លោក ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​កំណត់​ការ​ប្រមូល​ពន្ធ​ចំណេញ​មូលធន​ទេ

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ថ្លែង​ទៅ​​កាន់​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣។ (Photo by Handout / AFP)

ខណៈ​មាន​ការ​ព្រួយ​បារម្ភ និង​រិះគន់​ពាក់​ព័ន្ធ​នឹង​ការ​ប្រមូល​ពន្ធ​ចំណេញ​មូលធន នៅ​ដើម​ឆ្នាំ​ ២០២៤ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត បញ្ជាក់​ថា​ រដ្ឋា​ភិបាល​មិន​ទាន់​ដាក់​ចេញ​គោល​ការណ៍​អ្វី​នៅ​ឡើយ​ទេ ​លុះត្រា​ដល់​ខែ​វិច្ឆិកា​ ទើប​មាន​ការ​សម្រេច​ជា​ផ្លូវ​ការ​ថា ​តើ​នឹង​យក​ពន្ធ​មូលធន​នេះ​ឬ​យ៉ាង​ណា។​

លោក​ ហ៊ុន ម៉ាណែត​ បាន​ចេញ​សារ​ជា​សំឡេង​ដែល​មាន​រយៈពេល​ជាង​ ៤ ​នាទី ​កាល​ពី​ថ្ងៃ​ទី​ ២៧ ​ខែ​កញ្ញា​ ដោយ​បញ្ជាក់​ថា៖ «គោល​ការណ៍​ចុង​ក្រោយ​ ដែល​ត្រូវ​អនុវត្ត​នោះ​គឺ​មិន​ទាន់​មាន​ការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ទេ​ ដែល​ត្រូវ​អនុវត្ត​ឆ្នាំ​ ២០២៤ ​ឬ​កែ​សម្រួល​យ៉ាង​ណា»។​

លោក​ ហ៊ុន ម៉ាណែត​ ដែល​ទើប​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រីកម្ពុជា​ បាន​រយៈពេល​ជាង​មួយ​ខែ ​បាន​ឱ្យ​ដឹង​ទៀត​ថា ​រដ្ឋាភិបាល​មិន​បាន​បង្កើត​ពន្ធ​បន្ថែម​សម្រាប់​ដាក់​បន្ទុក​ទៅ​លើ​ប្រជា​ពលរដ្ឋ​ ឬ​អាជីវករ​នោះ​ទេ។ ​លោក​ថា​ ​រដ្ឋាភិបាល​នឹង​សម្រេច​ការ​អនុវត្ត​នៃ​ការ​ប្រមូល​ពន្ធ​ក្នុង​ខែ​វិច្ឆិកា​ ក្រោយ​លោក​ជួប​ជា​មួយ​វិស័យ​ឯកជន ក្នុង​វេទិកា​«រាជ​រដ្ឋាភិបាល ​និង​វិស័យ​ឯកជន»​ ដោយ​រដ្ឋ​នឹង​ពិនិត្យ​លើ​វិធាន​ការ​មួយ​ចំនួន​ដើម្បី​ជួយ​ទៅ​ដល់​វិស័យ​ឯកជន។​

លោក​បន្ថែម​ថា៖​ «តាំង​ពី​រាជ​រដ្ឋា​ភិបាល​បង្កើត​មក​ដ​ល់​ម៉ោង​នេះ ​គឺ​មិន​មាន​ការ​បង្កើត​ពន្ធ​បន្ថែម​ សម្រាប់​ដាក់​បន្ទុក​ទៅ​លើ​ប្រជា​ពលរដ្ឋ​ ឬ​អាជីវក​នោះ​ទេ។ ​ហើយ​ចំពោះ​ការ​គិត​គូរ ​ដែល​យើង​នឹង​ធ្វើ​សម្រាប់​ដាក់​ចេញ​ជា​កញ្ចប់​ វិធានការ​អន្តរាគមន៍​សម្រាប់​ខែ​ ១១ ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល ​និង​វិស័យ​ឯកជន​ គឺ​ពិចារណា ​ទៅ​លើ​ក្របខណ្ឌ​ពន្ធ​ដែល​មាន​ស្រាប់​តែ​ប៉ុណ្ណោះ»។​

