ពលករ​ខ្មែរ​នៅ​ថៃ​២​នាក់​ទៀត​ដែល​ត្រឡប់​មក​កម្ពុជា​វិញ ឆ្លង​ជំងឺ​​កូវីដ​១៩

រូបឯកសារ៖ ស្ត្រីម្នាក់ពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យ​ដឹង​ថា​ពលករ​ខ្មែរ​ពីរនាក់​ទៀត ​ដែលបាន​ត្រឡប់​មកពីប្រទេស​ថៃ​វិញ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុបក្នុង​ចំណោម​ពលករ​ខ្មែរ​ ដែល​មក​ពី​ថៃ កើន​ដល់​ ២០ ​នាក់​ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​៧​ ខែ​មករា​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​ពលករទាំង​ពីរ​នាក់​ចុងក្រោយ​ដែល​ឆ្លង​ជំងឺ​នេះ ម្នាក់មាន​អាយុ​ ២៦ ​ឆ្នាំ​ រស់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ​បាន​ចូល​មក​កម្ពុជា​កាល​ពីថ្ងៃ​ទី​២ ខែ​មករា។ ចំណែក​ម្នាក់​ទៀត ​អាយុ​ ២៥ ​ឆ្នាំ រស់​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ចូល​មក​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា។

ចាប់​តាំង​ពី​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ថៃ​ជាង​២​សប្តាហ៍​ចុងក្រោយ​នេះ កម្ពុជា​ក៏​បាន​រាយការណ៍​ការ​ឆ្លង​ជំងឺ​នេះ​ជា​បន្ត​បន្ទាប់ ក្នុង​ចំណោម​ពលករ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ។

ក្នុង​ប្រទេស​ថៃ​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​សាធារណៈ​របស់​ប្រទេស​ថៃ ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែររស់​នៅ​ប្រទេស​ថៃ​ចំនួន​ ១៥៣ ​នាក់ មាន​ផ្ទុក​វីរុស​កូវីដ​១៩​នេះ គិត​ត្រឹមល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មករា​នេះ ដែលកើនឡើងប្រមាណ ៥០នាក់ ប្រៀបធៀបកាលពីថ្ងៃពុធ។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា លោកស្រី ឱ វណ្ណឌីន ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា​លោកស្រី​មិន​ទាន់មាន​ព័ត៌មាន​ទាក់​ទង​នឹង​ចំនួន​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​ដែល​ឆ្លង​ជំងឺ​នេះ​ទេ។

ស្ថាន​ទូត​ថៃ​ប្រចាំ​នៅរាជធានីភ្នំពេញ បាន​ប្រាប់​ VOA​ តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ចំនួន​អ្នក​ឆ្លង​បាន​ផ្លាស់​ប្តូរ​ជា​បន្ត​បន្ទាប់ ហើយ​ទិន្នន័យ​ត្រូវ​បានផ្សព្វផ្សាយនៅ​លើវេបសាយ​របស់​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​នៃ​ក្រសួង​សុខាភិបាល​សាធារណៈ​របស់​ថៃ។

ស្ថាន​ទូត​បន្ត​ថា​ រដ្ឋាភិបាល​ថៃលើក​ទឹក​ចិត្ត​ពលករ​ទាំង​អស់​មិន​ឲ្យ​ផ្លាស់ទីក្នុង​ពេល​នេះ ខណៈ​ថៃ​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ដើម្បី​សម្របសម្រួល​ជា​បណ្តោះ​អាសន្ន​ឲ្យ​ពលករបរទេស ​អាច​ធ្វើការ​នៅ​ប្រទេស​ថៃ​បានរហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ស្ថានទូត​ថៃបញ្ជាក់​ថា៖ «យើង​ស្នើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ក្នុង​ប្រទេស​ថៃ ​បន្ត​ទាក់ទង​ជាមួយ​ស្ថានទូត​កម្ពុជា​ក្នុង​ទីក្រុង​បាង​កក ហើយ​តាម​ដាន​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​ឲ្យ​បាន​ដិត​ដល់ពី​ប្រភព​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន ក៏​ដូច​ជា​អនុវត្ត​នូវ​វិធានការ​បង្ការ ដូចជា​ពាក់​ម៉ាស់ យក​ចិត្ត​ទុក​ដាក់​អនាម័យ​របស់​ពួកគេ និង​ជៀសវាង​សកម្មភាព​ដែល​បង្ក​គ្រោះ​ថ្នាក់​ខ្ពស់​[នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩]»។

ស្ថាន​ទូត​ថៃ​ឲ្យ​ដឹង​ទៀត​ថា ​រដ្ឋាភិបាល​ថៃ​ក៏​បាន​ផ្តល់ជំនួយ​និង​មើល​ថែផ្នែក​សុខភាព​ដល់​ពលករ​ទាំង​អស់ ក៏​ដូច​ជា​ប្រជាជន​ថៃ ហើយ​អ្នក​ដែល​មានវិជ្ជមានជំងឺ​កូវីដ​១៩ ត្រូវ​បាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ផ្សេងៗ​គ្នា។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ស្ថានទូត​កម្ពុជា​កំពុង​ផ្ទៀងផ្ទាត់​ករណី​នេះ​ជាមួយ​អាជ្ញាធរ​ថៃ។

លោក​មាន​ប្រសាសន៍​ថា៖ «អាជ្ញាធរ​នឹង​ព្យាបាល​ពលករ​បរទេស​ទាំងអស់​ ដោយ​ឥតគិតថ្លៃ​ដូច​ប្រជាជន​ថៃ​ដែរ។ ស្ថានទូត​កំពុង​យក​ចិត្ត​ទុក​ដាក់​បំផុត​ដល់​ពលករ​ខ្មែរ​ទាំងអស់ ​ដែល​កំពុង​ស្ថិត​នៅប្រទេស​ថៃ​ផង​ដែរ»។​

គិត​ត្រឹម​ថ្ងៃទី​៥ ​ខែ​មករា​ អាជ្ញាធរ​ខ្មែរ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ពលករ​ខ្មែរ​សរុប​ជាង ​៥​ពាន់​នាក់​ បាន​ចូល​មក​កម្ពុជា ក្នុង​រយៈ​ពេល ​២ ​សប្តាហ៍​ចុង​ក្រោយ​នេះ ខណៈ​ប្រទេស​ថៃ​កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩។

រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ​បន្ត​ស្នាក់​នៅ​ទី​នោះ​តទៅទៀត​ និង​អនុវត្ត​តាម​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​របស់​អាជ្ញាធរ​ថៃ ទោះ​បី​ជា​ពលករ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​និង​ចង់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក៏​ដោយ៕