ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រនៃក្រសួងសុខាភិបាលកម្ពុជា ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបញ្ហាគ្រួសារនិយមនិងការប្រើប្រាស់មូលនិធិជំនួយ មិនត្រឹមត្រូវ។
តំណាងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្តនិងបាណកសាស្ត្រ បានចោទប្រកាន់ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិនេះ ថាបានរំលោភបំពានអំណាច ដោយបាននាំយកសមាជិកក្រុមគ្រួសារនិងបក្សពួកខ្លួនឯងដែលមិនត្រូវជំនាញឬគ្មានជំនាញពេទ្យ ឲ្យចូលធ្វើការ ដើម្បីទទួលបានលាភសក្ការៈពីមូលនិធិជំនួយបរទេស។ នេះបើយោងតាមឯកសារ ដែល VOA ទទួលបានពីប្រភពដែលស្នើសុំមិនបង្ហាញអត្តសញ្ញាណ ដោយសារការព្រួយបារម្ភអំពីការសងសឹកណាមួយមកលើខ្លួន។
ឯកសារដែលរួមមានពាក្យបណ្ដឹង ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ បាទចោទលោកស្រីវេជ្ជបណ្ឌិត មុត ស៊ីនួន អនុប្រធានម្នាក់ក្នុងចំណោមអនុប្រធានចំនួន៧នាក់នៃមជ្ឈមណ្ឌលជាតិនេះ ថាបានយកសមាជិកក្រុមគ្រួសារសាច់ញាតិនិងបក្សពួករបស់លោកស្រី មកធ្វើការងារក្នុងគម្រោងនានា ដែលផ្ដល់មូលនិធិដោយអង្គការអន្តរជាតិផ្សេងៗ។
តំណាងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដែលបានដាក់ពាក្យបណ្ដឹងនេះទៅកាន់អង្គការ FHI 360 ដែលជាអង្គការម្ចាស់ជំនួយមួយ បានលើកឡើងថា លោកស្រីវេជ្ជបណ្ឌិតរូបនេះ បានយកបងថ្លៃ ប្អូនថ្លៃនិងក្មួយរបស់ខ្លួន ព្រមទាំងបក្សពួកដែលមិនមែនជាបុគ្គលិករដ្ឋ ឲ្យចូលមកធ្វើការ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីគម្រោងការងារ ដូចជាតាមរយៈការចុះបេសកកម្មទៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជាជាដើម។
យោងតាមពាក្យបណ្ដឹងដដែល តំណាងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក៏បានចោទថា លោកស្រីអនុប្រធាននៃមជ្ឈមណ្ឌលនេះ ក៏បានប្រើប្រាស់បុគ្គលិកដែលគ្មានជំនាញពេទ្យ និងបុគ្គលិកដែលចូលនិវត្តន៍រួចទៅហើយ ជំនួស បុគ្គលិករដ្ឋដែលកំពុងបម្រើការងារជាក់ស្ដែង ឲ្យចុះបំពេញបេសកកម្មនៅតាមបណ្ដាខេត្តទាំងនោះ។
លើសពីនេះទៀត ឯកសារមួយក្នុងចំណោមឯកសារមួយចំនួនដែល VOA ទទួលបាន បង្ហាញថា លោកស្រីវេជ្ជបណ្ឌិត មុត ស៊ីនួននិងមន្ត្រីបីនាក់ទៀតនៃមជ្ឈមណ្ឌលជាតិនេះ មានឈ្មោះនៅក្នុងលិខិតចុះបេសកកម្មនៅខេត្តកំពតក្នុងកម្មវិធីពីរផ្សេងគ្នាក្នុងថ្ងៃជាន់គ្នានៅចន្លោះថ្ងៃទី២០ ខែមេសា ដល់ទី២៣ ខែមេសា ឆ្នាំ២០១៥ ក្រោមគម្រោងថវិកាដែលឧបត្ថម្ភដោយអង្គការចំនួនពីរផ្សេងគ្នាគឺអង្គការ FHI 360 និងGlobal Fund។
