មន្រ្តី​សុខាភិបាល៖ ​ក្នុង​ឆ្នាំ២០១៦​ជំងឺ​គ្រុន​ចាញ់​សម្លាប់​មនុស្ស​ម្នាក់

បើ​ទោះ​បី​ជា​ករណី​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ក៏​ដោយតំបន់​នៅ​ភាគ​ខាង​ឦសាន​ប្រទេស​ ជា​ពិសេស​តំបន់​ព្រៃឈើ​នៅ​ជាប់​ព្រំដែន​វៀតណាម​ ឡាវ​ និង ​ថៃ នៅ​តែ​ជា​តំបន់​គ្រោះថ្នាក់​នៃ​ជំងឺ​គ្រុន​ចាញ់។

ករណី​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនចាញ់​បាន​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់។ ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់។ ករណី​ស្លាប់​នេះ​ធ្លាក់​ចុះ​យ៉ាង​គំហ៊ុក​ពី​ឆ្នាំ​២០១៥​ដែល​ មាន​ករណី​ស្លាប់​១០​ករណី។​

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ក្នុង​២០១៦​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនចាញ់។ ចំនួន​នៃ​អ្នក​ស្លាប់​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥​ដែល​មាន​មនុស្ស​ស្លាប់​ទៅ​ដល់​១០​នាក់។

ករណី​ជំងឺ​គ្រុន​ចាញ់​បាន​ធ្លាក់​ចុះ​ប្រមាណ​៥៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៦ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៥​ដែល​មាន​៥១.២៦២​ករណី។ ករណី​នេះ​ធ្លាក់​មក​ត្រឹម ​២៤.២៣៧​ករណី ក្នុង​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​នាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ ​ប៉ារ៉ាស៊ីតសាស្ត្រ​និង​បាណកសាស្ត្រ លោក​វេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល។

លោក​បន្ថែម​ថា ​មាន​ករណី​ស្លាប់​តែ​មួយ​ករណី​ក្នុង​ឆ្នាំ​២០១៦​នេះ​ ជា​ករណី​ឆ្លង​ពី​ប្រទេស​ថៃ​ហើយ​អ្នក​ជំងឺ​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​មាន​ប្រសាសន៍​ប្រាប់ VOA ថា៖

«ករណី​ហ្នឹង​ជា​ករណី​មក​ពី​ស្រុក​ថៃ​ ចូល​មក​ដល់​មន្ទីរពេទ្យ​យើង​បាន​ប្រហែល​៤០​នាទី​ទេ​ស្លាប់។អ្នក​ជំងឺ​ហ្នឹង​វា​ឈឺ​ធ្ងន់ធ្ងរ​ហើយ​ ដឹក​ពី​ស្រុក​គេ​មក ​ដូច​ដឹក​មក​ស្លាប់​អញ្ចឹង»។

លោក​មិន​មាន​ព័ត៌មាន​ពី​អត្តសញ្ញាណ​របស់​អ្នក​ជំងឺ​ដែល​ស្លាប់​នោះ​ទេ។

អត្រា​អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ។ (ប្រភព៖ ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ ​ប៉ារ៉ាស៊ីតសាស្ត្រ​និង​បាណកសាស្ត្រ)

លោក ហ៊ុយ រ៉េកុល បាន​បញ្ជាក់​ថា ​ទិន្នន័យ​នេះ​ត្រូវ​បាន​ប្រមូល​ពី​សេវា​សុខភាព​ទាំង​អស់​ទាំង​ផ្នែក​រដ្ឋ ​និង​ឯកជន តាម​រយៈ​ប្រព័ន្ធ​តាមដាន​អង្កេត​ថ្នាក់​ជាតិ​ដែល​មាន​ទៅ​ដល់​តំបន់​ឆ្ងាយៗ។

លោក​បញ្ជាក់​ថា៖

«គេ​មាន​ប្រព័ន្ធ​តាម​ដាន​ជំងឺ​របស់​គេ​ អញ្ចឹង​ប្រព័ន្ធ​គេ​តាម​ដាន​ហ្នឹង​ គេ​ធ្វើ​គេ​មាន​បណ្តាញ​គេគេ​ធ្វើ​ពី​ណា​ពី​ណី​មក គេ​ធ្វើ​អញ្ចឹង​រហូត​មក​ហើយ។ប្រព័ន្ធ​គេ​មាន​បណ្តាញ​រហូត​ដល់​ភូមិ»។

ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​គ្រុនចាញ់​បាន​ឲ្យ​ដឹង​ថា​ ​ឆ្នាំ​២០១៤ ករណី​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនចាញ់​មាន​១៨​ករណី​ ឆ្នាំ២០១៣ មាន​១២​ករណីឆ្នាំ​២០១២ មាន​៤៥​ករណី​និង​ឆ្នាំ​២០១១ ​មាន​៩២​ករណី។ កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ៨០​និង​៩០ ករណី​ជំងឺ​គ្រុនចាញ់​ប្រចាំ​ឆ្នាំមាន​ប្រមាណ​ជា​១៣​ម៉ឺន​ករណី​និង​ករណី​ស្លាប់​មាន​ពី​៧០០​ករណី ​ទៅ​៨០០​ករណី​ក្នុង​មួយ​ឆ្នាំៗ។ ក្នុង​ឆ្នាំ​២០០០​ដល់២០១០ ករណី​ជំងឺ​គ្រុនចាញ់ប្រចាំ​ឆ្នាំ​មាន​ប្រមាណ​៩.២២១៣ ​ករណី​ និង​ករណី​ស្លាប់​ប្រមាណ​ជា ​៣៥៧​នាក់​ក្នុង​មួយ​ឆ្នាំៗ។

លោក ហ៊ុយ រ៉េកុល បាន​បញ្ជាក់​ថា ​ការ​ធ្លាក់​ចុះ​នៃ​ករណី​ស្លាប់​ដោយជំងឺ​គ្រុនចាញ់​ក្នុង​ឆ្នាំ​២០១៦​នេះ ​ ដោយ​សារ​មាន​ការ​តាម​ដាន​ទៀង​ទាត់​នៃ​ជំងឺ​គ្រុនចាញ់​និង​ការ​ព្យាបាល​ត្រឹមត្រូវ ​និង​មាន​ប្រសិទ្ធភាព រួម​មាន​ការ​ផ្លាស់​ប្តូរ​ថ្នាំ​ទៀង​ទាត់​ រៀង​រាល់​៣​ទៅ​៥​ឆ្នាំ​ម្តង។

កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​បាន​ផ្លាស់​ប្តូរ​ពី​ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ពី​ (DHA)-piperaquine (PP) ទៅ​ Artesunate plus Mefloquine(ASMQ)។

លោក ហ៊ុយ រ៉េកុល មាន​ប្រសាសន៍​ថា៖

«យុទ្ធសាស្រ្ត​ជាតិ​យើង​ យើង​មាន​យុទ្ធសាស្រ្ត​មួយ​សិក្សា​ស្រាវជ្រាវ​ អញ្ចឹង​សិក្សា​ស្រាវជ្រាវ យើង​បាន​សិក្សា​មេរោគ​គ្រុនចាញ់​ហើយ​និង​ភាព​បន្សាំ​ថ្នាំ​គ្រុន​ចាញ់។ អញ្ចឹង​ហើយ​បាន​ជា​ប្រទេស​ខ្មែរ​យើង ឆ្នាំ​មុន​ យើង​ដូរ​ថ្នាំ ដូរ​ថ្នាំ​មក​ប្រើ​ប្រភេទ​ថ្នាំ​ថ្មី​ទាន់​ពេលវេលា​ រហូត​ដល់​យើង​រក្សា​បាន​ ធានា​បាន​នូវ​អត្រា​ស្លាប់​មិន​ឲ្យ​កើត​មាន»។

អនុ​ប្រធាន​ផ្នែក​ជំងឺ​គ្រុនចាញ់ និង​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លោក​បណ្ឌិត Benoit Witkowski បាន​មាន​ប្រសាសន៍​ថា​ «ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​អាច​គួរ​ឲ្យ​ជឿ​បាន»។

