ក្រុមអង្គការសង្គមស៊ីវិលសមាគម និងបណ្តាញសហគមន៍ ជាង ៦០ បានអំពាវនាវឲ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលពួកគេលើកឡើងថា «មានលក្ខណៈរឹតត្បិត» និង «គាបសង្កត់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមសិទ្ធិមនុស្ស ចុះថ្ងៃទី១៣ ខែសីហា។
អង្គការទាំងនោះមានដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ សមាគមអាដហុក អង្គការអាកសិនអេដ វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ អង្គការតម្លាភាពកម្ពុជា អង្គការសមធម៌កម្ពុជា និងអង្គការលើកលែងទោសអន្តរជាតិជាដើម។
សេចក្តីថ្លែងការណ៍ឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះមានបទបញ្ញត្តិជាច្រើន ដែលមានវិសាលភាពទូលំទូលាយ ក្នុងការកំណត់បទល្មើសចំពោះសកម្មភាពស្របច្បាប់ប្រចាំថ្ងៃជាច្រើន ដែលនឹងរំលោភលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ខាងសមាគម ខាងការជួបជុំ និងសិទ្ធិមនុស្សផ្សេងៗទៀត។
បើតាមសង្គមស៊ីវិល សេចក្តីព្រាងច្បាប់នេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋ ដែលមានភាពលំបាកផ្នែកសេដ្ឋកិច្ច និងអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសារមានការចែងអំពីការហាមឃាត់ «ការតាំង ឬការលក់ដូរទំនិញបំពានលើទីសាធារណៈ គ្មានសណ្តាប់ធ្នាប់» និង «ការសុំទានគ្រប់រូបភាព»។
ពួកគេឲ្យដឹងទៀតថា មាត្រា៦ និងមាត្រា៣០ ក្នុងសេចក្តីព្រាងច្បាប់នេះ តម្រូវឲ្យមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន ទើបអាចប្រើប្រាស់ទីសាធារណៈ និងអនុញ្ញាតឲ្យអាជ្ញាធរបញ្ឈប់ព្រឹត្តិការណ៍ណាមួយ ប្រសិនបើពុំមានការអនុញ្ញាតពីសំណាក់អាជ្ញាធរ។
នៅពេលដែលសេចក្តីព្រាងច្បាប់នេះត្រូវបានចែករំលែកជាសាធារណៈ អ្នកធ្វើការលើសិទ្ធិស្រ្តីបានបង្ហាញក្តីបារម្ភអំពីការចែងអំពី «ការស្លៀកពាក់ខ្លីខើចលើខើចក្រោមនៅទីសាធារណៈ»។ បើតាមសង្គមស៊ីវិល ការចែងអំពីការស្លៀកពាក់នេះនាំឲ្យមានការរើសអើងលើស្រ្តី ដែលប្រឈម «ផ្នត់គំនិតយេនឌ័របែបអវិជ្ជមាន និងទស្សនៈឲ្យតម្លៃបុរសជាង ដែលបានចាក់ឫសក្នុងប្រពៃណីសង្គមជាយូរមកហើយ»។
អង្គការទាំងនោះបញ្ជាក់ថា៖ «ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត ច្បាប់នេះនឹងក្លាយជាច្បាប់ដែលមានលក្ខណៈគាបសង្កត់មួយផ្សេងទៀត នៅក្នុងក្របខណ្ឌច្បាប់ដែលប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ»។
ពួកគេបន្តថា៖ «យើងខ្ញុំមានក្តីបារម្ភយ៉ាងខ្លាំងចំពោះបទបញ្ញត្តិ ដែលមានអត្ថន័យទូលំទូលាយនិងមានលក្ខណៈបំពានជាច្រើន ក្នុងសេចក្តីព្រាងច្បាប់នេះដែលរំលោភលើកិច្ចការពារសិទ្ធិមនុស្សជាច្រើនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា...»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះ ដោយសារវាប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលពឹងផ្អែកការរកស៊ីតាមផ្លូវនិងប៉ះពាល់លើស្រ្តីផងដែរ ដោយសារមានការចែងអំពីការស្លៀកពាក់។
លោកស្រីថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា៖ «តើច្បាប់ហ្នឹងបម្រើផលប្រយោជន៍សាធារណៈ ឬក៏ផលប្រយោជន៍ក្នុងការគ្រប់គ្រង ឬក៏ត្រួតពិនិត្យទៅលើឥរិយាបថរបស់ពលរដ្ឋ?»
