ក្រសួងសុខាភិបាលកម្ពុជាឲ្យដឹងថា បុរសម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាករណីស្លាប់ដំបូងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីជំងឺកូវីដ១៩ បានផ្ទុះឡើងជាលើកដំបូងកាលពីដើមឆ្នាំ ២០២០។
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលឲ្យដឹងថា ស្ថានភាពរបស់អ្នកជំងឺមួយចំនួនទៀត មិនល្អនោះទេ។
បុរសម្នាក់ អាយុ ៥០ ឆ្នាំ ដែលជាអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ទ្រង់ទ្រាយធំ បានស្លាប់ នៅវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១១ ខែមីនា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលឲ្យដឹងថា បុរសជនជាតិខ្មែរនោះជាអ្នកបើករថយន្តឲ្យថៅកែជនជាតិចិន ហើយលោកត្រូវបានរកឃើញផ្ទុកវីរុសកូរ៉ូណាដែលបង្កជាកូវីដ១៩ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអ្នកនាំពាក្យ បានប្រាប់ទូរទស្សន៍បាយ័នថា អ្នកជំងឺមួយចំនួនទៀតមានសុខភាពមិនល្អនោះទេ ហើយក្រុមគ្រូពេទ្យកំពុងតាមដានសុខភាពរបស់ពួកគេ។
លោកស្រីមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ ស្ថានភាពអ្នកជំងឺក៏មានអ្នកជំងឺមួយចំនួនទៀត ក៏ស្ថិតក្នុងស្ថានភាពមិនសូវជាល្អដែរទេ ហើយក្រុមគ្រូពេទ្យរបស់យើងកំពុងតែខ្នះខ្នែង នៅក្នុងការជួយសង្រ្គោះពួកគាត់ផងដែរ»។
លោកស្រីបន្ថែមថា ស្ថានភាពនៃការរាតត្បាតនៃវីរុសជំងឺកូវីដ១៩ ជា« ស្ថានភាពបារម្ភមែនទែន»។ លោកស្រីបញ្ជាក់ថា ជំងឺកូវីដ១៩ បម្លែងថ្មីក៏កំពុងវាយលុកទីក្រុងភ្នំពេញ និងបណ្តាខេត្តផ្សេងៗផងដែរ។
លោកស្រីបញ្ជាក់ថា៖ «វីរុសកូវីដ១៩ ជាពិសេសវីរុសដែលបម្លែងថ្មីនេះ កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ នៅក្នុងប្រទេសយើងហើយ។ ហើយបើនិយាយដោយឡែក គឺនៅរាជធានីភ្នំពេញនេះ គឺការចរាចរណ៍នៃវីរុសនេះ គឺខ្លាំងហើយ»។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីចំនួន ៣៩ នាក់ ដែលនាំឲ្យអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០ កុម្ភៈ មានចំនួន ៦៥២ នាក់។
គួរបញ្ជាក់ថា ករណីឆ្លងសរុបក្នុងប្រទេសកម្ពុជា មានចំនួន ១១៦៣ នាក់ គិតចាប់ពីថ្ងៃមានករណីឆ្លងជំងឺកូវីដ១៩ លើកដំបូងក្នុងប្រទេស រហូតមកដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ៕