មន្ត្រី​សិទ្ធិ​មនុស្ស​ថ្កោល​ទោស​ការ​ពន្យារ​រឿង​ក្តី​សកម្មជន

Your browser doesn’t support HTML5

តុលាការ​ភ្នំពេញ​បន្ត​សវនាការ​សកម្មជន​សហជីព

ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣​បាន​បន្ត​អូស​បន្លាយ​រហូត​មក​ដល់​ខែ​ឧសភា​ឆ្នាំ​២០១៤ ​គឺ​នៅ​មុន​តែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​ពី​រយៈ​ពេល​មួយ​ឆ្នាំគត់​នៃការ​ជាប់​គាំង​នយោបាយ។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​មក​ដល់​ថ្ងៃ​ពុធ​នេះ​នៅ​មិន​ទាន់​បន្ទន់​ឥរិយាបទ​ចូល​រួម​តុ​ចរចា​ដើម្បី​ទម្លុះ​ទំលាយ​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​បាន​នៅ​ឡើយ។​

ក្រោយ​ពី​លទ្ធផល​បោះ​ឆ្នោត​ដែល​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ​ បាន​ទាត់​ចោល​នៅ​លទ្ធផល​ដែល​ចេញ​ដោយ​គជប។​

ក្រោយ​ពី​បាន​ទាត់​ចោល​លទ្ធផល​បោះ​ឆ្នោត​ ចលនា​មហា​បាតុកម្ម​បាន​ផ្ទុះ​ឡើង​ ហើយ​អ្វី​ដែល​សំខាន់​គឺ​ចលនា​មហា​បាតុកម្ម​ទាមទារ​តំឡើង​ប្រាក់​បៀវត្ស​របស់​ក្រុម​កម្មករ​ឲ្យ​បាន​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ក៏​បាន​ផ្ទុះ​ឡើង​ទន្ទឹម​គ្នា​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ។​

ដោយ​មិន​ទុក​សភាពការណ៍​មហាបាតុកម្ម​មិន​ឲ្យ​មាន​ភាព​ទុំជោរ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​បទពិសោធន៍​ក្នុង​ការ​ទប់​ស្កាត់​វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព ​បាន​បាញ់​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​នៅ​រោងចក្រ​យ៉ាកជីង​ សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ គល់​ស្ពាន​ក្បាល​ថ្នល់​ និង​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ។​

ក្រុម​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ យ៉ាង​តិច​មាន​មនុស្ស​ជិត​១០​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ បាញ់​ឲ្យ​រង​របួស​ជាច្រើន​នាក់​និង​ចាប់​ខ្លួន​២៣​នាក់។​

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​លើ​សំណុំ​រឿង​មេដឹក​នាំ​សហជីព​និង​ក្រុម​កម្មករ​សរុប​ទាំង​អស់​ចំនួន​២៣​នាក់។​

តុលាការ​បាន​បែង​ចែក​បន្ទប់​សវនាការ​ជា​បី​ផ្សេងៗ​គ្នា​ក្នុង​ពេល​តែ​មួយ​ គឺ​បន្ទប់​ សវនាការ​ទី​១​សម្រាប់កាត់​សេចក្តី​នៅ​រោង​ចក្រ​យ៉ាកជីង​ ​ដែល​មាន​ជន​ជាប់​ចោទ​លោក​ វន់​ ពៅ​ និង​ក្រុម​កម្មករ​ចំនួន​១០​នាក់។​ បន្ទប់​សវនាការ​ទី​២​សម្រាប់​កាត់​សេចក្តី​លើ​ករណី​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ មាន​ជន​ជាប់ចោទ​១៣​នាក់​និង​បន្ទប់​សវនាការ​ទី​៣​សម្រាប់​កាត់​សេចក្តី​នៅ​គល់​ស្ពាន​ស្ទឹង​មានជ័យ​មាន​ជន​ជាប់​ចោទ​២​នាក់។​

នៅ​ក្នុង​បន្ទប់​សវនាការ​ទាំង​បី​គឺ​មាន​តែ​បន្ទប់​សវនាការ​ទី​៣​មួយ​ប៉ុណ្ណោះ​បាន​បញ្ចប់​រឿង​ក្តី​ជា​ស្ថាពរ​ដោយ​រង់​ចាំ​ការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៣០​ខែ​ឧសភា។​ ដោយ​ឡែក​នៅ​ក្នុង​បន្ទប់​សវនាការ​ទី​១​និង​ទី​២ ​តុលាការ​មិន​ទាន់​បញ្ចប់​ដំណើរការ​សាក​សួរ​នៅ​ឡើយ។​