ការ​ចេញ​សារ​ជា​សំឡេង​របស់​លោក​ ហ៊ុន ម៉ាណែត ​កើត​ឡើង​ ក្រោយ​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​លោក​ ហ៊ុន សែន ​ចេញ​សារ​ជា​សំឡេង​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ប្រមូល​ពន្ធ​ផង​ដែរ ​ដោយ​លោក​ថា​ បញ្ហា​ពន្ធ​នេះ​បាន​បង្កើត​ឱ្យ​មាន​ពាក្យ​ថា​ «ខំ​បោះ​ឆ្នោត​ឱ្យមក​ខំ​បង្កើន​ពន្ធដារ»។​ ​ដូច្នេះ​លោក​ណែនាំ​ថាបញ្ហា​ខ្លះ​ត្រូវ​ក្តាប់​ពេល​វេលា​ឱ្យ​ជាប់​ មុន​នឹង​ថ្លែង ​ខណៈ​លោកបៀប​ធៀប​ថា​ឱ្យ​ «មើល​ព្រៃ​ទាំង​មូល ​កុំ​គិត​តែ​ឈើ​មួយ​ដើម»។​

រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋសភាជាតិ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។

លោក​ ហ៊ុន សែន​ ថ្លែង​ថា៖ ​«បញ្ហា​ពន្ធដារ​ ហេតុ​អ្វី​បាន​ជា​ផ្ទុះ។ យើង​ដូច​ជា​មិន​ទាន់​បាន​ធ្វើ​អ្វី​ទេ។​ ប៉ុន្តែ​បែរ​ជា​យើង​និយាយ​ច្រើន។ ឥឡូវ​ហ្នឹង​បញ្ហា​ វា​ដូច​ជា​ផ្ទុះ​ ហើយ​បង្កើត​ឡើង​នូវ​ពាក្យ​ថា ​ខំ​បោះ​ឆ្នោត​ឱ្យ​មក​ខំ​បង្កើន​ពន្ធដារ​ឯណា ​ឯណោះ​ទៅ​វិញ!​ យើង​ប្រញាប់​និយាយ​ពេក​ទេ​ដឹង? ​សូម​ពិនិត្យ​ឡើង​វិញ ​ព្រោះ​បញ្ហា​ខ្លះ ​ត្រូវ​ក្តាប់​ពេល​វេលា​ឱ្យ​ជាប់​ ​បើ​មិនក្តាប់​ពេល​វេលាឱ្យ​ជាប់ ​ចេះ​តែ​វាយ​ឡុក​ ដោយ​គ្មាន​មើលព្រៃ​ទាំងមូល ​គិត​តែ​ឈើ​មួយ​ដើមៗ ​ក្រែង​លោ​វា​ខុស។ ​សុំ​ជួយ​តម្រង់​ទិស​បន្តិច​ក្នុង​រដ្ឋាភិបាល»។​

លោក​បន្ត​ថា៖​ «ការ​លើក​ឡើង​ពេល​ខ្លះ​ វា​មិន​ទាន់​ដល់​ពេល។ ​ពេល​វេលា​មិន​ទាន់​បាន​មួយ​ខែ ផ្ទុះ​រឿង​ហ្នឹង​ចេញ​មក ក្នុង​ពេល​ដែល​ស្ថាន​ភាព​សេដ្ឋ​កិច្ចធ្លាក់។​ ហើយ​ក្នុង​ពេល​ដែល​ប្រទេស​ជិត​ខាង​មាន​វិធានការ ដូច​ជា​កាត់​បន្ថយ​បំណុល ​អាដែង​នែ ​មិន​យក​បំណុល​ស្អីៗ​ហ្នឹង។ ​ឯ​យើង​ទៅ​ជា​លើក​ បើ​ថា ​វា​មិ​ន​ទាន់​ដល់​ពេល​ទេ​ យើង​កុំ​អាល​និយាយ។​ អាហ្នឹង​សូម​ពិនិត្យ​ឡើង​វិញ​ភ្លាម»។​

