អ្នក​វិភាគ៖​ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​បក្ខពួក​និង​ក្រុម​គ្រួសារនិយម

  • ​គង់ ​សុឋានរិទ្ធ

លោក ហ៊ុន ម៉ានី (រូប​កណ្តាល​ខាង​ស្តាំ) កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ខួប​ទី​៣៤​នៃ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​១៩៧៩ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ស្នាក់ការ​​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣។ (AP Photo/Heng Sinith)

ក្រុម​អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​មើល​ឃើញ​អត្ថន័យ​តិច​តួច​កើត​ចេញ​ពី​ការកែ​ទម្រង់របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​គណបក្ស​កាន់​អំណាច​អស់​រយៈ​ពេល​ជាង​បី​ទសវត្ស​មក​នេះបាន​ប្រកាស​នៅ​ក្នុង​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ដែល​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១ខែ​កុម្ភៈថា​ ការ​កែ​ទម្រង់គឺ​ជា​អាយុ​ជីវិត​របស់​គណបក្ស។​

ការ​ប្តេជ្ញា​ចិត្ត​បែប​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់​បង់​អាសនៈនៅ​ក្នុង​រដ្ឋ​សភា​ចំនួន​២២​អាសនៈក្នុង​ការ​បោះ​ឆ្នោតកាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣។​ ​ការ​បាត់​បង់​នេះ​គឺ​ជាលទ្ធ​ផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខុស​ពី​ការ​រំពឹង​ទុករបស់​គណបក្ស​ចាស់​វស្សា​មួយ​នេះ។ ដំណាល​គ្នា​នេះ​ វា​ក៏ជា​រំញោច​ដល់​គណ​បក្ស​ប្រជាជន​កម្ពុជា​ឲ្យ​សើរើ​ឡើងវិញ​នូវ​រូប​ភាព​នានា​នៅ​ជុំវិញ​ខ្លួន។​

ក្នុង​ន័យ​នេះ ​គណបក្ស​កាន់​អំណាច​បាន​សម្រេច​ពង្រីក​វិសាល​ភាព​នៃ​កម្លាំង​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន​តាម​រយៈ​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ថ្មី​ចំនួន​៣០៦​រូប​ បន្ថែម​ពី​លើ​សមាជិក​ដែល​មាន​ស្រាប់​ចំនួន​២៦២​រូប។​ ដូច្នេះ​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កើន​ដល់​៥៦៨​រូប​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។​

គណៈកម្មាធិការ​កណ្តាល​នេះ​គឺ​ជា​ក្បាល​ម៉ាស៊ីន​នយោបាយ​ដ៏​សំខាន់​បំផុត​របស់​គណបក្ស​ដែល​មាន​អំណាច​សម្រេច​លើ​កិច្ចការ​ រួម​និង​ផែន​ការ​នយោបាយរួមសម្រាប់​យក​ទៅ​អនុវត្ត​ ​គឺ​ខុស​ពី​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​គណបក្សដែល​មាន​តួនាទី​ធ្វើ​ការ​សម្រេច​កិច្ច​ការ​នយោបាយ​ចាំ​បាច់​ប្រចាំ​ថ្ងៃ។​ គណៈកម្មការ​អចិន្ត្រៃយ៍មាន​សមាជិក​សរុប​ចំនួន​៣៤​រូប​ ដែល​សុទ្ធ​សឹង​ជា​ថ្នាក់​ដឹកនាំ​កំពូល​ខ្ពស់​បំផុត​របស់​គណបក្ស។​

​យោង​តាមលោក​ឈាង​ វុន ​សមាជិក​ថ្មី​របស់​គណៈ​កម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​តំណាងរាស្ដ្រ​របស់​គណបក្ស​នេះ​ ឲ្យ​ដឹង​ថា​ ​ការ​បោះ​ឆ្នោត​បញ្ចូល​សមាជិក​គណៈកម្មាធិការ​ថ្មី​របស់​គណបក្ស​គឺ​ជា​ការ​កែ​ទម្រង់​ដឹក​នាំ​បក្ស​ដ៏​ចាំ​បាច់​មួយ។​

