ពិធី​ដង្ហែ​ព្រះ​បរមសព​សម្តេច​ឪ​មាន​ការ​រៀបចំ​អឹកធឹក​​

ភ្នំពេញ​
នៅថ្ងៃ​សុក្រ​ស្អែក​នេះ ​ព្រះ​បរម​រតនៈកោដ្ឋ​របស់​សម្តេច​ឪ​នរោត្តម​សីហនុ​នឹង​ត្រូវ​ដង្ហែ​ចេញ​ពី​ព្រះ​បរម​រាជវាំង​ដើម្បី​យក​ទៅ​តម្កល់​ទុក​ក្នុង​វាល​ព្រះមេរុ​រយៈពេល​បី​ថ្ងៃ​មុន​នឹង​ធ្វើ​ព្រះ​រាជ​ពិធី​បូជា​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​នាពេល​ខាង​មុខ​នេះ។​
នៅ​ក្នុង​ពេល​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះបរម​រតនៈ​កោដ្ឋមាន​ក្រុម​សមត្ថ​កិច្ច​យ៉ាង​តិច​ប្រមាណ​១១.000​នាក់​គ្រោង​នឹង​ដាក់​ពង្រាយ​ដើម្បី​ការ​ពារ​សុវត្ថិភាព។​នេះ​បើតាម​ការ​បញ្ជាក់​ពីមន្ត្រី​រៀប​ចំពិធី​បុណ្យ​ព្រះ​បរម​សព។​

លោក​ញ៉ឹក ប៊ុនឆៃ​ អនុប្រធាន​គណៈកម្មការ​រៀប​ចំពិធី​បុណ្យ​ព្រះ​បរមសព​បាន​និយាយ​ថា​ កម្លាំងសមត្ថ​កិច្ច​ចម្រុះនឹងត្រូវដាក់​ពង្រាយ​នៅ​ជុំវិញ​បរិវេណ​ព្រះ​បរម​រាជ​វាំង​ និង​នៅ​តាម​វិថី​សំខាន់ៗ។​ លោក​បាន​និយាយ​ថា​ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​បិទ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតនៈ​កោដ្ឋ។​

«មាន​ការ​រៀប​ចំ​ដ៏​តឹង​រឹង ​និង​ហ្មត់ចត់​ណាស់​ រឿង​សន្តិសុខ​ ពីព្រោះ​យើង​មិន​ចង់​ឲ្យមាន​បញ្ហា​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ពិធី​បុណ្យ​ហ្នឹង​ទេ»។​

លោក​ឧត្តម​សេនីយ៍ឯក​ជួន សុវណ្ណ​ ស្នងការ​ប៉ូលិស​ ដែល​ទើប​ឡើង​កាន់​មុខ​តំណែង​ថ្មី​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​ទេ។​ លោក​បាន​អះអាង​ថា​ លោក​មិន​មែន​ជា​ជន​ជាប់​ចោទ​ដែល​ត្រូវ​សួរ​ចម្លើយ​ទេ។​

«មិន​មែន​មក​សួរ​ចម្លើយ​ខ្ញុំ​ដូច​អ្នក​ទោស​អញ្ចឹង​ទេ»។​

វីអូអេបានព្យាយាមទាក់​លោក​កែប ជុតិមា ​អភិបាល​ក្រុងភ្នំពេញ​ លោក​ឧត្តម​សេនីយ៍​ឯក​គាត ​ច័ន្ទថារិទ្ធ ​អ្នក​នាំពាក្យ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ ដើម្បី​សុំការ​បំភ្លឺ ​តែមិន​អាច​ធ្វើ​ទំនាក់​ទនង​បាន​ទេ។ ​ទូរស័ព្ទរបស់​លោក​ទទួល​ការហៅចូល​ហើយ​ តែគ្មាន​អ្នក​ទទួល។​

មុន​ពេល​ព្រះ​បរម​សព​របស់​សម្តេច​ឪ​នរោត្តម​សីហនុ​ដង្ហែ​ចេញ​ពី​ព្រះ​បរម​រាជ​វាំង ​វិថី​សំខាន់ៗ ​ដូច​ជា​វិថី​បក្សីចាំក្រុង ​សុធារស​ ព្រះ​សីហនុ​ និង​ព្រះ​នរោត្តម​ត្រូវ​បាន​បាញ់​ទឹក​លាង​សម្អាត ​ហើយ​ដើម​ឈើ​ និង​គែមចិញ្ចឹម​ថ្នល់​ត្រូវ​បាន​លាប​កំបោរ​ពណ៌​ស​ ព្រម​ទាំង​មាន​ការ​តុប​តែង​ព្រះ​ឆាយ​លក្ខណ៍​សម្តេច​ឪ​ផង។​

យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​ជាង​៤.០០០​នាក់​គ្រោង​នឹង​ចូល​រួម​ក្បួន​ដង្ហែ​និង​មាន​ការ​ចូលរួម​ពី​មហាជន​ជា​ច្រើន​ម៉ឺននាក់​ផ្សេង​ទៀត។​

នាយក​រដ្ឋមន្រី​ថៃ ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ស្តេច​ស៊ូលតង់​នៃ​ប្រទេស​ប្រ៊ុយណេ​ និង​មេដឹក​នាំ​សំខាន់ៗ​ក្នុង​ពិភព​លោក​មួយ​ចំនួន​គ្រោង​នឹង​មក​ចូល​រួម​នៅក្នុង​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​នេះ​ដែរ។​

សម្តេច​ឪ​នរោត្តម​សីហនុ​បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១២ ​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​ក្នុង​ព្រះ​ជន្ម​៨៩​យាង​ចូល​៩០​ព្រះ​វស្សា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។​

