លោក​ ហ៊ុន សែន កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​ពួក​មេដឹកនាំ​យោធា

ពលរដ្ឋ​នៅ​ក្រុង Pharkant រដ្ឋ​កាឈីន (Kachin) ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​នេះ ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​មីយ៉ាន់ម៉ា។ (រូបថត៖ អ្នកសារព័ត៌មានពលរដ្ឋ)

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ាដែល​លោក និយាយ​ថា ជា​ទស្សនកិច្ច​ដើម្បី​ស្តា​សន្តិភាព​ឡើង​វិញ​បន្ទាប់ពី​ការដណ្តើម​អំណាច​របស់​ពួកយោធា​នៅ​ថ្ងៃ​ទី១ កុម្ភៈ ក៏ប៉ុន្តែ ពួក​អ្នករិះគន់ និយាយ​ថា ទស្សនកិច្ច​នេះ​គ្រាន់តែ​នឹង​ធ្វើ​ឲ្យ​ការដណ្តើម​អំណាច​របស់​ពួក​យោធា​ស្របច្បាប់​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

វីដេអូ​ដែល​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​គេហទំព័រ Facebook ផ្លូវការណ៍​របស់​លោក​ហ៊ុន សែន បាន​បង្ហាញ​លោក​ត្រូវ​បាន​ទទួល​ការស្វាគមន៍​ដោយ​ពួក​មន្ត្រី​ជាន់​ខ្ពស់​មីយ៉ាន់ម៉ា​បន្ទាប់ពី​លោក​បាន​ទៅ​ដល់​រដ្ឋធានី​ណៃពីដោ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​មីយ៉ាន់ម៉ា ក៏​បាន​ផ្សាយ​ពី​ការទៅដល់​របស់​លោក​ដែរ។

លោក​ ហ៊ុន សែន ជា​មេដឹកនាំ​ផ្តាច់ការ​ម្នាក់​ដែល​បាន​កាន់អំណាច​អស់ពេល ៣៦ឆ្នាំ​ហើយ​កំពុង​ក្តោបក្តាប់​យ៉ាង​តឹងរ៉ឹង​លើ​សកម្មភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ជា​ប្រមុខរដ្ឋ​ទីមួយ​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​មីយ៉ាន់ម៉ា ចាប់តាំង​ពី​រដ្ឋប្រហារ​ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី Aung San Suu Kyi។

កម្ពុជា​ជា​ប្រធាន​ផ្លាស់វេន​របស់​សមាគម​អាស៊ាន​នៅឆ្នាំនេះ ហើយលោក​ហ៊ុន សែន​គ្រោង​ជួប​ជាមួយ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​មីយ៉ាន់ម៉ា​លោក Min Aung Hlaing​ដើម្បី​លើកស្ទួយ​ផែនការ​សន្តិភាព៥ចំណុច​សម្រាប់​មីយ៉ាន់ម៉ា​ដែល​សមាគម​អាស៊ាន​បាន​គាំទ្រ​កាលពី​ឆ្នាំ​ទៅ។

ពួក​យោធា​មីយ៉ាន់ម៉ា បាន​និយាយ​ថា លោក​ហ៊ុន សែន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​លោក​ស្រី Aung San Suu Kyi ដែល​បាន​ត្រូវ​បាន​កាត់ទោស​កាលពី​ខែ​ធ្នូ​លើ​បទ​ចោទ​ប្រកាន់​ពី​ការញុះញង់​និង​ការរំលោភ​លើ​ការ​រឹតបន្តឹង​ដោយសារការ​រាលដាល​នៃ​វីរុស​កូរ៉ូណា ហើយ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ៤ឆ្នាំ។ លោក Min Aung Hlaing បន្ទាប់មក​បាន​បន្ថយ​ទោសលោកស្រី​មក​នៅ​ត្រឹម​២ឆ្នាំ។

ប្រធានាធិបតី​ប្រទេស​ឥណ្ឌូណេស៊ី​លោក Joko Widodo បាននិយាយ​ថា មេដឹកនាំ​មីយ៉ាន់ម៉ា នឹង​នៅតែ​មិនអនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់​អាស៊ាន ប្រសិនបើ​គ្មាន​ការជឿនលឿន​ទៅមុខ​ទេ។

លោក​ប្រធានាធិបតី Widodo បាន​បញ្ជូន​សារ​តាម Twitter បន្ទាប់ពី​និយាយជាមួយ​លោក​ហ៊ុន សែន ថា «បើគ្មាន​ការជឿនលឿន​ជា​ដុំ​កំភួន​ស្តីពី​ការអនុវត្ត​ការចំណុច​កុងសង់ស៊ីស​ទាំង៥​នោះទេ មីយ៉ាន់ម៉ា អាច​មាន​តែ​តំណាង​ក្រៅ​ក្របខ័ណ្ឌនយោបាយ​ប៉ុណ្ណោះ​នៅក្នុង​ជំនួប​របស់​អាស៊ាន »៕