លោក​ ឈាង វុន ​ពន្យល់​ថា​ ​ការណ៍​នេះ​បង្ហាញ​អំពី​ការ​បញ្ចូល​សមាជិក​ថ្មី​ជា​ស្ដ្រី​យ៉ាង​ច្រើន​និង​កម្លាំង​ដឹកនាំ​ជា​យុវជន​ជំនាន់​ថ្មី​ច្រើន​ទៀត។​

សមាជិក​ថ្មី​ដែល​ជា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ​មាន​ចំនួន​សរុប​ជាង​៨០​នាក់។​

លោក​ ឈាង​ វុន ​លើក​ឡើង​ថា គោលការណ៍​នេះ​ជា​ការ​ផ្តោតការ​ផ្លាស់​ប្តូរ​ការ​ដឹក​នាំ​របស់​មនុស្ស​វ័យ​ចំណាស់​នៅ​ក្នុង​គណបក្ស​ និង​ដើម្បី​លើក​កម្ពស់ស្ត្រី​និង​យុវជន។​

«ដើម្បី​ត្រៀម​ចំពោះ​ការ​ដឹក​នាំ​លើក​ក្រោយ​ យើង​ត្រូវ​រៀប​ចំ​ធ្វើ​យ៉ាង​ណា​ឲ្យ​សម​ស្រប​ទៅ​តាមទំហំ ​ទៅ​តាម​មូល​ដ្ឋាន​នៃ​សន្លឹក​ឆ្នោត​ហ្នឹង។​ ​យើ​ង​ត្រូវ​រៀប​ចំឲ្យ​យុវជន​ដឹក​នាំ​ការងារ​បន្ត។​ ការងារ​ដែល​មាន​កាន់​តែ​ច្រើន​ទៅ។ ​រីឯ​ទី​២ ​យើង​ត្រូវ​ជំរុញ​បន្ថែម​ទៀត​ឲ្យ​លោក​មាន​ការ​រួម​ចំណែក​សម្រេច​លើ​វាសនា​ប្រទេស​ជាតិ»។

ប៉ុន្តែ​ការ​លើក​តម្កើង​ក្រុម​យុវជន​ហាក់​បី​ដូចជា​ស្តែង​ចេញ​ពី​សែ​ស្រឡាយ​របស់​មន្ត្រី​ដឹក​នាំ​ក្នុងជួរ​រដ្ឋា​ភិបាល​ ដែល​ហាក់​ដូច​ជា​ដើរ​បញ្ច្រាស​នឹង​ការ​ទទួល​ស្គាល់នូវ​ការ​បាត់​បង់​ប្រជា​ប្រិយ​ភាពនៃ​គណ​បក្ស​ប្រជាជន​កម្ពុជា។​ គណបក្ស​ប្រជាជនដែល​បាន​ទទួល​ស្គាល់​ថា​ ខ្លួន​ចុះ​ខ្សោយ​នូវការគាំទ្រពីម្ចាស់​ឆ្នោត​ ដោយសារ​ការ​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ ដោយសារ​អំពើ​ពុក​រលួយ ​បក្ខ​ពួក​និយម​ និង​ក្រុម​គ្រួសារ​និយម ​និង​ដោយសារ​ការ​ប្រើ​អំណាច​បំពាន ការ​បាត់​បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ ភាព​មិន​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ ​បញ្ហា​ដីធ្លី ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​បញ្ហា​ព្រំដែន​និង​អន្តោប្រវេសន៍ជាដើម។​