នៅ​ក្នុង​កម្ម​វិធី​ស្តីពី​ «ការ​យល់​ដឹង​អំពី​ពន្ធដារ» ​ដែល​រៀប​ចំ​ដោយ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ​កាល​ពី​ថ្ងៃ​ទី​ ១៥ ​ខែ​កញ្ញា ​ឆ្នាំ​ ២០២៣ ​លោក ​គង់ វិបុល​ អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ឱ្យ​ដឹង​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​អាណត្តិ​ទី ៧​ មិន​មាន​ការ​បន្ត​ពន្យារ​ពេល​លើ​ការ​ប្រមូល​ពន្ធ​លើ​ចំណេញ​មូល​ធន​នេះ​ទេ​ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នឹង​ចាប់​ផ្តើម​អនុវត្ត​ការ​ប្រមូល​នេះ​នៅ​ដើម​ឆ្នាំ​ ២០២៤។

លោក ​គង់ វិបុល ​បាន​ការពារ​ថា​ ការ​ប្រមូល​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​នឹង​មិន​ប៉ះ​ពាល់​វិស័យ​អចលន​ទ្រព្យ​នោះ​ទេ ​ដោយ​សារ​ការ​ទិញ​និង​លក់​ចំណេញ ​ទើប​ត្រូវ​ដក​យក​ប្រាក់​ចំណេញ​ ២០% ​សម្រាប់​បង់​ពន្ធ។​

លោក ​គង់ វិបុល ​បញ្ជាក់​ថា ​ការ​ប្រមូល​ពន្ធ​នេះ​គឺ​ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេស ​ការពារ​សន្តិសុខ ​សុវត្ថិ​ភាព​ប្រជាជន ​និង​បើក​ប្រាក់​បៀ​វត្សរ៍​ដល់​មន្ត្រី​រាជ​ការ។ ​លោក​ក៏​លើក​ឧទាហរណ៍​ថា​ រដ្ឋា​ភិបាល​បារាំង ​និង​អូស្ត្រាលី​យក​ពន្ធ​ចំណេញ​មូល​ធន​រហូត​ដល់​ ៤០% ​ទៅ​ ៥០% ​ឯ​ណោះ។

ក្រោយ​ការ​លើក​ឡើង​របស់​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​លោក ​គង់ វិបុល​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​របស់​ពួក​គេ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ដោយ​អ្នក​ខ្លះ​ប្រៀប​ធៀប​ការ​អភិវឌ្ឍ​ប្រទេសកម្ពុជា​ទៅ​នឹង​ការ​អភិវឌ្ឍ​ប្រទេស​ទាំង​នោះ​ទៅ​វិញ។ ពល​រដ្ឋ​ខ្លះ​ទៀត​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ ដោយ​ពួក​គេ​ថា​ ខ្ចី​លុយ​ធនាគារ​យក​ទៅ​ទិញ​អចលន​ទ្រព្យ ​ដើម្បី​ទុក​ចំណេញ ​ប៉ុន្តែ​បែរ​ជា​ត្រូវ​បង់​ទាំង​ការ​ប្រាក់​ធនាគារ ​និង​ត្រូវ​បង់​ពន្ធ​ ២០%​ លើ​ប្រាក់​ចំណេញ​បែប​នេះ។​