នៅ​មុន​ពេល​ការ​ដង្ហែ​ព្រះបរម​រតនៈ​កោដ្ឋចាប់​ផ្តើម ​រដ្ឋាភិបាល​កម្ពុជា​បាន​រៀប​ចំក្បួន​ដង្ហែ​សាកល្បង​ចំនួន​ពីរ​លើក​គឺ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ​និង​លើក​ចុង​ក្រោយ​បាន​ធ្វើ​ឡើង​នៅ​ពី​មុខ​ព្រះ​បរម​រាជវាំង​កាល​ពីចុង​សប្តាហ៍​មុន​នេះ។

ពិធី​ដង្ហែ​ព្រះ​បរម​រតនៈ​កោដ្ឋ​ និង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​គ្រោង​នឹង​បាញ់​កាំភ្លើង​១០៥​មីលីម៉ែត្រ​ដើម្បី​ចូល​រួម​ជួន​ព្រះ​រាជ​ដំណើរព្រះ​បរម​សព​សម្តេច​ឪ។​
យ៉ាង​តិច​មាន​មនុស្ស​ចំនួន​៩០​នាក់​នឹង​ធ្វើ​ពិធី​កោរ​សក់​ដើម្បី​បួស​ថ្វាយ​មុខ​ព្រះ​ភ្លើង​សម្តេច​ឪ។ ​អ្នកដែល​ត្រូវ​កោរ​សក់​មាន​ចំនួន​៦៩​រូប​ មកពី​តាម​បណ្តា​ខេត្ត​ទាំង​២៣​ ដែល​១១​រូប​មក​ពី​ទីក្រុង​ភ្នំពេញ​និង​ជា​សមាជិក​រាជ​វង្សានុវង្ស។​

ក្បួន​ដង្ហែ​នឹង​ត្រូវ​រៀបចំ​ជាផែនៗ​ ដោយ​មាន​ទង់​ជាតិ​ធំ​នាំមុខ​ ទង់ជាតិ​៩ ​ទង់​សាសនា​៩ ​និង​ទង់​ព្រះ​បរម​រាជវាំង​ចំនួន​៩​ ដោយ​មាន​ស្គរ​ធំ​ចំនួន​បី​ និង​គង​ជ័យ​ចំនួន​បី។
លោកលោក​គង់ សំអុល​ រដ្ឋមន្ត្រី​ព្រះ​បរម​រាជវាំង​ បាន​និយាយ​ថា​ ក្បួន​ដង្ហែ​ក៏​បាន​បង្ហាញនូវ​សក្ដានុពល​កម្លាំង​ទ័ព​ផង​ដែរ ​ដែល​រួម​មាន​កង​ត្រែ​ទ័ព​មួយ​ក្រុម​ កង​ព្រះរាជ​អង្គរក្ស​ចំនួន​៩០​រូប​ កងទ័ព​ជើងទឹក​ ​កងទ័ព​ជើងគោក ​និង​កងទ័ព​អាកាស​ មន្ត្រី​ប៉ូលិស​ កងរាជ​អាវុធហត្ថ​ ដែល​ក្នុង​មួយ​អង្គភាពៗ​មាន​មន្ត្រី​ចំនួន​៩០​រូប​ ហើយ​ឯក​សណ្ឋាន​ទៅ​តាម​អង្គភាព​និមួយៗ។

មេរុ​សម្រាប់​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បាន​សាង់​សង់​ជា​ស្ថាពរ​ហើយ​ ​ដោយ​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​១លាន​២សែន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពីដើមសប្តាហ៍​នេះ ​បាន​ចេញ​បទ​បញ្ជា​ផ្ទៃក្នុង​មួយ​ដោយ​តម្រូវ​ឲ្យអ្នក​ចូល​រួម​ព្រះ​បរម​សព​នៅ​ជុំវិញ​ព្រះបរម​រាជវាំង​ ត្រូវ​គោរព​វិន័យ​ឲ្យ​បាន​តឹងរឹង​និង​ប្រកប​ទៅដោយ​សេចក្តី​ថ្លៃ​ថ្នូរ មានសម្លៀក​បំពាក់​ឲ្យ​បាន​សមរម្យ​ ជៀសវាង​ខោខ្លី ​សំពត់​ខ្លី​ អាវ​ពណ៌​ឆើត​ឆាយ​និង​ត្រូវ​កាន់​សញ្ញា​មរណៈ​ទុក្ខ​ជាចាំបាច់​ ដែល​គណៈ​កម្មការ​រៀបចំ​បុណ្យ​ព្រះ​សព​ចែក​ជូន​ ដើម្បី​គោរព​និង​ការ​ចងចាំ​នៃ​ការ​សោយ​ទិវង្គត​របស់​សម្តេច​ឪ​នរោត្តម​សីហនុ។​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់ឲ្យប្រើប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​នូវ​ធនប័ត្រ​«ព្រះ​បរម​រតន​កោដ្ឋ»​ប្រភេទ​១០០០​រៀល​ជាផ្លូវ​ការ។
ក្រដាស​ប្រាក់​ប្រភេទថ្មី​នេះ​មាន​រូប​ព្រះភ័ក្រ្ត​សម្តេច​ឪ ​និង​មួយ​ចំហៀង​ទៀត​មាន​រូប​សញ្ញា​រាជ​ហង្ស​ដែល​បាន​តម្កល់​ព្រះ​មេឈូសា​សម្តេចឪ​ក្នុង​ខណៈ​ពេល​ដែល​ព្រះ​បរម​សព​សម្តេចឪ​បាន​ដង្ហែ​ចេញ​ពី​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​ឆ្ពោះ​ទៅ​ព្រះ​បរម​រាជវាំង៕​

ព័ត៌មានចុងក្រោយជា​រូបភាព​តាម Storify៖