ក្រឡេក​មក​មើល​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​កណ្តាល​របស់គ​ណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​ក្រុម​យុវជន​នោះ​ មាន​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ចំនួន​បី​រូប ​គឺ​លោក​ ហ៊ុន ម៉ាណែត ​ដែល​ជា​ឧត្តមសេនីយ៍​ផ្កាយបីផ្នែក​យោធា​ លោក​ ហ៊ុន ម៉ានី ​ដែល​ជា​តំណាង​រាស្ត្រ ​និង​លោក​ហ៊ុន ម៉ានិត ​ដែល​ជា​នាយក​រង​ខុទ្ទ​កាល័យ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ​និង​ជា​ឧត្តមសេនីយ៍ត្រី​យោធា​ទទួល​បន្ទុក​ជា​អនុ​ប្រធាន​ផ្នែក​ចារកម្ម​យោធា។ ​បន្ថែមពី​នោះ ​មាន​លោក​ឧត្តម​សេនីយ៍​នគរបាលឌី វិជ្ជា ​ប្រធាន​យកដ្ឋាន​កណ្តាល​សន្តិ​សុខ​ក្រសួង​មហា​ផ្ទៃ​ជា​កូន​ប្រសារ​របស់​លោក​ហ៊ុន​ សែន​គឺ​ជា​ស្វាមី​របស់​លោក​ស្រី​ហ៊ុន ម៉ាណា ​ដែល​កាន់​កាប់​ជំនួញ​ធំៗ​មួយ​ចំនួន និង​ប្រព័ន្ធផ្សព្វផ្សាយ​ទូរទស្សន៍ ​និង​វិទ្យុ​និង​ជា​កូន​ប្រុស​របស់​លោក​ហុក ឡង់ឌី ​អតីត​អ្នក​កាន់​អំណាច​កំពូល​នគរ​បាល​ជាតិ។​

​បន្ទាប់​មក​មាន​កូន​លោក​ស ខេង ​ឧបនាយក​រដ្ឋ​មន្ត្រី ​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​គឺ​លោក​ស សុខា។ ​លោក​ស សុខា​ជា​តំណាង​រាស្ដ្រ​វ័យ​ក្មេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។​

ដោយ​សម្លឹង​មើល​រចនា​សម្ព័ន្ធ​នេះ ​លោក ​អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ដែល​ជាមជ្ឈ​មណ្ឌល​ស្រាវជ្រាវគោល​នយោបាយ​ និយាយ​ថា ​នេះ​ជា​នយោ​បាយ​មួយ​ដើម្បី​បន្សាប​អំណាចអ្នក​ដឹក​នាំ​ចាស់ៗ​ ដែល​មាន​ឥទ្ធិ​ពល ប៉ុន្តែ​វា​មាន​លក្ខណៈ​គ្រួសារ​និយម​ដែល​មិន​អាច​ប្រកែក​បាន។​

«កូន​អ្នក​ធម្មតា​អត់សូវមាន​ទេ​ ​ច្រើន​តែ​កូន​អ្នក​មាន​អំណាច​ស្រាប់ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ ​ពួក​ក្មេងៗ​អាច​គ្រាន់​បើ​ជា​ង​ចាស់ៗ។​ ពួក​គាត់​មាន​សមត្ថភាព ​ប៉ុន្តែ​នៅ​តែ​ជា​គ្រួសារ​និយម​ នៅ​តែ​ជា​បក្ខ​ពួក​និយម​ដដែល។ ​ការ​កែ​ទម្រង់នេះមើល​ទៅ​ហាក់​ដូច​ជា​ស្រដៀង​គណបក្ស​កុម្មុយ​និស្ត​ចិន។ ​តែ​វា​ហាក់​ដូច​ជា​នៅ​មាន​ភាព​វិជ្ជមាន​គ្រាន់​បើ»។​

លោក​ នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​មើល​ឃើញ​ថា​ វា​ជា​ការ​ប្រមូល​ផ្តុំ​អំណាច​នៅ​ក្នុង​គណបក្ស​ដែល​លោក​មិន​បាន​បញ្ជាក់​ចំៗ។ ​ប៉ុន្តែ​លោក​មិនបាន​វិនិច្ឆ័យ​ឃើញ​លក្ខណៈ​ក្រុម​គ្រួសារ​និង​បក្ខពួក​និយមបែប​ណា​នោះ​ទេ។​

«ទោះជា​យ៉ាង​ណា​ក៏​ដោយ​ វាជា​រូប​ភាពនៃ​ការ​មិន​ផ្តល់​ឱកាស​ដល់​អ្នក​ដទៃ​ទៀត​ដែរ»។​

លោក​ ឈាង វុន​ ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បក​ស្រាយ​មក​វិញ​ថា​ នេះ​ជា​ការ​លើក​តម្កើង​ផ្នែក​សមត្ថភាព​ក្រុម​យុវជន។​

