កំពុងរុញរទេះដឹកកូនប្រុសអាយុ ១១ ខែ ដើរកម្សាន្តក្នុងសួនបរិវេណបុរីប៉េងហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ លោក ឡុង ពុធដាណូ បានរៀបរាប់ថា លោកតែងនាំកូនប្រុសទៅលេងសួនដែលមានដើមឈើ និងសួនពណ៌បៃតងក្នុងបុរីនេះ ស្ទើតែរៀងរាល់សប្តាហ៍។
បុរសវ័យ ៣១ ឆ្នាំរូបនេះ លើកឡើងថា៖ «ចំពោះអារម្មណ៍ទាក់ទងនឹងនាំកូនមកលេងកន្លែងសួនបៃតងមានទឹកមានអី វាធ្វើឱ្យអារម្មណ៍យើងវាស្រស់ស្រាយ ហើយជ្រះស្រឡះជាមួយនឹងការងារ ដែលយើងធ្វើនៅកន្លែងការងារ វាស្រ្តេសវាអី វាអាចជួយបានច្រើន ធ្វើឱ្យយើងរីករាយ»។
ទីក្រុងភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជា មានប្រជាពលរដ្ឋយ៉ាងហោចណាស់ជាង ២ លាន ២ សែននាក់ កំពុងរស់នៅ។ ស្របពេលដែលទីក្រុងពាណិជ្ជកម្មនិងទេសចរណ៍មួយនេះកំពុងត្រូវបានពង្រីកឱ្យកាន់តែធំទៅៗ និងមានអគារខ្ពស់ស្កឹមស្កៃកាន់តែច្រើន គេឃើញថា សួនសាធារណៈពណ៌បៃតងដែលមានអត្ថប្រយោជន៍ដល់សុខភាពសាធារណៈ នៅតែមានតិចតួចខ្លាំង សម្រាប់ប្រជាជនដូចជាលោក ពុធដាណូ ក្នុងការសម្រាកលម្ហែនិងជួយពង្រឹងសុខុមាលភាពរបស់ពួកគេ។
របាយការណ៍របស់អង្គការសុខភាពពិភពលោក ចេញកាលពីឆ្នាំ ២០១៦ ស្តីអំពីទីធ្លាបៃតងក្នុងទីក្រុង និងសុខភាព បញ្ជាក់ថា ទីធ្លាបៃតងមានអត្ថប្រយោជន៍ចំពោះសុខភាពសាធារណៈយ៉ាងច្រើន ដូចជាការសម្រាកផ្លូវចិត្ត និងការកាត់បន្ថយភាពតានតឹង ការពង្រឹងសកម្មភាពរាងកាយ ការកាត់បន្ថយផលប៉ះពាល់ពីការបំពុលបរិយាកាស កម្តៅខ្លាំង និងសំឡេងរំខាន ក៏ដូចជាកត្តាបង្កគ្រោះថ្នាក់ផ្សេងទៀតនៅក្នុងបរិស្ថានទីក្រុង។
កំពុងលើកបីកូនពរ លោក ឡុង ពុធដាណូ ថ្លែងប្រាប់វីអូអេថា លោកចង់ឃើញរាជធានីភ្នំពេញមានសួនឧទ្យានសាធារណៈច្រើន ដើម្បីអាចឱ្យប្រជាជនសម្រាកលម្ហែ និងកម្សាន្ត ជាពិសេសសម្រាប់ក្មេងៗអាចរត់លេងបាន។
លោកថ្លែងថា៖ «ខ្ញុំអត់ដឹងថា រដ្ឋាភិបាលគាត់បានគិតគូរពីបញ្ហាហ្នឹងដែរ ឬក៏អត់ទេ ប៉ុន្តែគ្រាន់តែថាក្នុងចិត្ត គឺចង់ឱ្យមានច្រើនកន្លែង ដើម្បីឱ្យប្រជាពលរដ្ឋយើងបានសម្រាកលម្ហែកាយ មានកន្លែងទៅ ពីព្រោះទាំងអស់ហ្នឹងជាកន្លែងសាធារណៈមួយដែរ ហើយទោះបីយើងត្រូវការញ៉ាំ ឬក៏មិនញ៉ាំក៏គ្មានបញ្ហា យើងគ្រាន់តែទៅលេង»។
ស្រដៀងនឹងលោក ពុធដាណូ ដែរ អ្នកស្រី សេង សុភា ដែលជាអ្នករស់នៅក្នុងសង្កាត់ចោមចៅ លើកឡើងដែរថា ស្ទើតែរៀងរាល់សប្តាហ៍ អ្នកស្រីនិងស្វាមីតែងស្វែងរកសួនដែលមានដើមឈើ មានទឹក ដើម្បីនាំកូនទៅកម្សាន្ត។
