ក្រសួងសុខាភិបាលបានឲ្យដឹងថាកម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៤៩នាក់ បន្ថែមទៀត គិតត្រឹមថ្ងៃទី៩ ខែមីនានេះ ដែលជាករណីឆ្លងខ្ពស់ជាងគេ ចាប់តាំងពីផ្ទុះឆ្លងសហគមន៍កាលពីថ្ងៃទី២០ ខែកុម្ភៈមក។ ការរកឃើញករណីឆ្លងថ្មីនេះ នាំឲ្យរដ្ឋាភិបាលដាក់ចេញវិធានការបន្ថែមទៀត ដើម្បីទប់ទល់នឹងការឆ្លងជំងឺនៅក្នុងសហគមន៍ ខណៈមានការព្រួយបារម្ភអំពីផលប៉ះពាល់លើសេដ្ឋកិច្ចក្នុងប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃច័ន្ទ បានបញ្ចេញសារមួយ ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ១៩ ដែលរកឃើញជិត៥០ករណី ដែលក្នុងនោះមានឆ្លងក្នុងចំណោមមន្ត្រីនគរបាល មន្ត្រីរាជការ និងសិល្បករផងដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «ថ្ងៃនេះសភាពការណ៍នៅក្នុងប្រទេសយើង ពិតជាមិនធម្មតា ដែលរហូតមកដល់ម៉ោងនេះ ការរកឃើញនូវកូវីដ១៩ ចំនួនអ្នកឆ្លងថ្មី រហូតទៅដល់៤៩នាក់ គិតតែនៅក្នុងខេត្ត នៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងមកពីខេត្តព្រៃវែង និងមានផ្នែកខ្លះនៅក្នុងខេត្តកណ្តាលតែប៉ុណ្ណោះ»។
នៅក្នុងសារពិសេសខាងលើ លោក ហ៊ុន សែន តម្រូវឲ្យមន្ត្រីរាជការស៊ីវិលយ៉ាងហោចណាស់៩០% ធ្វើការងារពីផ្ទះ ក្នុងរយៈពេលយ៉ាងតិច៧ថ្ងៃ ដោយរង់ចាំមើលសភាពការណ៍បន្តទៀត។ លោកក៏បានស្នើទៅកាន់ស្ថាប័នឯកជនឲ្យកាត់បន្ថយបុគ្គលិក និងបែងចែកផ្លាស់វេនគ្នា ដើម្បីកាត់បន្ថយចំនួនបុគ្គលិកនៅកន្លែងធ្វើការ និងការកកស្ទះតាមដងផ្លូវ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្នើឲ្យព្រឹទ្ធសភាអនុម័តឲ្យបានឆាប់នូវច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលរដ្ឋសភាបានអនុម័តកាលពីសប្តាហ៍មុន។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរិះគន់ថាដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នករំលោភបំពាន ដែលមានរហូតដល់២០ឆ្នាំផងដែរ។
កម្ពុជាមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៥៤៩នាក់ គិតត្រឹមថ្ងៃអង្គារនេះ។ ការឆ្លងនេះបានរាលដាលដល់បណ្តាខេត្តផ្សេងៗ។
ចំនួនកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ នាំឲ្យមានការបិទសកម្មភាពសេដ្ឋកិច្ចនិងកន្លែងកម្សាន្តមួយចំនួននៅក្នុងប្រទេស ស្របពេលមានការរឹតត្បិតការធ្វើដំណើរចេញពីខេត្តព្រះសីហនុ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ប្រាប់VOAថាវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩រួចស្រាប់ទៅហើយ នឹងកាន់តែធ្លាក់ចុះដុនដាបបន្ថែមទៀត ពីព្រោះតែការបាត់បង់ការងារ និងការថយចុះចំនួនភ្ញៀវទេសចរ ដោយសារការឆ្លងសហគមន៍ ដោយមិនទាន់ដឹងប្រភពនេះ។
លោកស្រីថ្លែងថា៖ «ដោយមានការរីករាលដាលបន្ថែមទៀតអញ្ចឹង កាន់តែធ្ងន់ធ្ងរទៅៗអញ្ចឹង យើងក្រឡេកមើលវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍វិញ យើងកាន់តែដុនដាបទៅថែមទៀតហើយ។ កន្លងមក យ៉ាងហោចណាស់មិនមានការរីករាលដាលអ្វី ក៏យើងអាចជំរុញទេសចរណ៍ក្នុងស្រុកបាន។ ទេសចរណ៍ក្នុងស្រុកអាចជួយបានអញ្ចឹងទៅណា។ ស្ថានការណ៍កាន់តែអាក្រក់ទៅដែលយើងមិនអាចធ្វើការងារបាន ហើយក៏មានការហាមឃាត់នៅក្នុងការចេញដើរហើយទៀត»។
ស្របពេលដូចគ្នានេះដែរ លោកស្រីក៏បានអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការជួយជ្រោមជ្រែងវិស័យទេសចរណ៍បន្ថែមទៀត ក្នុងស្ថានភាពដ៏លំបាកមួយនេះ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថាបញ្ហាចោទបង្កឡើងដោយការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍សាជាថ្មីនេះ គឺជីវភាពរបស់ពលរដ្ឋនិងសេដ្ឋកិច្ច។
លោកបានមានប្រសាសន៍ថា៖ «ហើយដែលរឿងដែលធំគឺរបររកស៊ីរបស់គាត់ ដែលមិនអាចប្រកបរបររកស៊ីបាន ជាពិសេសពាក់ព័ន្ធនឹងការធ្វើជំនួញតូចតាចនឹងគ្នា លក់ដូរកំប៉ិកកំប៉ុក។ កាលណាអត់មានចលនាមនុស្ស អត់មានអ្នកទិញហើយបាទ»។
ពាក់ព័ន្ធនឹងការវិធានការប្រឆាំងនឹងជំងឺកូវីដ១៩ ស្នើឡើងដោយរដ្ឋាភិបាលចំពោះវិស័យឯកជន លោក យង់ គិមអេង បានលើកឡើងថាលោកនឹងពិចារណាឲ្យក្រុមការងារនៃមជ្ឈមណ្ឌលរបស់លោកធ្វើការពីផ្ទះ ប្រសិនបើស្ថានភាពឆ្លងជំងឺកូវីដ១៩ កាន់តែអាក្រក់ជាងនេះ៕