រដ្ឋាភិបាល​ត្រៀម​ថវិកា​៣ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​នឹង​លទ្ធភាព​នៃ​ការ​បាត់បង់ EBA

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើការ​ក្នុង​រោងចក្រ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៤។

ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​កម្ពុជា មុន​នឹង​សម្រេច​ថា​តើ​ត្រូវ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ ឬ​ក៏​យ៉ាង​ណា​នោះ ​រដ្ឋាភិបាល​បាន​ប្រមូល​ថវិកា​បំរុង​ទុក​ប្រមាណ​ ៣ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​លទ្ធភាព​នៃ​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ។

លោក ហាវ រតនៈ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ថវិកា បាន​ថ្លែង​កាល​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកា​ប្រមាណ ៣ ពាន់លាន​ដុល្លារ​អាមេរិក​រួច​ជា​ស្រេច ដើម្បីទប់ស្កាត់​ផល​ប៉ះពាល់​នានា ដែល​អាច​កើត​មាន​ឡើង ​ដោយសារ​លទ្ធភាព​នៃ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ «អ្វីៗ​គ្រប់យ៉ាង​លើក​លែង​តែ​សព្វាវុធ‍» ឬ Everything But Arms (EBA)។

លោក​ហាវ រតនៈ បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍៖ «ចំណូល​ដែល​រដ្ឋ​ទទួល​បាន​ពី​សារពើពន្ធ ​រដ្ឋ​មិន​បាន​ចាយ​ទាំង​អស់​ទេ ​រដ្ឋ​មាន​ប្រាក់​សន្សំ​ទុក​សម្រាប់​ដោះស្រាយ​វិបត្តិ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ ដូច​ដែល​នាយក​រដ្ឋ​មន្ត្រី​ធ្លាប់​លើក​ឡើង ហើយ​រដ្ឋ​ត្រៀម​ប្រមាណ ៣ពាន់​លាន​ដុល្លារ‍»។

ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ កម្ពុជា​ទទួល​បាន​ឋានៈអនុ​គ្រោះពន្ធ EBA ពី​សហភាព​អឺរ៉ុប ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ​ផលិត​ផល​ក្នុង​ស្រុក​របស់​ខ្លួន​ជា​ច្រើន​ប្រភេទ ទៅ​កាន់​ប្រទេស​នានា​នៅ​ទ្វីបអ៊ឺរ៉ុប​ដោយ​មិន​បាច់​បង់​ពន្ធ។ ក្នុង​មួយឆ្នាំៗ ឋានៈ​អនុគ្រោះ​ពន្ធ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​យ៉ាង​ហោច​ណាស់ ៦០០​លាន​ដុល្លារ​អាមេរិក។

ក៏​ប៉ុន្តែ ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​នៃ​សេរីភាពនយោបាយ​របស់​គណបក្ស​ប្រឆាំង ការ​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ជាពិសេស​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ បាន​ជំរុញ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប ពិចារណា​ថា​ត្រូវ​ព្យួរ​ឋានៈអនុគ្រោះ​ពន្ធ ដែល​កម្ពុជា​ទទួល​បាន ឬ​ក៏​យ៉ាងណា បើ​សិន​ជា​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ស្តារ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​មូលដ្ឋាន និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ប្រហែល​ពីរ​សប្តាហ៍​ខាង​មុខ​នេះ ពោល​គឺ​ត្រឹម​ថ្ងៃទី​១២ ខែធ្នូ ​រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​ធ្វើការ​ឆ្លើយតប​ទៅ​គណៈកម្មការ​សហភាព​អឺរ៉ុប​វិញ បន្ទាប់​ពី​គណៈកម្មការ​នេះ​បាន​ចេញ​របាយការណ៍​វាយ​តម្លៃ​របស់​ខ្លួន​លើ​ស្ថានភាព​សិទ្ធិមនុស្ស​និង​នយោបាយ​របស់​កម្ពុជា កាលពី​ខែ​វិច្ឆិកា​កន្លងទៅ​នេះ។

សមាគម​កាត់ដេរ សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​ក្រុមហ៊ុន​វិនិយោគ​ទុន​នៅ​កម្ពុជា​មួយ​ចំនួន បាន​ប៉ាន់​ស្មាន​នា​ពេល​កន្លង​មក​ថា ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ ​អាច​ប៉ះពាល់​ខ្លាំង​គួរ​សម​ដល់​សេដ្ឋកិច្ច​កម្ពុជា ដោយ​បណ្តាល​ឲ្យ​មាន​ការ​បាត់បង់​ការងារ​ធ្វើ​របស់​ពលរដ្ឋ​កម្ពុជា​យ៉ាងហោច​ណាស់ ៩​ម៉ឺន​នាក់ ហើយ​កម្ពុជា​នឹង​បាត់បង់​ចំណូល​ប្រមាណ ៦០០លាន​ដុល្លារ​អាមេរិក​ពី​ការ​នាំ​ចេញ​ទៅ​អឺរ៉ុប។

ស្រប​ពេល​ជាមួយ​គ្នា​នឹង​ការ​ត្រៀម​ថវិកា​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្កើន​កិច្ច​ខំ​ប្រឹងប្រែង​របស់​ខ្លួន ក្នុង​ការ​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ឬ Free Trade Agreement (FTA) ជាមួយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​នានា ដូចជា ចិន និង​កូរ៉េខាង​ត្បូង​ជា​ដើម ដែល​ការណ៍​នេះ​អាច​អនុញ្ញាត​ឲ្យ​កម្ពុជា​ទទួល​បាន​ទីផ្សារ​នាំ​ចេញ​ផលិតផល​ក្នុង​ស្រុក​របស់​ខ្លួន​បន្ថែម​ទៀត៕