ភ្នំពេញ៖ ពិធីកាន់ទុក្ខរយៈពេលបីខែ ព្រះរាជពិធីថ្វាយព្រះភ្លើង ដង្ហែព្រះអដ្ឋិនិងព្រះបរមកោដ្ឋបានបញ្ចប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក៏ប៉ុន្តែក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាហាក់ដូចជាដក់ជាប់នូវក្តីអាឡោះអាល័យនិងក្រៀបក្រំនៅពេលដែលពួកគេបានឃើញការដង្ហែព្រះអដ្ឋិចូលទៅកាន់ព្រះបរមរាជវាំង។
អ្នកស្រីកែន ធំ អាយុ៤៦ឆ្នាំស្នាក់នៅវត្តមហារាជ នៅខេត្តកំពង់ស្ពឺ មកគោរពព្រះបរមសពអតីតព្រះមហាក្សត្រតាំងពីថ្ងៃព្រះសពយាងមកពីក្រុងប៉េកាំងម្ល៉េះ។
អ្នកស្រីពោលទាំងអួលដើមកថា ថ្ងៃនេះជាថ្ងៃដ៏អាឡោះអាល័យបំផុតសម្រាប់អ្នកស្រីត្បិត អំណេះតទៅ អ្នកស្រីលែងបានជួបព្រះភ័ក្ត្រព្រះអង្គទៀតហើយ។
«មានអារម្មណ៍សោកស្តាយអញ្ចឹង ហើយចាស់ៗនាំគ្នាសូត្រធម្មទៅ យើងយំទៅយើងអត់បានសូត្រធម្ម សូត្រធម៌រូបំ ទុក្ខំ អនត្តា។ សូត្រឱ្យដល់លោក កុំឱ្យលោកមានអារម្មណ៍កើតទុក្ខ ឱ្យលោកបានសុខសប្បាយក្នុងឋានបរមសុខ»។
ព្រះបរមសពបានទទួលការថ្វាយព្រះភ្លើងកាលពីថ្ងៃទី៤ខែកុម្ភៈ ហើយព្រះអដ្ឋិត្រូវតម្កល់រយៈពេលបួនថ្ងៃនៅវាលព្រះមេរុមុននឹងដង្ហែចូលព្រះបរមរាជវាំងដាក់តម្កល់នៅព្រះទីនាំងមហាមន្ទីរនៅព្រឹកថ្ងៃនេះដោយមានព្រះសង្ឃចំនួន៩០អង្គសូត្រស្វាធ្យាយព្រះសត្នវប្បករណ៍ថ្វាយព្រះរាជកុសល។
កំពុងសំឡឹងមើលវាលព្រះមេរុ លោកហ៊ី យឿន មន្ត្រីចូលនិវត្តន៍ម្នាក់នៅរាជធានីភ្នំពេញ បានថ្លែងទាំងទឹកមុខស្ងួត។
«ចំពោះថ្ងៃចុងក្រោយនេះ យើងដូចជាមានការអាឡោះអាល័យចំពោះព្រះមហាវីរក្សត្រ ហើយពេលនេះជាពេលចុងក្រោយបង្អស់សម្រាប់រូបខ្ញុំផ្ទាល់ ដែលលែងបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គទៀតហើយ។ ហើយនេះជាច្បាប់ធម្មជាតិ ដូច្នេះមិនអាចជៀសវាងបានទេ ទោះបីយើងស្រឡាញ់ យើងអាណិតអាសូរ យើងគោរពព្រះអង្គយ៉ាងណាក៏ដោយ ក៏នៅតែបែកគ្នា»។
មានប្រជាពលរដ្ឋជាច្រើនពាន់នាក់បានមកសម្តែងគារវកិច្ចការដង្ហែព្រះអដ្ឋិចូលព្រះបរមរាជវាំង។ ក្បួនដង្ហែបានចេញពីព្រះមេរុរួចឆ្ពោះទៅកាន់វិថីព្រះស៊ីសុវត្ថិជាប់មាត់ទន្លេរួចបត់ចូលព្រះបរមរាជវាំងត្រង់ចំណុចព្រះអង្គដងកើ។ ព្រះអដ្ឋិត្រូវដាក់ក្នុងព្រះបរមកោដ្ឋចំនួនបីនៅលើព្រះទីនាំង។ ហើយព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានីនរោត្តម មុនីនាថសីហនុ ទ្រង់លើកព្រះហស្ថសំពះចំពោះព្រះអដ្ឋិរហូតក្នុងព្រះបរមរាជវាំង។
អ្នកស្រីលី ឆេងណៃ នៅរាជធានីភ្នំពេញដែលបានមកចូលរួមការដង្ហែព្រះអដ្ឋិព្រះបរមរតនកោដ្ឋកាលពីព្រឹកមិញដែរ តែត្រូវបានសមត្ថកិច្ចឃាត់មិនឱ្យចូល។
«ខ្ញុំនឹកស្រណោះសម្តេចឪ ជាប្រមុខរដ្ឋខ្មែរ។ ព្រះអង្គជាវីរក្សត្រដ៏ល្អ ជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនកូនចៅ។ គ្មានសត្វណាល្អជាងព្រះអង្គទេ តាំងពីខ្ញុំធំដឹងក្តីមក។ មានអារម្មណ៍ស្រណោះព្រះអង្គ ក្តុកក្តួលរន្ធត់ចិត្ត ពេលដែលបូជាព្រះអង្គហ្នឹងណា៎។ ប៉ុន្តែទោះបីជាយ៉ាងណា យើងមិនអាចតវ៉ានឹងមច្ចុរាជបាន សូមកុំឱ្យទាន់យកព្រះអង្គទៅនោះទេ។ ខ្ញុំមានតែការសោកស្តាយប៉ុណ្ណឹង។ ឲ្យតែនិយាយ យំទៀត ឥឡូវខ្ញុំ»។
ថ្វីបើព្រះរាជពិធីកាន់ទុក្ខព្រះបរមសពនិងដង្ហែព្រះអដ្ឋិបញ្ចប់នៅថ្ងៃនេះ ប្រជាពលរដ្ឋមួយចំនួននៅតែប្រមូលផ្តុំគ្នានៅពីមុខព្រះបរមរាជវាំងដើម្បីអុជធូប ទាននិងថ្វាយបង្គំនៅចំពោះព្រះឆាយាលក្ខណ៍របស់សម្តេចឪនរោត្តម សីហនុ៕