ជាមួយ​គ្នា​នេះ អគ្គ​នាយក​ដ្ឋានពន្ធដារ​បាន​ចេញ​សេច​ក្តី​បំភ្លឺ​មួយ​ កាលពី​ថ្ងៃ​ទី​ ២៧ ខែ​កញ្ញា​ថា ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​រៀប​ចំ​លិខិត​បទដ្ឋាន​គតិយុត្ត បែប​បទ និង​នីតិ​វីធី​នៃ​ការ​ប្រមូល​ពន្ធ​សម្រាប់​រូប​វន្ត​បុគ្គល​ ​បាន​ដាក់​ចេញ​តាំង​ពីឆ្នាំ​ ២០២០​ មក ​ដោយ​ផ្អែក​លើ​គោលការណ៍​ទន់ភ្លន់ សាមញ្ញ​ ជាមួយ​ការ​អនុ​គ្រោះ​ក្នុង​កម្រិត​ខ្ពស់។​ ប៉ុន្តែ​ការ​យក​ពន្ធ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អាណត្តិ​ទី ៦ ​ដែល​ដឹក​នាំ​ដោយ​អតីត​នាយក​រដ្ឋ​មន្ត្រី ​លោក ​ហ៊ុន សែន ​បាន​ពន្យារ​ពេល​រហូត​ដល់​ចុង​ឆ្នាំ​ ២០២៣​ ដោយ​សារ​ផល​ប៉ះ​ពាល់​នានា​បណ្តាល​មក​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពល​រដ្ឋ​ដើម្បី​អភិវឌ្ឍ​ និង​សន្តិ​ភាព ​ប្រាប់​វីអូអេ​ថា ​រដ្ឋ​គួរ​តែ​សិក្សា​និង​គិត​គូរ​ឱ្យ​បាន​ច្បាស់​ចំពោះ​ពេល​វេលា​នៃ​ការ​ប្រមូល​ពន្ធ​នេះ។ ​លោក​ថា ​កាលៈទេសៈ​ ដែល​ពល​រដ្ឋ​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ និង​ធ្លាក់​ចំណូល​ពី​ការ​ប្រកប​មុខ​របរ​នានា​នេះ​ គឺ​រដ្ឋ​មិន​គួរ​ប្រមូល​ពន្ធ​ចំណេញ​មូលធន​នេះ​ទេ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​រដ្ឋ​ត្រូវ​តែ​មាន​យន្តការ​បន្ថែម​ ដើម្បី​ធ្វើ​យ៉ាង​ឱ្យ​ពលរដ្ឋ​អាច​មាន​ចំណូល​ល្អ​ប្រសើរ​ឡើង​វិញ។​

បើ​តាម​លោក​ យង់ គិមអេង ​រដ្ឋាភិបាល​គួរ​កាត់​បន្ថយ​ចំណាយ​ណា​ដែល​មិន​ចាំបាច់​ និង​ត្រូវ​សន្សំ​សំចៃ​ថវិកា​ទាំង​នោះ​ ដែល​លោក​បាន​ប្រៀប​ធៀប​ទៅ​នឹង​ការ​តែង​តាំង​ទីប្រឹក្សា​ជា​ដើម។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​ថា រដ្ឋ​គួរ​តែ​គិត​អំពី​ការ​សន្សំ​សំចៃ។ ​ការ​សន្សំ​សំចៃ​ហ្នឹង ​គឺ​គួរតែ​ចំណាយ​ទៅ​លើ​រឿង​ដែល​ចាំ​បាច់​និង​ រឿង​ដែល​មិន​ចាំ​បាច់ ​មិន​គួរ​ចំណាយ។​ ខ្ញុំ​ឧទាហរណ៍ ​ដូច​ជា​យើង​តែង​តាំង​ទីប្រឹក្សា​ តែង​តាំង​មន្ត្រី​នយោបាយ​ច្រើន​សន្ធឹក​សន្ធាប់​រាប់​ពាន់​នាក់​ហ្នឹង​ អាហ្នឹង​ធ្វើ​ឱ្យ​រដ្ឋ​ខ្ជះខ្ជាយ​ថវិកា​ច្រើន​ណាស់។​ ហើយ​ដល់​ពេល​យើង​តែង​តាំង​ហើយ​ ហើយ​នាំ​គ្នា​មក​យក​ពន្ធ​ពី​ប្រជា​ពលរដ្ឋ​ អាហ្នឹង​ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ គេ​យល់​ថា​ជា​ការ​គាប​ក​គេ ​ដើម្បី​បាន​បង់​ពន្ធ​ទៅ​ដល់​អ្នក​នយោបាយ​ ដែល​មិន​បាន​ធ្វើ​កិច្ច​ការ​ងារ​បម្រើ​ជា​ប្រយោជន៍​ពិត​ប្រាកដ​ដល់​ប្រជា​ពលរដ្ឋ ដែល​គេ​ឃើញ​ថាជា​រឿង​មួយ​ដែល​ជា​ការ​ខាត​បង់»។​