បន្ថែមពីនេះទៀត តំណាងបុគ្គលិកដែលបានដាក់ពាក្យបណ្ដឹងនេះ ក៏បានចោទមន្ត្រីនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់មួយចំនួនទៀត រួមទាំងលោក វេជ្ជបណ្ឌិត ថូ សុចាន់ថា អនុប្រធានម្នាក់ដែរនៃមជ្ឈមណ្ឌលជាតិនេះ និងលោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន ប្រធានការិយាល័យបច្ចេកទេស ហើយនិង លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានផ្នែកស្រាវជ្រាវសុខភាព ព្រមទាំងប្រធានរដ្ឋបាលនៃមជ្ឈមណ្ឌលនេះគឺលោក ម៉ាត់ អ៊ីមរ៉នផងដែរ។
ប្រធានរដ្ឋបាលរូបនេះ ត្រូវបានចោទថា បាននាំកូនប្រុស កូនស្រី ក្មួយនិងសាច់ញាតិផ្សេងទៀត ឲ្យចូលធ្វើការក្នុងគម្រោងផ្សេងៗក្នុងមជ្ឈមណ្ឌលជាតិនេះ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនានា ពេលចុះបំពេញបេសកកម្មនៅតាមខេត្ត។
ផ្អែកតាមឯកសារដែល VOA ទទួលបាន លោក ម៉ាត់ សាហ្វារី ដែលគេស្គាល់ថា ត្រូវជាកូនរបស់លោក ម៉ាត់ អ៊ីមរ៉ន មានឈ្មោះចុះបេសកកម្មនៅក្នុងខេត្តចំនួនពីរគឺខេត្តកំពង់ចាម និងខេត្តប៉ៃលិនដោយជាន់ថ្ងៃគ្នា ចន្លោះពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៣ខែមេសាឆ្នាំ២០១៥ ក្រោមគម្រោងថវិកាផ្ដល់ដោយអង្គការ FHI 360 ផង និងអង្គការ Global Fund ផង។
ឯកសារ ដែលចុះហត្ថលេខានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចុះបញ្ជីឈ្មោះ លោក ម៉ាត់ សាហ្វារី ជាអ្នកបើកបរម្នាក់ក្នុងចំណោមអ្នកបើកបរសរុបចំនួន៣៤នាក់ដែលរួមទាំងអ្នកបើកបរជាស្ត្រីចំនួន៤នាក់ដែរ ជាបុគ្គលិកជាប់កិច្ចសន្យារបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះ ដើម្បីទទួលប្រាក់កម្រៃប្រចាំខែចំនួន៤០ម៉ឺនរៀល ក្នុងរយៈពេលពេញមួយឆ្នាំ២០១៦នេះ។
ប៉ុន្តែ ប្រភពជាច្រើន ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោក ម៉ាត់ សាហ្វារី មិនមែនជាអ្នកបើកបរក្នុងមជ្ឈមណ្ឌលជាតិនេះទេ ហើយថា ចំនួនអ្នកបើកបរពិតប្រាកដ មានមិនដល់៣០នាក់នោះទេ ហើយក៏ពុំមានអ្នកបើកបរជាស្ត្រីដែរនៅក្នុងមជ្ឈមណ្ឌលជាតិមួយនេះ។
ប្រភពជាច្រើននាក់ អះអាងថា ការដាក់បញ្ចូលឈ្មោះសាច់ញាតិនិងក្រុមគ្រួសាររបស់លោក ម៉ាត់ អ៊ីមរ៉ន និងលោកស្រី វេជ្ជបណ្ឌិត មុត ស៊ីនួន ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតនៅមជ្ឈមណ្ឌលនេះ ទៅក្នុងបញ្ជីឈ្មោះបុគ្គលិក គឺដើម្បីឲ្យពួកគេ អាចចុះបេសកកម្មក្នុងគម្រោងការងារផ្សេងៗបាន។
អ្នកដែលមានឈ្មោះចុះបេសកកម្ម ទទួលបានប្រាក់ឧបត្ថម្ភចំនួន៣៤ដុល្លារអាមេរិកក្នុងមួយថ្ងៃមួយយប់ សម្រាប់មនុស្សម្នាក់។ នេះបើយោងតាមប្រធានរដ្ឋបាលនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះ។
ចំនួនបុគ្គលិកដែលត្រូវបានប្រកាសជាផ្លូវការក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលជាតិនេះ គឺមានជាង១៨០នាក់ ប៉ុន្តែ ចំនួនបុគ្គលិកជាក់ស្ដែង ដែលមកធ្វើការនៅក្នុងមជ្ឈមណ្ឌលនេះ មានត្រឹមតែជាង៨០នាក់ប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងពីប្រភពនានា ដែលស្នើសុំមិនបង្ហាញអត្តសញ្ញាណ ហើយដែលអះអាងថា បញ្ហាគ្រួសារនិយមនិងការប្រើប្រាស់មូលនិធិមិនត្រឹមត្រូវនេះ បានកើតឡើងនិងអូសបន្លាយពេលជាច្រើនឆ្នាំមកហើយនៅក្នុងមជ្ឈមណ្ឌលជាតិនេះ។
