ក្រសួងការបរទេសកម្ពុជាកំពុងស្វះស្វែងរកលទ្ធភាពដើម្បីឱ្យពលរដ្ឋខ្មែររាប់សែននាក់ដែលកំពុងធ្វើការនៅប្រទេសថៃបានបន្តនៅធ្វើការបន្ទាប់ពីឱសានវាទនៃការអនុញ្ញាតឱ្យសុំបន្តការស្នាក់នៅនិងធ្វើការបានផុតកំណត់កាលពីថ្ងៃអង្គារម្សិលមិញ។
លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់នៅក្នុងលិខិតផ្ញើជូនបណ្តាញសារព័ត៌មាននៅថ្ងៃពុធនេះថាលោករដ្ឋមន្ត្រីការបរទេសហោ ណាំហុងបានណែនាំឱ្យឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃ «ជួបធ្វើការជាបន្ទាន់ជាមួយក្រសួងការបរទេសនិងក្រសួងការងារថៃដើម្បីស្នើសុំពន្យាររពេលអនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅបណ្តោះអាសន្នរហូតដល់ដំណាច់ឆ្នាំ២០១៥នេះដើម្បីធ្វើលិខិតឆ្លងដែននិងបណ្ណការងារ»។
រដ្ឋាភិបាលថៃធ្លាប់បានពន្យារពេលពីថ្ងៃទី៣១ខែមិនារហូតដល់ថ្ងៃទី៣០ខែមិថុនាដោយទុកពេលឱ្យពលករមិនមានឯកសារមកសុំពន្យារពេលបណ្ណការងារចំនួនមួយឆ្នាំដែលក្នុងពេលនេះពួកគេត្រូវទៅធ្វើលិខិតឆ្លងដែនពីរដ្ឋាភិបាលគេរៀងៗខ្លួន។
យ៉ាងហោចណាស់មានពលករខ្មែរជាង១៣ម៉ឺននាក់អាចប្រឈមមុខនឹងបណ្តេញចេញ។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាននានាដោយដកស្រង់ប្រភពពីការិយាល័យគ្រប់គ្រងពលករបរទេស។ ការិយាល័យនេះទទួលចុះឈ្មោះពលករខ្មែរនិងក្រុមគ្រួសារជាង៧០ម៉ឺននាក់ក្នុងឆ្នាំកន្លងទៅ។
កាលពីឆ្នាំមុនរដ្ឋាភិបាលយោធាថៃបានធ្វើការបង្ក្រាបពលករខុសច្បាប់ក្នុងប្រទេសរបស់ខ្លួនដែលនាំឱ្យពលករខ្មែរជាង២២ម៉ឺននាក់បានចាកចេញដោយស្ម័គ្រចិត្តនិងខ្លះទៀតត្រូវអាជ្ញាធរថៃដឹកយកមកទម្លាក់ចោលនៅតាមព្រំដែន៕