«កូន​ថ្នាក់​ដឹក​នាំ​ដែល​បាន​ចូល​ក្នុង​គណៈ​កម្មាធិការ​កណ្តាល​នោះ​គឺ​ទី​១​គាត់​មាន​សមត្ថភាព​ ដូចជា​ឯកឧត្តម ​ហ៊ុន ម៉ានី ​ឯកឧត្តម ​ស សុខា ​គាត់​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​សមត្ថភាព»។​

ក្រុម​យុវ​ជន​កាន់​តែ​មាន​ចំនួន​កាន់​តែ​ច្រើន​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត។​ ហើយពួក​គេ​ទំនង​ជា​អ្នក​ដែល​បាន​កំណត់​ការ​ផ្លាស់​ប្តូរ​លទ្ធផល​បោះ​ឆ្នោត ​នៅ​ពេល​ដែលពួក​គេកាន់​តែ​បើក​ទូលាយ​ទៅ​រក​សង្គម​សេរី។​

នៅ​ក្នុង​ការ​សម្រេចរបស់​ខ្លួន​ក្នុង​មហា​សន្និបាត​វិសាមញ្ញ​លើក​នេះ ​គណបក្ស​ប្រជាជន​កម្ពុជាហាក់​ដូច​ជាបាន​ងាក​មក​ពិចារណា​លើ​យុទ្ធ​សាស្ត្រ​ដែលគណ​បក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើ​ប្រាស់ ​ហើយ​បាន​ច្បាម​យក​សំឡេងឆ្នោត​មួយ​ចំនួន​ធំ។ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ផែន​ការផ្តោត​លើ​ក្រុម​ពល​ករ ​កម្មករ​ឲ្យ​កាន់​តែ​ច្រើន​ និង​បង្កើន​ទិសដៅ​ទៅ​រក​មនុស្ស​វ័យ​ចំណាស់​និង​បញ្ហា​ផាសុខភាព​របស់​មនុស្ស​វ័យ​ចំណាស់​ទាំង​នេះ។ ​មនុស្ស​វ័យ​ចំណាស់​ដែល​គណបក្ស​ជំទាស់​ធ្លាប់​បាន​សន្យា​ថា ​នឹង​ផ្តល់​ជា​ប្រាក់​ខែ​ឲ្យ​ពួក​គេ​ក្នុង​មួយ​ខែ​ចំនួន​បួន​ម៉ឺន​រៀល​ ​ប្រសិន​បើ​ខ្លួន​ឡើង​កាន់​អំណាច។​

ក៏ប៉ុន្តែ​ដំណាល​គ្នា​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​លើក​តម្កើង​មន្ត្រី​ប្រដាប់​អាវុធ​មួយ​ចំនួន​ដែល​ទទួល​រង​ការ​រិះ​គន់​ពី​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​ជាតិ​ និង​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​អំពើ​ឃោរឃៅ​ ការ​រំលោភ​សិទ្ធិមនុស្ស​និងការ​បង្រ្កាប​ថ្មីៗ​ចុង​ក្រោយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ក្រោយ​ពី​ការ​បោះ​ឆ្នោត។​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បង្រ្កាប​នោះ​ មនុស្ស​ជិត​ដប់​នាក់​ត្រូវ​បាញ់​សម្លាប់​ដោយ​កង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ក្នុង​នោះ​មាន​ទាំង​កម្មកររោងចក្រ ​កម្មករ​ឯកជន​ និង​ឈ្មួញ​តាម​ចិញ្ចើម​ថ្នល់​ផង​ដែរ។ ​យុត្តិធម៌​សម្រាប់​ពួក​គេនៅ​ស្ថិត​ក្នុង​ភាព​ស្ងៀម​ស្ងាត់​នៅ​ឡើយ។​