អ្នកស្រីថ្លែងថា៖ «ខ្ញុំនៅខាងចោមចៅ ឧស្សាហ៍នាំមកដែរហ្នឹងណា៎! ជួនកាលថ្ងៃអាទិត្យអី មួយអាទិត្យ ថ្ងៃអាទិត្យអីនាំមកលេង ព្រោះអីមើលទៅទេសភាពស្អាត។ ទេសភាពស្អាត ណាមួយកូនចង់មកទៀត»។
អ្នកស្រីបញ្ជាក់ទៀតថា ក្រៅពីសួននៅក្នុងបុរីប៉េងហួត គឺមានតែសួនច្បារមុខវាំង និងផ្សារទំនើបតែប៉ុណ្ណោះ ដែលអ្នកស្រីអាចនាំកូនដើរកម្សាន្តបាន។
យោងតាមអង្គការសុខភាពពិភពលោក ទីក្រុងនីមួយៗគួរតែមានផ្ទៃដីបៃតងយ៉ាងតិច ៩ម៉ែត្រការ៉េ សម្រាប់មនុស្សម្នាក់ៗ ដែលជាប្រភពដ៏សំខាន់មួយនៃខ្យល់អុកស៊ីហ្សែន។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ ទីធ្លាសាធារណៈមានតិចជាង ១ម៉ែត្រការ៉េ សម្រាប់មនុស្សម្នាក់។ នេះបើតាមរបាយការណ៍ស្តីពីការកែប្រែរាជធានីភ្នំពេញទៅជាទីក្រុងប្រសើររបស់អង្គការ UNDP ចេញកាលពីខែសីហា ឆ្នាំ ២០២១។
របាយការណ៍ដដែលឱ្យដឹងទៀតថា ទីធ្លាសាធារណៈនៅភ្នំពេញបានធ្លាក់ចុះពី ១,១ ម៉ែត្រការ៉េក្នុងម្នាក់ នៅឆ្នាំ ២០១៤ មកនៅត្រឹម ០,៦៧ ម៉ែត្រការ៉េក្នុងម្នាក់ ក្នុងឆ្នាំ ២០២០ ដែលតួលេខនេះបង្ហាញថា ទីធ្លាសាធារណៈនៅរាជធានីភ្នំពេញមានតិចជាងនៅទីក្រុងផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនោះ ប្រទេសសិង្ហបុរីជាមធ្យមមានទីធ្លាសាធារណៈចំនួន ៧,០៤ម៉ែត្រការ៉េក្នុងម្នាក់ ទីក្រុងសេអ៊ូលមាន ១៤,៦៦ ម៉ែត្រការ៉េក្នុងម្នាក់ ទីក្រុងហូជីមិញមាន ១៣,៧ម៉ែត្រការ៉េក្នុងម្នាក់ ចំណែកទីក្រុងបាងកកមានប្រហែលជា ៧ម៉ែត្រការ៉េក្នុងម្នាក់។
កញ្ញា សាត ម៉ារី ពលរដ្ឋម្នាក់រស់នៅរាជធាននីភ្នំពេញ និងធ្លាប់បានធ្វើដំណើរទៅលេងទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងហាណូយ ប្រទេសវៀតណាម លើកឡើងថា នៅពេលដែលកញ្ញាឈានជើងដល់ទីក្រុងនៃប្រទេសទាំងពីរនោះ អ្វីដែលកញ្ញាចាប់អារម្មណ៍ គឺសួន និងឧទ្យានពណ៌បៃតងច្រើន។
កញ្ញាថ្លែងថា៖ «ពេលដែលខ្ញុំទៅស្រុកទាំងពីរហ្នឹងលើកដំបូង អ្វីដែលខ្ញុំចាប់ភ្លឹកតាំងពីចុះពីយន្តហោះ ហើយក្រឡេកឃើញសួន មិនថាជាសួនកម្សាន្ត ឬសួនឧទ្យានទេ ខ្ញុំឃើញការដែលគេរក្សាដើមឈើនៅតាមផ្លូវ មិនថាទីប្រជុំជនសំខាន់ទេ បានន័យថា នៅតាមសង្កាត់តូចមួយ ក៏គេមានរក្សាដើមឈើនៅតាមដងផ្លូវ និងច្នៃសួនមានរបៀបរៀបរយ»។
