ប្រទេសកម្ពុជាបានសម្រេចអនុញ្ញាតឲ្យនាំចេញអង្ករសរបស់ខ្លួនឡើងវិញ ចាប់ពីសប្តាហ៍ក្រោយទៅ បន្ទាប់ពីបានផ្អាកការនាំចេញអង្ករប្រភេទនេះ អស់រយៈពេលជាង ១ខែកន្លងមក ដោយសារតែវិបត្តិកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចេញផ្សាយនៅថ្ងៃពុធទី១៣ ខែឧសភានេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាល សម្រេចផ្តល់ការអនុញ្ញាតឲ្យធ្វើការនាំចេញអង្ករសជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០តទៅ»។
កាលពីចុងខែមីនា រដ្ឋាភិបាលបានសម្រេចផ្អាកការនាំចេញស្រូវ និងអង្ករសរបស់កម្ពុជា ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក ក្នុងគ្រាដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងសកលលោក រួមទាំងនៅកម្ពុជាផងដែរ។
រហូតមកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩នេះសរុបចំនួន ១២២ នាក់ ប៉ុន្តែអាជ្ញាធរបានរាយការណ៍ថា ស្ទើរតែករណីទាំងអស់បានជាសះស្បើយឡើងវិញហើយ។
កម្ពុជានាំចេញអង្ករបានជាង ៣០ ម៉ឺនតោនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០ នេះ គឺកើនឡើងជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា៕