មន្ត្រី​ប្រដាប់​អាវុធ​ដែល​ត្រូវ​លើក​តម្កើង​ក្នុង​ជួរ​ដឹក​នាំ​មជ្ឈឹម​របស់​បក្ស​ប្រជាជន​កម្ពុជា​នោះ​មាន​លោកឧត្តម​សេនីយ៍​ឯក​ជួន សុវណ្ណ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​លោក​ឧត្តម​សេនីយ៍​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​រ័ត្ន ស្រ៊ាង ​លោក​ប៉ា សុជា​តិវង្ស ​អភិបាល​រាជធានី​ភ្នំពេញ។ ​អតីត​មេបញ្ជាការ​នៃ​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​គឺ​លោក​ហ៊ុយ ពិសិដ្ឋ​ និង​លោក​ឧត្តម​សេនីយ៍​ហ៊ីង ប៊ុន​ហៀង​ មេបញ្ជាការ​កង​អង្គរក្ស​លោក​ហ៊ុន សែន ​លោក​ឧត្តមសេនីយ៍​ម៉ក់ ជីតូ ​អគ្គស្នងការ​រង​នគរបាល​ជាតិ ​និង​លោក​ឧត្តម​សេនីយ៍​គៀត ច័ន្ទថារិទ្ធ ​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ។ ​ក្រៅ​ពី​នោះ ​មានលោក​ឧត្តម​សេនីយ៍​ទៀ វិញ ​មេ​បញ្ជាការ​កង​ទ័ព​ជើងទឹក ​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​លោក​ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​ លោក​ឧត្តម​សេនីយ៍​ឯក​ឈុំ សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ ​និង​លោក​ឧត្តម​សេនីយ៍​ស្រី ឌឹក ​ជា​មេ​បញ្ជាការ​ប្រចាំ​ភូមិភាគ​៤​ តំបន់​ប្រាសាទ​ព្រះវិហារ។​

លោក ​នី ចរិយា ​យល់​ថា ​ការ​តែងតាំង​បែប​នេះ​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយ​ភាព​របស់​គណបក្ស​កាន់​អំណាច​ដែល​ធ្លាក់ចុះ​រួច​ទៅ​ហើយ​នោះ។​

«ថ្នាក់​ដឹក​នាំ​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​ល្បី​រន្ទឺ​ខាង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ហើយ​ត្រូវ​បាន​បញ្ចូល​ក្នុង​គណៈ​កម្មាធិការ​នេះ​ទៀត​ ធ្វើ​ឲ្យ​ការ​បញ្ចូល​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ទៅ​ដល់​មន្ត្រី​ទាំង​អស់​នោះ។ ​ដូច្នេះ​ប្រហែល​ជា​មិន​មាន​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​តាម​រយៈ​គណបក្ស​នោះ​បាន​ទេ»។​

ដំណាល​គ្នា​នេះ​ លោក ​អ៊ូ វីរៈ​ ​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​បញ្ចូល​កង​កម្លាំង​ប្រដាប់​អាវុធក្នុង​ជួរ​ដឹក​នាំ​ជាន់​ខ្ពស់​របស់​បក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។​ ម្យ៉ាង​វិញ​ទៀត​លោក​មើល​ឃើញ​ថា គណបក្ស​ប្រជាជនកម្ពុជា​នឹង​ប្រឈម​នឹង​គោល​ការណ៍​លុប​បំបាត់​និទណ្ឌភាព​ ឬភាព​ដែល​ប្រព្រឹត្ត​ខុស​ ប៉ុន្តែ​មិន​បាន​ទទួល​ទោស​ត្រឹម​ត្រូវ​តាម​ច្បាប់​ទេ។​

ឆ្លើយ​តប​ទៅ​នឹង​ការ​បក​ស្រាយ​ទាំង​នេះ​ លោក​ឈាង វុន ​សមាជិក​ថ្មី​របស់​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា ​នេះ​ជា​សិទ្ធិ​នយោបាយ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ​ហើយ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេស​ជឿនលឿន​ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក ​និង​នៅ​ប្រទេស​បារាំង​ក៏​មាន​ចំណែក​នៅ​ក្នុង​បក្ស​នយោបាយ​ដែរ៕