ក្រឡែកមកទីក្រុងដែលកញ្ញាកំពុងរស់នៅវិញ កញ្ញាថ្លែងថា រាជធានីភ្នំពេញមានសួនសាធារណៈតិចតួចណាស់ ដែលពិបាកសម្រាប់កញ្ញា និងក្រុមគ្រួសារសម្រាកលម្ហែ។ កញ្ញារំពឹងថា អាជ្ញាធររាជធានីភ្នំពេញនឹងរៀបចំទីកន្លែងសាធារណៈ ដែលមានសួនពណ៌បៃតងនៅគ្រប់ខណ្ឌ និងទីតាំងគោលដៅសំខាន់ៗ។
កញ្ញាលើកឡើងថា៖ «សង្ឃឹមថា បើសិនយើងបង្កើតនៅតាមឃុំសង្កាត់ ភូមិ ខណ្ឌ ដូចជាសួនកម្សាន្តតំបន់គោលដៅសំខាន់ៗ ដូចថាខណ្ឌនៅក្នុងរាជធានីភ្នំពេញមានប៉ុន្មាន មានសួនឧទ្យានបៃតងសម្រាប់ខណ្ឌធំៗទាំងអស់នោះ។ ដើម្បីអ្វី? គឺដើម្បីថា ប្រជាជនមូលដ្ឋានគាត់អាចអញ្ជើញទៅលម្ហែជាមួយគ្រួសារកូនចៅ នៅព្រឹកព្រលឹមមុនចេញទៅធ្វើការ ក៏ដូចជាពេលគាត់ចេញពីធ្វើការគាត់អាចទៅសួនកម្សាន្តនៅជិតផ្ទះគាត់បំផុត»។
នៅរាជធានីភ្នំពេញ គេឃើញមានសួនច្បារមួយចំនួន ប៉ុន្តែមិនមានឧទ្យានធំៗដែលអាចឱ្យប្រជាជនសម្រាកលម្ហែនោះទេ។ សួនសាធារណៈមានដើមឈើធំៗដែលប្រជាជនអាចប្រើប្រាស់បានមានចំនួនតិចតួច ដូចជារមណីយដ្ឋានវត្តភ្នំ សួនខាងមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសួនក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម។
បើតាមរបាយការណ៍ស្តីពីការកែប្រែរាជធានីភ្នំពេញទៅជាទីក្រុងប្រសើររបស់អង្គការ UNDP ទីក្រុងភ្នំពេញ មានទីកន្លែងសាធារណៈចំនួនប្រមាណ ៨៧ កន្លែងប៉ុណ្ណោះ។ របាយការណ៍ដដែលឱ្យដឹងបន្ថែមថា រាជធានីភ្នំពេញមានដង់ស៊ីតេដើមឈើទាប ជាពិសេសនៅតំបន់ជាយក្រុង។ គិតត្រឹមឆ្នាំ ២០១៨ រដ្ឋាភិបាលបានចុះបញ្ជីដើមឈើតាមដងផ្លូវចំនួន ៤២.០៣០ដើម នៅតាមផ្លូវចំនួន ៣៨២ ក្នុងក្រុងតែប៉ុណ្ណោះ។ ហើយផ្លូវប្រហែល ៥០ ក្នុងចំណោមផ្លូវទាំងអស់នោះ មានដើមឈើតិចជាង ១០ ដើមក្នុងផ្លូវនីមួយៗ។
លោក ស៊ឹម បូវិសាល អ្នកជំនាញផែនការក្រុង និងជាមន្ត្រីសម្របសម្រួលនៅអង្គការសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា លើកឡើងថា ទីធ្លាសាធារណៈបៃតង មានសារៈសំខាន់ខ្លាំងសម្រាប់សាធារណជន ដោយវាអាចត្រូវបានប្រើប្រាស់ជាកន្លែងកម្សាន្ត វប្បធម៌ សួនកុមារ បង្កើនសកម្មភាពអាជីវកម្ម និងសម្រាប់ការប្រាស្រ័យទាក់ទង និងទប់ស្កាត់បញ្ហាប្រែប្រួលអាកាសធាតុ។