អាជីវករម្នាក់ដឹកទំនិញលក់តាមតូបចល័ត នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។

លោក​យល់​ថា ដំណោះ​ស្រាយ​ល្អ​មួយ​ទៀត​ គឺ​រដ្ឋ​ត្រូវ​បង្កើន​ពន្ធ​លើ​ភេសជ្ជៈ​ដែល​ប៉ះ​ពាល់​សុខភាព រួម​មាន​ទាំងគ្រឿង​ស្រវឹង ​និង​ភេសជ្ជៈ​ផ្អែម​ យ៉ាង​ហោច​ណាស់​ឱ្យ​ប្រហាក់​ប្រហែល​ ឬ​ស្មើ​ប្រទេស​ថៃ​ ដែល​ថៃ​យក​ពន្ធ​ចំនួន​ ៦០%​ លើ​ភេសជ្ជៈ​ទាំង​នោះ។ ​លោក​ថា ​គោល​ការណ៍​នេះ​នឹង​ជួយ​ដល់​សុខភាព​របស់​ពល​រដ្ឋ ​និង​ជួយ​ដល់​ការ​ប្រមូល​ចំណូល​សេដ្ឋកិច្ច​ជាតិ។ ​លោក​បន្ថែម​ថា​ ការ​យក​ពន្ធ​ទៀត​សោត ​ក៏​ត្រូវ​គិត​លើ​ GDP ​ឬ​ចំណូល​របស់​ពល​រដ្ឋ​ម្នាក់ៗ​ ហើយ​ត្រូវ​ប្រើ​ប្រាស់​ចំណូល​ពន្ធ​ទាំង​នោះ ​ឱ្យ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ ​ក៏ដូច​ជា​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ និង​កំណែ​ទម្រង់​ផ្សេងៗ​ឱ្យ​មាន​ប្រសិទ្ធភាព ​ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត។

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ​(ANSA) លោក ​សន ជ័យ ​យល់​ថា ​ការ​ប្រមូល​ពន្ធ​ចំណេញ​មូលធន​នេះ​ជា​ចំណុច​រសើប ​និង​ស្មុគស្មាញ​ច្រើន ​ដែល​រដ្ឋ​ត្រូវ​គិត​គូរ​ឱ្យ​បាន​ហ្មត់ចត់ និង​ត្រូវ​ផ្តល់​ចំណេះ​ដឹង​ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​ពលរដ្ឋ​ និង​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​ ខណៈ​ការ​ឈរ​លើ​មូលដ្ឋាន​ភាព​ស្មើ​គ្នា​ចំពោះ​កាតព្វកិច្ច​ពន្ធ​គឺ​ជា​អ្វី​ដែល​ពលរដ្ឋ​ត្រូវ​ការ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «កាល​ណា​មាន​ការ​យល់​ដឹង​ច្រើន​ ហើយ​នីតិវិធី​ផ្សេងៗ ​ត្រូវ​បាន​អនុវត្ត​ដោយ​តម្លាភាព​ ដោយ​ការ​ទទួល​ខុស​ត្រូវ​ ដោយ​ឈរ​លើ​មូលដ្ឋាន​ភាព​ស្មើគ្នា​ចំពោះ​កាតព្វកិច្ច​ពន្ធ​ វា​គឺ​ជា​រឿង​មួយ​ល្អ ​ក៏​ប៉ុន្តែ​គេ​បារម្ភ​ខ្លាច​ថា​ ការ​អនុវត្ត​ការ​ប្រមូល​ពន្ធ​អាច​នឹង​មាន​ភាព​លម្អៀង។​ ការ​លម្អៀង​គឺជា​អ្វី​មួយ​ដែល​មនុស្ស​មិន​ចូល​ចិត្ត មិន​ចង់​បាន»។​