លោកស្រីបន្ថែមថា៖ «សំខាន់បំផុតច្បាប់ដែលកំពុងព្រាងនេះតាមខ្លឹមសារ ដែលយើងទទួលបានមានលក្ខណៈរឹតបន្តឹង ហើយវាជាដំណើរឈានច្រើនជំហានថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ ហើយនឹងមិនបានគោរពទៅតាមនិយាមនៃស្តង់ដារសិទ្ធិមនុស្សនោះទេ ហើយបង្កជាលក្ខណៈនៃការរើសអើង ជាការបែងចែកដល់សហគមន៍ ដែលគាត់ងាយរងគ្រោះ ឬក៏សហគមន៍ក្រីក្ ររួមទាំងអ្នកដែលគាត់មានពិការភាព ផ្នែកស្មារតីអីជាដើមហ្នឹង។ ហើយសំខាន់បំផុតមួយទៀត គឺប៉ះពាល់យ៉ាងខ្លាំងដល់ស្រ្តី កំហិតទៅលើសិទ្ធិស្រ្តីថែមទៀត»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ លោក អ៊ុក គីមលេខ មានប្រសាសន៍ថា នេះជាគោលគំនិតនៅឡើយទេ ហើយច្បាប់នេះធ្វើឡើងក្នុងគោលបំណងល្អ ដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងប្រទេស មិនមានលក្ខណៈរឹតត្បិតនោះទេ។
លោកថ្លែងប្រាប់ VOA ថា៖ «បើសិនជាមានអង្គការណាចង់ឲ្យទម្លាក់ចោល អាហ្នឹងជាសិទ្ធិរបស់គាត់ ព្រោះការរួមយោបល់ច្បាប់នេះ យើងធ្វើសណ្តាប់ធ្នាប់សាធារណៈ យើងចង់បានទាំងអស់គ្នា។ ខ្លះក៏ថាល្អ ខ្លះក៏ថាអាក្រក់។ ខ្លះក៏គាំទ្រខ្លះក៏មិនគាំទ្រទៅ។ អាហ្នឹងជារឿងធម្មតាទេ។ ខ្ញុំមិនខ្វល់ទេ»។
នៅពេលសួរថា តើសង្គមស៊ីវិលនឹងត្រូវបានអនុញ្ញាតឲ្យចូលរួមពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ ឬយ៉ាងណា រដ្ឋលេខាធិការដែលដឹកនាំការធ្វើសេចក្តីព្រាងច្បាប់នេះមានប្រសាសន៍ថា នេះអាស្រ័យលើថ្នាក់លើ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនហ៊ានថាទេ។ អាហ្នឹងជារឿងរបស់ថ្នាក់លើ»។
បើតាមលោក អ៊ុក គីមលេខ បច្ចុប្បន្ននេះក្រុមការងារកំពុងសុំយោបល់ពីមន្រ្តីនៅថ្នាក់ក្រោម រួមមានខេត្តស្រុកជាដើម។
លោកស្រី ចក់ សុភាព មានប្រសាសន៍ថា កន្លងមកនីតិវិធីនៃការតាក់តែងច្បាប់កង្វះខាតតម្លាភាព ដែលលោកស្រីថា ពុំមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដែលសាធារណជនអាចតាមដាននិងចូលរួមនោះទេ។
លោកស្រីបន្ថែមថា៖ «ការចូលរួមពិគ្រោះយោបល់ទៀតសោត ក៏មិនមានការរៀបចំឲ្យបានពេញលេញ ឬក៏មានអត្ថន័យដែរ។ ពេលខ្លះមានការរៀបចំ តែការដែលយកធាតុចូលអីហ្នឹង គឺមិនត្រូវបានពិចារណានោះទេ»។
បើតាមសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈនេះ បណ្ដាសកម្មភាពដែលត្រូវហាមឃាត់ក្នុងទីសាធារណៈ រួមមានការរស់នៅតាមចិញ្ចើមផ្លូវការសុំទាន ការវាយប្រតប់ឈ្លោះប្រកែកជេរប្រមាថគ្នាប្រព្រឹត្តអំពី« អាស» និង «សេពសន្ថវៈ» ការហាល ឬព្យួរសម្លៀកបំពាក់ ការបង្ហូរចោលកាកសំណល់ ការលក់ដូរនៅទីសាធារណៈដោយគ្មានច្បាប់អនុញ្ញាត និង «ការចារឹកអក្សរការគូរគំនូរ ការគូរនិមិត្តសញ្ញា ការបាញ់ថ្នាំ ការបិទផ្សាយព័ត៌មាន ឬការដាក់តាំងរូបភាព ដែលមានខ្លឹមសារប៉ះពាល់ដល់សោភ័ណភាពនៅទីសាធារណៈ»។
សេចក្ដីព្រាងច្បាប់ដដែលនេះ ក៏មានចែងផងដែរអំពីការរឹតត្បិតការប្រើឧបករណ៍បំពងសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ។ រាល់សំឡេងបង្កឲ្យឮខ្លាំង រំខានអ្នកដទៃត្រូវបញ្ឈប់ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល និងចាប់ពីម៉ោង ១០យប់ដល់ម៉ោង ៥ទៀបភ្លឺ។
សកម្មភាពហាមឃាត់ផ្សេងទៀត រួមមានការខាកស្តោះនៅតាមផ្លូវ ឬតាមទីសាធារណៈការបន្ទោបង់ក្រៅបង្គន់អនាម័យ ការចោលសំរាម ឬខ្មោចសត្វ ការដឹកជញ្ជូនសំរាមជ្រុះរាយប៉ាយតាមផ្លូវសាធារណៈ ការបូជាសព ឬបញ្ចុះសពនៅទីហាមឃាត់ ការសង់រោងការរោងបុណ្យ ឬរោងពិធីផ្សេងទៀតនៅទីសាធារណៈ ឬតាមដងផ្លូវដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ ចំណែកការជះទឹកបាញ់ទឹក ស្រោចទឹក ឬប៉ាតម្សៅនៅទីសាធារណៈ ក៏ត្រូវបានហាមឃាត់ដែរ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព មានប្រសាសន៍ថា សកម្មភាពខ្លះគ្រាន់តែជាការអនុវត្តបែបសីលធម៌ និងសុជីវធម៌ ដែលគ្រាន់តែជាការផ្សព្វផ្សាយនិងអប់រំតែប៉ុណ្ណោះ។
ទាក់ទងនឹងការដាក់ទោសទណ្ឌវិញ មាត្រា៤២ ចែងថា ជនណារារាំងបង្កឧបសគ្គធ្វើឲ្យរាំងស្ទះដល់ការអនុវត្តច្បាប់នេះដោយអាជ្ញាធរមានសមត្ថកិច្ច និងឬមន្រ្តីទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ ជននោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ថ្ងៃទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល៕