លោក ស៊ឹម បូវិសាល ថ្លែងបន្ថែមថា៖ «ទីធ្លាសាធារណៈពណ៌បៃតងក្នុងកម្រិតជាក់លាក់មួយអាចត្រងគុណភាពខ្យល់ លំហូរខ្យល់ក្នុងទីក្រុង កាត់បន្ថយការបំពុលបរិយាកាស និងកាត់បន្ថយឥទ្ធិពលកម្តៅក្នុងទីក្រុងអំឡុងពេលថ្ងៃក្តៅ។ ក្រៅពីនេះ វាដើរតួជាអេប៉ុងសម្រាប់ស្រូប និងស្តុកទឹកភ្លៀងធំៗ អំឡុងពេលទឹកហូរ ដែលមានន័យថា ជាការកាត់បន្ថយទឹកជំនន់ក្នុងពេលមានភ្លៀងធ្លាក់ និងធានាបាននូវគុណភាពទឹកនៅកម្រិតជាក់លាក់មួយ មុនពេលបញ្ចប់នៅរោងចក្រប្រព្រឹត្តកម្ម ឬហូរទៅកាន់ទន្លេ»។
ការសិក្សាមួយផ្សេងទៀតដែល UNDP បានលើកឡើងក្នុងរបាយការណ៍ខាងលើនោះ ក៏បង្ហាញថា ដើមឈើទាំងមូលដែលមានកម្ពស់ ១២ម៉ែត្រ និងទម្ងន់ ២តោន អាចផលិតអុកស៊ីហ្សែនបាន ១០០ គីឡូក្រាមក្នុងមួយឆ្នាំ ចំណែកមនុស្សត្រូវការអុកស៊ីហ្សែន ៧៤០គីឡូក្រាម ក្នុងមួយឆ្នាំ ដើម្បីដកដង្ហើម។ នេះមានន័យថា មនុស្សម្នាក់ត្រូវការដើមឈើប្រហែលប្រាំបីដើម ដើម្បីផលិតអុកស៊ីហ្សែនសម្រាប់ពួកគេ។ ក្នុងករណីទីក្រុងភ្នំពេញ ដែលមានប្រជាជនប្រមាណ ២,២ លាននាក់រស់នៅ បើគិតត្រឹមឆ្នាំ ២០១៩ ទីក្រុងនេះអាចនឹងត្រូវការដើមឈើជាង ១៧ លានដើមដើម្បីផលិតអុកស៊ីហ្សែនឱ្យបានគ្រប់គ្រាន់។
លោក សែស អរុណសក្តា អ្នកស្រាវជ្រាវប្រចាំវេទិកាអនាគត លើកឡើងថា នៅពេលដែលទីក្រុងមិនមានសួនសាធារណៈពណ៌បៃតងគ្រប់គ្រាន់ នោះវានឹងធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាជន ជាពិសេសកុមារតូចៗ និងមនុស្សវ័យចំណាស់ ដែលបណ្តាលមកពីអាកាសធាតុជុំវិញ និងក្នុងទីក្រុង។
«ទី១ សីតុណ្ហភាពក្តៅ ទី២ គុណភាពខ្យល់ដកដង្ហើមមិនសូវល្អ ទី៣ សំឡេងបំពុលជាដើមហ្នឹង គឺវាកើតឡើង។ បើយើងមើលសម្រាប់ប្រជាជនផ្ទាល់ គឺគាត់បាត់បង់កន្លែងសម្រាប់គាត់ធ្វើការប្រាស្រ័យ ឬកន្លែងគាត់លម្ហែកាយជាដើមហ្នឹង។ ទី២ ទីក្រុងដែលខ្វះខាតទីធ្លាសាធារណៈ វាបាត់បង់ឱកាសមួយដើម្បីបង្កើតភាពជាសហគមន៍»។
លោក សែស អរុណសក្តា បកស្រាយបន្ថែមពីផលប៉ះពាល់លើកុមារ និងមនុស្សវ័យចំណាស់ថា៖ «បើយើងគិតទៅដល់កុមារៗវិញ គឺពួកគាត់បាត់បង់កន្លែងសម្រាប់ពួកគាត់ដើម្បីលេង ដែលជាកត្តាមួយដ៏សំខាន់សម្រាប់ការលូតលាស់របស់ពួកគាត់។ ហើយកង្វះខាតទីធ្លាសាធារណៈនេះ ក៏មានផលប៉ះពាល់ទៅដល់សុខភាពរបស់ចាស់ជរា ក៏ដូចជាអ្នកដែលមានសុខភាពខ្សោយដែរ។ សម្រាប់យើងអ្នកមាំមួន យើងប្រហែលជាមិនសូវអីទេ តែសម្រាប់អ្នកដែលគាត់ខ្សោយ អ្នកដែលងាយអាលែក្ស៊ី ឬក៏ចាស់ជរាជាដើមហ្នឹង ដូចថាផ្សែងបំពុល សីតុណ្ហភាពក្តៅ ឬក៏គុណភាពខ្យល់ដកដង្ហើមដែលមិនសូវល្អហ្នឹង គឺប៉ះពាល់ដល់ពួកគាត់ខ្លាំងមែនទែន»។