មជ្ឈមណ្ឌលជាតិប្រឆាំងនឹងជំងឺគ្រុនចាញ់នេះ ធ្លាប់ត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយម្ដងហើយកាលពីចុងឆ្នាំ២០១៣ ដោយរបាយការណ៍មួយរបស់ការិយាល័យស៊ើបអង្កេតនៃអង្គការ Global Fund បានរកឃើញថា នៅចន្លោះឆ្នាំ២០០៦ ដល់២០១១ មន្ត្រីពីរនាក់គឺអតីតប្រធាននិងអនុប្រធានម្នាក់នៃមជ្ឈមណ្ឌលជាតិនេះ បានទទួលប្រាក់កម្រៃ ជាង៤១ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការផ្ដល់កិច្ចសន្យាដល់ក្រុមហ៊ុនចំនួនពីរដែលផ្គត់ផ្គង់មុងជ្រលក់ថ្នាំក្នុងកម្មវិធីទប់ស្កាត់ការរាលដាលជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត មុត ស៊ីនួន ដែលរងការចោទប្រកាន់ថ្មីពាក់ព័ន្ធនឹងបញ្ហាគ្រួសារនិងបក្សពួកនិយម ព្រមទាំងការប្រើប្រាស់មូលនិធិជំនួយមិនត្រឹមត្រូវនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការចោទប្រកាន់ទាំងនេះទេ។
តែទោះជាយ៉ាងនេះក្តី លោក ម៉ាត់ អ៊ីមរ៉ន ប្រធានរដ្ឋបាលនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ដែលរងការចោទប្រកាន់ដែរនោះ មានប្រសាសន៍ទទួលស្គាល់ថា លោកពិតជាមានកូននិងប្អូន ចូលធ្វើការក្នុងមជ្ឈមណ្ឌលជាតិនេះ ជាមួយគ្នាមែន។
លោកក៏ទទួលស្គាល់ដែរថា កូនប្រុសរបស់លោក គឺពិតជាមិនមែនជាអ្នកបើកបរក្នុងមជ្ឈមណ្ឌលនេះទេ តែជាអ្នកកត់ត្រាឯកសារម្នាក់ក្នុងស្ថាប័ននេះ។
ប៉ុន្តែ លោកថា ការសម្រេចដាក់ឈ្មោះកូនរបស់លោកនៅក្នុងបញ្ជីឈ្មោះ ទទួលប្រាក់កម្រៃប្រចាំខែ និងក្នុងលិខិតចុះបេសកកម្មនានាកន្លងមកនេះ គឺធ្វើឡើងតាមឋានានុក្រមនិងមានការអនុម័តពីផ្នែកពាក់ព័ន្ធផ្សេងៗក្នុងរចនាសម្ព័ន្ធការងារនៃមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះប៉ុណ្ណោះ។
លោក ម៉ាត់ អ៊ីមរ៉ន បន្ថែមថា ការមានឈ្មោះកូនរបស់លោកនៅក្នុងលិខិតចុះបេសកកម្មជាន់ថ្ងៃគ្នា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីមូលនិធិគម្រោងពីរផ្សេងគ្នានេះ អាចជាកំហុសដែលកើតឡើងម្ដងម្កាលជាធម្មតាប៉ុណ្ណោះនៅក្នុងកិច្ចការរដ្ឋបាល។
«ធម្មតាឯកសារវាត្រូវតែគងហើយបង ព្រោះធម្មតាឯកសារវាតែងតែម្ដងម្កាល ដោយសារយើង យើងអ្ហា យើងមិនអាចទៅលុបអាចាស់ចេញបានទេ ព្រោះអាចាស់ វាមានបុគ្គលិកខ្លះគេទៅធ្វើការ ព្រោះបេសកកម្មវារួម។ ឧបមាថា បេសកកម្មមានគ្នា៥នាក់អញ្ចឹង វាជាប់ឈ្មោះទាំង៥ហើយ ហើយម្នាក់ទៀត គាត់មានការត្រូវត្រឡប់មកមុន ដូច្នេះ មិនអាចទៅលុបបេសកកម្មទាំង៥នាក់ហ្នឹងបានទេ។ ដូច្នេះ គេកាត់លុយតែអ្នកអត់បានចូលរួមទេ»។