នៅ​ក្នុង​បន្ទប់​សវនាការ​ទីមួយ​ទើប​តែ​បាន​សាក​សួរ​ជនជាប់​ចោទ​៧​នាក់​ប៉ុណ្ណោះ។ នៅ​មាន​ជនជាប់​ចោទ​បី​នាក់​ទៀត​រាប់​ទាំង​លោក​ វន់ ពៅ​ និង​សាក្សី​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​និង​សាក្សី​ការពារ​ជន​ជាប់​ចោទ​ សាក្សី​ជា​កម្លាំង​មាន​សមត្ថកិច្ច​មិន​ទាន់​បាន​សាក​សួរ​នៅ​ឡើយ។​

សវនាការ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មេសា​ តែ​ត្រូវ​បាន​តុលាការ​បាន​លើក​ពេល​សវនាការ​មក​ថ្ងៃ​ទី​៦​ ហើយ​បន្ត​លើក​ពេល​បើក​សវនាការ​បន្ថែម​ទៀត​រហូត​ដល់​ថ្ងៃ​ទី​២០​ខែឧសភា។​

លោក​ ចាន់ សូវ៉េត​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្កការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថា ​យោង​តាម​ការ​អង្កេត​ក្នុង​ការ​កាត់​ក្តី​តុលាការ​ហាក់​បី​ដូច​ជា​មាន​ចេតនា​ចង់​ពន្យារ​ពេល​រឿង​ក្តី​នេះ។​

លោក​បាន​បញ្ជាក់​ថា​ ការ​ពន្យារ​ពេល​រឿង​ក្តី​នេះ​ម្តង​ហើយ​ម្តង​ទៀត​អាច​ពាក់​ព័ន្ធ​ក្នុង​រឿង​នយោបាយ​ ការ​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​បាន​អះអាង​ថា ​គណបក្ស​ប្រជាជន​បាន​ចាប់​យក​អ្នក​ទាំង​២៣​នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដើម្បី​ដាក់​សម្ពាធ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​និយាយ​ថា៖​ «យើង​គិត​ឲ្យ​ស៊ី​ជម្រៅ​ទៅ​លើ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស។​ អញ្ចឹង​ខ្ញុំ​គិត​ថា​រឿង​ក្តី​នេះ​ក៏​វា​អាច​ក្លាយ​ទៅ​ជា​ចំណុច​ស៊ីប​មួយ​ដែរ​ដែល​គណបក្ស​កាន់​អំណាច​យក​មក​ធ្វើ​ជា​ចំណុច​ដាក់​សម្ពាធ​ឲ្យ​គណបក្ស​នយោបាយ​មួយ​ទៀត​មាន​ការ​បាក់​មុខ។ ​ដូច​តួ​យ៉ាង​ដូច​ជា​មនុស្ស​ជាប់​ពន្ធនាគារ​ទាំង​អស់​ហ្នឹង​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ»។​

លោក​ កែ មុន្នី​ ប្រធាន​ចៅ​ក្រម​ជនុំ​ជម្រះ​រឿង​ក្តី​មេដឹកនាំ​សហជីព​និង​កម្មករ​នៅ​រោងចក្រ​យ៉ាកជីង​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ។​ ចំណែក​លោក​ សម​ ប្រជាមានិត​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​បដិសេធ​មិន​ធ្វើ​អត្ថធិប្បាយ​ដោយ​លោក​ចាត់​ទុក​ថា​ នេះ​ដែន​សមត្ថកិច្ច​របស់​តុលាការ។​

លោក​និយាយ​ថា៖ «ខ្ញុំ​មិន​ដឹង​យ៉ាង​ម៉េច​ពី​ព្រោះ​វា​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​តុលាការ​ កំពុង​ដំណើរការ​នីតិវិធី»។​

លោក ​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ទាត់​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។​

លោក​និយាយ​ថា៖ «ដូច្នេះ​បើ​យើង​មើល​ចៅក្រម​ជា​ជន​ខូច​ជា​ជន​ខុស​រួច​ស្រេច​ទៅ​ហើយ​ តើ​ទី​ណា​មួយ​ កន្លែង​ណា​មួយ​ ដែល​យើង​មាន​គំនិត​ថា ​ទុក​ឲ្យ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ»។​

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​អង្គ​សន្និសីទ​កាសែត​កាល​ពី​សប្តាហ៍​មុន​បាន​បញ្ជាក់​ថា ​មេដឹក​នាំ​សហជីព​និង​ក្រុម​កម្មករ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ ​គណបក្ស​និង​លើក​យក​មក​តុ​ចរចា​នៅ​ពេល​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​កំណត់​ពេល​ជួប​គ្នា៕