បើ​តាម​លោក ​សន ជ័យ ​ការ​រឹត​បន្តឹង​លើ​ការ​ប្រមូល​ពន្ធ​ដែល​មាន​ស្រាប់​ និង​ការ​ប្រមូល​ពន្ធ​លើ​ទំនិញ​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​ប្រទេស​ផ្សេងៗ ​ដូច​ជា​ប្រទេស​ចិន​ កូរ៉េ​ខាងត្បូង​ជា​ដើម​ គឺ​ជា​ចំណុច​ល្អ ​និង​ជា​អត្ថប្រយោជន៍ ​ដើម្បី​បង្កើន​ចំណូល​ពន្ធ​ ជា​ជាង​ការ​ប្រមូល​ពន្ធ​ចំណេញ​មូលធន ​ពេល​ពលរដ្ឋ​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច។​

លោក​បន្ថែម​ថា៖​ «នៅ​ក្នុង​ទំនិញ​ដែល​ព្រម​ព្រៀង​គ្នា​ក្រោម​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ គឺ​ជា​ទំនិញ​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ទៅ​ដល់​ពន្ធដារ​ [លើ]​ការ​ប្រមូល​ពន្ធ​ ​ខណៈ​ទំនិញ​ទាំង​អស់​នៅ​លើក​នូវ​របាំង​គយ។ ​បើ​អ៊ីចឹង​កាល​ណា​លើក​របាំង​គយ​ ការ​ពិនិត្យ​មើល ​ការ​ពង្រឹង​ការ​ប្រមូល​ពន្ធ​គឺ​ជា​រឿង​មួយ​ល្អ។ ​អ៊ីចឹង​គួរ​តែ​ពិនិត្យ​មើល​លើ​ចំណុច​នោះ​ឱ្យ​បាន​ច្រើន​ ​បន្ថែម​ទៅ​លើ​ពន្ធ​ផ្សេងៗ​ទៀត​ដែល​បាន​កំពុង​អនុវត្ត។ ​ប៉ុន្តែ​ចំពោះ​ប្រាក់​ចំណេញ​មូលធន​នេះ​ ​ខ្ញុំ​គិត​ថា គួរ​តែ​ពិចារណា​ជា​ពិសេស»។​

លោក ​សន ជ័យ​ លើក​ឡើង​ទៀត​ថា ​ដើម្បី​ធានា​បាន​នូវ​តម្លាភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ ទាក់​ទង​នឹង​ពន្ធ​ រដ្ឋ​ត្រូវ​ប្រើ​ប្រាស់​ថវិកា​ឱ្យ​ចំ​គោល​ដៅ ​និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​ និង​ត្រូវ​មាន​ការ​ជជែក​ដេញ​ដោល​រហូត​ដល់​កម្រិត​ថា្នក់​សភា​ និង​ពិនិត្យ​មើល​ពី​ការ​ចំណាយ​ថវិកា​ជាតិ​ឱ្យ​បាន​ត្រឹម​ត្រូវ៕