លោកប្រធានរដ្ឋបាលរូបនេះ បន្តថា គម្រោងខ្លះ ត្រូវការបុគ្គលិកបន្ថែម ទៅតាមតម្រូវការជាក់ស្ដែងនៃគម្រោងនីមួយៗដែលមជ្ឈមណ្ឌលរបស់លោកមានក្នុងមួយឆ្នាំៗ ហើយលោកលើកឡើងថា មិនមែនមានតែរូបលោកម្នាក់ទេ ដែលមានសមាជិកក្រុមគ្រួសារ មកធ្វើការក្នុងកន្លែងជាមួយគ្នាក្នុងមជ្ឈមណ្ឌលជាតិនេះ។
«វាធម្មតាទេបង ការងារកន្លែងណាក៏ដូចកន្លែងណាដែរ។ វាគ្រាន់តែថា ខ្ញុំមិនដឹងច្បាស់ទេ តែបើថា មកកាន់តំណែងធំដុំអីអត់ទេ តែបើជាមន្ត្រីជាប់កិច្ចសន្យាមួយឆ្នាំម្ដងអីមាន»។
លោកវេជ្ជបណ្ឌិត ថូ សុចាន់ថា អនុប្រធានមជ្ឈមណ្ឌលនេះម្នាក់ទៀតដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងគ្រួសារនិយមនេះដែរ បដិសេធមិនធ្វើអត្ថាធិប្បាយណាមួយទេ ដោយលោកលើកហេតុផលថា លោកកំពុងធ្វើដំណើរតាមផ្លូវ មិនអាចឆ្លើយឆ្លងតាមទូរស័ព្ទបានទេ។
VOA បានព្យាយាមទាក់ទងលោកវេជ្ជបណ្ឌិតនៅពេលក្រោយទៀត ប៉ុន្តែ លោកមិនបានលើកទូរស័ព្ទ។
ចំនែកឯ លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន ប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងបញ្ហាគ្រួសារនិយមនេះដែរ បានទាមទារឲ្យអ្នកយកព័ត៌មានបង្ហាញប័ណ្ណព័ត៌មាននិងស្ថាប័នព័ត៌មានដល់រូបលោក ជាមុនសិន មុននឹងលោក ឆ្លើយតបនឹងសំណួរទាក់ទងនឹងការចោទប្រកាន់លើរូបលោក។
តែទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានផ្នែកស្រាវជ្រាវសុខភាព ដែលរងការចោទថាបាននាំប្អូនប្រុស ដែលគ្មានជំនាញពេទ្យ ចូលធ្វើការក្នុងស្ថាប័នជាមួយគ្នា មានប្រសាសន៍ឆ្លើយតបថា ការជ្រើសរើសបុគ្គលិកក្នុងស្ថាប័នរបស់លោក ផ្អែកលើសមត្ថភាព ដោយមិនប្រកាន់ថា មានជាប់សាច់ញាតិបងប្អូន ធ្វើការក្នុងស្ថាប័នជាមួយគ្នានេះស្រាប់ឬអត់នោះទេ។
«កាលណាគេសម្ភាសន៍ជាប់ទៅ គេត្រូវជំនាញគេជាប់គេធ្វើការទៅ។ ដូច្នេះ មិនប្រកាន់ថាជាបងប្អូនឬស្អីទេ មិនប្រកាន់អញ្ចឹងទេ។ បើគេប្រឡងជាប់ គេមានសញ្ញាប័ត្រត្រឹមត្រូវ ហើយគេប្រឡងជាប់ ហើយគេអាចធ្វើការបាន អាហ្នឹងគេធ្វើទៅ។ អញ្ចឹង ពាក្យថា បងប្អូនឬអីហ្នឹង ដូចជាមិនមែនជាការមួយដូចថា មិនត្រូវយកគាត់ឬអីទេ។ សំខាន់ការប្រឡង។ អ្នកណាប្រឡងជាប់គឺបានធ្វើការ»។
VOA បានព្យាយាមតាមទូរស័ព្ទជាច្រើនដងប៉ុន្តែមិនទាន់អាចទាក់ទងលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល នាយកបច្ចុប្បន្ននៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះ ដើម្បីសុំការអត្ថាធិប្បាយជុំវិញរឿងនេះបាននៅឡើយទេ។ ការស្នើសុំការអត្ថាធិប្បាយតាមអ៊ីមែលរបស់លោក ក៏មិនមានការឆ្លើយតបណាមួយដែររហូតមកដល់ពេលនេះ។
ប៉ុន្តែ អ្នកនាង Alexia Lewnes នាយកផ្នែកទំនាក់ទំនងនៃអង្គការ FHI 360 ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានថ្លែងប្រាប់ VOA តាមអ៊ីមែលថា អង្គការរបស់អ្នកនាង បានធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់មូលនិធិមិនត្រឹមត្រូវនេះហើយ ប៉ុន្តែ អង្គការរបស់អ្នកស្រី មិនបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។
