាមេរិកផ្តល់ឲ្យរបបសាធារណរដ្ឋខ្មែរ។ លើសពីនេះ លោក ហ៊ុន សែន ក៏ធ្លាប់ទាមទារឲ្យសហរដ្ឋអាមេរិក ទទួលខុសត្រូវផ្តល់ជំនួយដល់កម្ពុជា សម្រាប់បម្រើដល់ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានបន្សល់ទុកតាំងពីសម័យនោះ។ លោក ហ៊ុន សែន ចាត់ទុកថា នេះជាការទទួលខុសត្រូវយ៉ាងហោចណាស់ផ្នែកសីលធម៌របស់សហរដ្ឋអាមេរិក ចំពោះកម្ពុជា។
លោក អ៊ា សុផល សាស្រ្តាចារ្យផ្នែកកិច្ចការទូត និងកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental រដ្ឋកាលីហ្វ័រញ៉ា ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែល នារសៀលថ្ងៃអង្គារនេះថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបង្ហាញពីការបង្ករឿងដើម្បីឲ្យអាមេរិកលុបបំណុលប៉ុណ្ណោះ។ លោកបន្ថែមថា កន្លងមកក្នុងរដ្ឋបាលអតីតប្រធានាធិបតីអូបាម៉ា សហរដ្ឋអាមេរិកបានបង្វែរបំណុលជាការផ្តល់មូលនិធិអប់រំសម្រាប់វៀតណាម ប៉ុន្តែលោក ហ៊ុន សែន នាពេលនោះ បានបដិសេធមិនទទួលសម្រាប់កម្ពុជា ដោយសារលោក ហ៊ុន សែន បានស្តាប់រដ្ឋាភិបាលទីក្រុងប៉េកាំងខ្លាំងពេក។
លោក អ៊ា សុផល បន្ថែមក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«វាមានប្រយោជន៍ច្រើនណាស់ក្នុងការនិយាយអំពីញញួរ និងក្បាល ដើម្បីបង្កើនប្រជាប្រិយភាពនយោបាយ។ មានន័យថា គោលបំណងពិតប្រាកដគឺដើម្បីក្លាយជាអ្នកបង្កហេតុ ជាជាងការផ្លាស់ប្តូរ។ ឥឡូវនេះបន្ទាប់ពីធ្វើឲ្យខូចដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គ្មានអ្វីដែលត្រូវធ្វើជាងការបន្ទោសសហរដ្ឋអាមេរិក និងបន្តស្រែកថា បដិវត្តពណ៌! ញញួរ! បំណុល! យើងគឺជាប្រទេសប្រជាធិបតេយ្យ! គ្មានអ្វីដែលត្រូវមើលនៅទីនេះ! ជាដើមនោះទេ»។
ថ្មីៗនេះ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ការបង្ក្រាបលើសង្គមស៊ីវិល និងអង្គភាពព័ត៌មានឯករាជ្យនានាក្នុងប្រទេសកម្ពុជា សមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពលចំនួន៥នាក់មកពីគណបក្សធំៗទាំងពីរ បានស្នើសេចក្តីព្រាងច្បាប់មួយដែលមានឈ្មោះថា CARI Act ក្នុងការដាក់ទណ្ឌកម្មជាច្រើនលើប្រទេសកម្ពុជា។ ទណ្ឌកម្មទាំងនោះរួមមាន ការដាក់លក្ខខណ្ឌជំនួយ ការហាមមិនឲ្យជនដែលធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ ចូលក្នុងសហរដ្ឋអាមេរិក ការបង្កកទ្រព្យសម្បត្តិជនដែលធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ ប្រឆាំងរាល់ប្រាក់កម្ចី និងជំនួយពីស្ថាប័នអន្តរជាតិទៅកម្ពុជា និងហាមឃាត់ការលុបចោលបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកជាង៥០០លានដុល្លារផងដែរ៕