លោក​បាន​បញ្ជាក់ប្រាប់ VOA ថា «វា​ជា​ជំហាន​វិជ្ជមាន​មួយ» តាម​រយៈ​ការ​ផ្តល់​ការ​ព្យាបាល​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ ការ​ធ្វើ​រោគ​វិនិច្ឆ័យ ការ​ព្យាបាល​ទាន់​ពេល​វេលា​ និង​ការ​ការពារ​កុំ​ឲ្យ​មូស​ខាំ។

លោក Yves Bourny នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​មិន​រក​កម្រៃ​ឈ្មោះ Malaria Consortium Cambodia មាន​ប្រសាសន៍​ថា ​មិន​មាន​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនចាញ់​ក្នុង​ខេត្ត​ដែល​ជា​គោលដៅ​ផ្តោត​របស់​លោក​ ដែល​រួម​មាន​ខេត្ត​ ប៉ៃលិន ស្ទឹងត្រែង​ រតនគិរី​ និង ខេត្ត​ព្រះវិហារ។

ទាក់ទង​នឹង​ការ​ធ្លាក់​ចុះ​ករណី​ស្លាប់​នៃ​ជំងឺ​គ្រុនចាញ់​នេះ លោក​បញ្ជាក់​ថា៖

«វា​ជា​សញ្ញា​ល្អ​ណាស់ បើ​ទោះ​ជា​នៅ​តែ​មាន​កន្លែង​មួយ​ចំនួន​ មាន​ករណី​ជំងឺ​គ្រុន​ចាញ់​ច្រើន»។

លោក​បន្ថែម​ថា ​កម្មវិធី​គ្រប់គ្រង​ជំងឺ​គ្រុនចាញ់​របស់​រដ្ឋាភិបាល​បាន​ដើរ​ជំហាន​កាន់​តែ​ធំ​ក្នុង​ការ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

បើ​ទោះ​បី​ជា​ករណី​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ក៏​ដោយតំបន់​នៅ​ភាគ​ខាង​ឦសាន​ប្រទេស​ ជា​ពិសេស​តំបន់​ព្រៃឈើ​នៅ​ជាប់​ព្រំដែន​វៀតណាម​ ឡាវ​ និង ​ថៃ នៅ​តែ​ជា​តំបន់​គ្រោះថ្នាក់​នៃ​ជំងឺ​គ្រុន​ចាញ់។

លោក Yves Bourny មាន​ប្រសាសន៍​ថា​ ការ​ពង្រីក​ការ​ព្យាបាល​ទៅតំបន់​ដាច់​ស្រយាល​ ការ​ព្យាបាល​សម្រាប់​ជន​ចំណាក​ស្រុក​និង​ប្រជាជន​ដែល​ផ្លាស់ប្តូរ​ទីលំនៅ​ ជា​ពិសេស​អ្នក​ឆ្លង​ព្រំដែន​ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ។

កាល​ពី​ដើម​ខែ​មករា ឆ្នាំ២០១៦ កម្ពុជា​បាន​ចាប់​ផ្តើម​ដាក់​ឲ្យ​អនុវត្ត​ផែនការ​រយៈ​ពេល​៥​ឆ្នាំ ​(២០១៦-២០២០)។​ ផែនការ​នេះ ​មាន​គោលដៅ​លុប​បំបាត់​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់។ ​កម្ពុជា​ក៏​បាន​ដាក់​យុទ្ធសាស្រ្ត​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ឲ្យ​បាន​ទាំង​ស្រុង​នៅ​ត្រឹម​ឆ្នាំ​២០២៥។ អង្គការ​សុខភាព​ពិភពលោក​បាន​ដាក់​គោលដៅ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ​២០៣០។

បើ​តាម​ផែនការ​នោះកម្ពុជា​គ្រោង​នឹង​ដាក់​យ៉ាង​តិច​ភ្នាក់ងារ​ម្នាក់ ដើម្បី​ធ្វើ​ការ​លើ​ជំងឺ​គ្រុនចាញ់​នៅ​តាម​ភូមិ​នីមួយៗ​ រួម​បញ្ចូល​ទាំង​តំបន់​ឆ្លង​កាត់​ព្រំដែន​ដែល​ជាតំបន់​គ្រោះ​ថ្នាក់​នៃ​ជំងឺ​គ្រុនចាញ់៕