ទោះជាយ៉ាងនេះក្ដី លោក Seth Faison, នាយកផ្នែកទំនាក់ទំនងនៃអង្គការ Global Fund បានថ្លែងប្រាប់ VOA ពីទីក្រុងញូយ៉ក កាលពីថ្ងៃពុធ ទី១១ ខែឧសភានេះថា អង្គការរបស់លោក ក៏កំពុងស៊ើបអង្កេតលើករណីចោទប្រកាន់នេះដែរ។
«វាអាចមានលក្ខណៈធ្ងន់ធ្ងរ ហើយយើងត្រូវតែធ្វើឲ្យដៃគូរបស់យើង ទទួលខុសត្រូវ។ ប្រសិនបើលទ្ធផលនៃការស៊ើបអង្កេតរបស់យើង បង្ហាញថា វាធ្ងន់ធ្ងរ យើងនឹងចាត់វិធានការដ៏ម៉ឺងម៉ាត់ដែរ»។
ប៉ុន្តែ លោកបដិសេធ មិនបញ្ជាក់ថាតើអង្គការរបស់លោក កំពុងស៊ើបអង្កេតនរណាខ្លះនៅក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះទេ។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា ប្រសិនបើការស៊ើបអង្កេតរបស់ Global Fund រកឃើញថា ពិតជាមានការប្រើប្រាស់មូលនិធិជំនួយមិនត្រឹមត្រូវនៅក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះម្ដងទៀតនោះ ការណ៍នេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសកម្ពុជាទាំងមូល។
«បើសិនជាយើងចាយខុសខ្ទង់ យើងមានបញ្ហាខ្វះតម្លាភាពហើយឈានទៅដល់ការរកឃើញថា បានប្រព្រឹត្តអំពើពុករលួយតាមរូបភាពណាមួយទៀតនោះ វារឹតតែធ្វើឲ្យប៉ះពាល់ គឺប៉ះពាល់ដល់ការជឿទុកចិត្តពីអ្នកផ្ដល់ជំនួយផង វាប៉ះពាល់ដល់កិត្តិនាមនិងកេរ្តិ៍ឈ្មោះនៃប្រទេសយើងផង ហើយយើងគិតថា វាប៉ះពាល់ដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវា និងគម្រោងដែលម្ចាស់ជំនួយគេបានផ្ដល់ហ្នឹងបាទ»។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា ក៏មានប្រសាសន៍ដែរថា ថ្វីត្បិតតែថវិកានៅក្នុងគម្រោងជាច្រើន គឺជាថវិកាជំនួយបរទេសក៏ពិតមែន ក៏ប៉ុន្តែជំនួយទាំងនេះ គឺមិនមែនសម្រាប់តែក្រុមគ្រួសារបុគ្គលនិងថ្នាក់ដឹកនាំស្ថាប័នណាមួយនោះទេ។
«ក្នុងហ្នឹង បើយើងមើលទៅ វាជាជំនួយបរទេសមែន ប៉ុន្តែការដែលគេឲ្យមកកម្ពុជាហ្នឹង គឺគេឲ្យមក ដើម្បីបម្រើដល់សេចក្ដីត្រូវការ ជាសេវាដល់ប្រជាពលរដ្ឋ។ បានន័យថា វាជាកិច្ចព្រមព្រៀងមួយដែលឲ្យមកពលរដ្ឋកម្ពុជា មិនមែនឲ្យទៅក្រុមមួយណា ឬគ្រួសារណាមួយនោះទេនៅក្នុងការចាយវាយហ្នឹង។ »
ដូច្នេះ អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយរូបនេះ បន្ថែមថា គេគួរស៊ើបអង្កេតឲ្យបានម៉ត់ចត់អំពីករណីដែលមានការចោទប្រកាន់ថ្មីនៅក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះ ដើម្បីឲ្យដឹងពិតប្រាកដថាតើ ស្ថាប័នរដ្ឋមួយនេះ ពិតជាមានការជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រួសារនិយមនិងការប្រើប្រាស់មូលនិធិជំនួយមិនត្រឹមត្រូវមែនដែរឬយ៉ាងណា៕