បើតាមលោក សែស អរុណសក្តា រដ្ឋាភិបាលគួរតែផ្តោតលើការបង្រួមទីក្រុង ដោយបង្កើតទីក្រុងមានចំនួនប្រជាជនខ្ពស់ ដែលមានចំនួន១៥,០០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ប៉ុន្តែងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើការ និងទៅរកសេវាកម្មផ្សេងៗ។ លោកថា រដ្ឋាភិបាលក៏គួរមានផែនការមេដែលជំរុញឱ្យមានការប្រើប្រាស់ដីចម្រុះ ដោយផ្តល់សេរីភាពដល់ពលរដ្ឋក្នុងការជ្រើសរើសបែបបទនៃការរស់នៅ និងប្រកបអាជីវកម្ម និងគួរបង្កើតគោលនយោបាយចល័តភាពទីក្រុង ដោយជៀសវាងការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន ហើយងាកមកដើរ ជិះកង់ និងប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈវិញ។
លោក សែស អរុណសក្តា បន្ថែមថា សម្រាប់វិស័យឯកជនដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យ ឬគម្រោងផ្សេងៗ គួរតែចូលរួមគោរពតាមច្បាប់នគរូបនីយកម្ម និងបង្កើនទីធ្លាសាធារណៈក្នុងគម្រោងរបស់ខ្លួន ដែលអាចឱ្យប្រជាជនទូទៅប្រើប្រាស់បានច្រើន។
គិតត្រឹមឆ្នាំ ២០២២ សួនច្បារសាធារណៈក្នុងរាជធានីភ្នំពេញ មានសរុបចំនួន ១២១ ទីតាំង ស្មើនឹង ១,០០៤,២៣៣ម៉ែត្រការ៉េ។ នេះបើតាមការផ្សាយលើគេហទំព័រក្រសួងព័ត៌មាន។
លោក កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ លើកឡើងថា បច្ចុប្បន្នសាលារាជធានីភ្នំពេញកំពុងមានគម្រោងបង្កើតសួនសាធារណៈបន្ថែមជាបន្តបន្ទាប់នៅតំបន់ជាយក្រុង ប៉ុន្តែលោកមិនអាចកំណត់ថាមានចំនួនប៉ុន្មាននោះទេ។
«យើងឃើញគេកំពុងសាងសង់សួនមួយនៅតាមផ្លូវហាណូយ។ ក្មួយឃើញហើយ។ ប៉ុន្តែយើងត្រូវដឹងថា យើងត្រូវធ្វើតាមកម្រិតប្រទេសយើងទើបបើកអំពីកូវីដ ហើយយើងកំពុងជួយជីវភាពប្រជាជន ព្រោះជីវភាពប្រជាជនសំខាន់ជាងនៅពេលដែលយើងមានវិបត្តិកូវីដ។ ហើយក្រោយយើងជួយជីវភាពប្រជាជន ប្រទេសយើងមានការរីកចម្រើនឡើងវិញ យើងនឹងបន្តពង្រីកសួនសាធារណៈនៅតាមតំបន់ជាយក្រុងបន្ថែមទៀត»។
ខណៈរដ្ឋបាលគ្រប់គ្រងក្រុងភ្នំពេញកំពុងមមាញឹកនឹងកិច្ចការនិងបញ្ហាប្រឈមក្នុងក្រុងផ្សេងទៀត ប្រជាជនដូចជាលោក ឡុង ពុធដាណូ អ្នកស្រី សេង សុភា និងកញ្ញា សាត ម៉ារី មានតែបន្តរង់ចាំទៀត រហូតដល់មានកិច្ចប្រឹងប្រែងបន្ថែមពីរដ្ឋាភិបាល ដើម្បីទទួលបានសួនបៃតងសាធារណៈដែលពួកគេរំពឹងចង់បាន៕