មនុស្ស​ម្នាក់​ទៀត​ស្លាប់​ដោយជំងឺ​​កូវីដ​១៩ ខណៈ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជិត​១០០​នាក់

រូបឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ ត្រៀមបញ្ជូនអ្នកជំងឺតេស្តវិជ្ជមានកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ក្រសួង​សុខា​ភិបាល​ប្រកាស​ឲ្យដឹង​នៅថ្ងៃនេះ​ថា ​ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មុន​ចេញ​លទ្ធផល​នៃការ​ធ្វើតេស្ត​ ខណៈ​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ថ្មីជិត​ ១០០​ នាក់។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​បុរស​ម្នាក់​អាយុ​ ៥៥ ​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ក្តី​ចាស់ ឃុំ​ព្រែលួង ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល បាន​ស្លាប់​កាល​ពី​វេលា​ម៉ោង ៤ ​រសៀល ថ្ងៃ​ព្រហស្បតិ៍ ​ទី​ ២៥ ខែ​មីនា តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ពេល​លោក​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត ដោយ​ដំបូងឡើយ​មិន​ទាន់​ដឹង​ថា ​មាន​ជំងឺ​កូវីដ​១៩ ​ឬ​យ៉ាងណា​នោះ។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​៖ «ដោយ​សង្ស័យ​ក្រុម​គ្រូ​ពេទ្យ​បាន​យក​វត្ថុ​សំណាក​ទៅ​វិភាគ​ភ្លាមៗ​នៅ​ពេល​ចូល​មក​ដល់​មន្ទីរ​ពេទ្យ ហើយ​លទ្ធផល​វិភាគ​វត្ថុ​សំណាក​របស់​គាត់​បាន​បង្ហាញ​ថា​ មាន​វិជ្ជមាន​វីរុស​កូវីដ​១៩ នៅ​វេលា​ម៉ោង​ ២៣:​០០​ យប់​នា​ថ្ងៃ​ដដែល​»។

​អ្នក​ជំងឺ​ត្រូវគេ​ដឹងថា​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​ក្តៅ​ខ្លួន ​និង​ក្អក ៣ ​ទៅ ​៤ ​ថ្ងៃ មុន​ស្លាប់​ ហើយ​ដោយ​សភាព​កាន់​តែ​ធ្ងន់​ទៅ អ្នក​ជំងឺ​ក៏​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត នៅ​ថ្ងៃ​ទី​ ២៥ ខែ​មីនា ក្នុង​អាការៈ​ដង្ហក់​ខ្លាំង​។​ ក្រសួង​សុខាភិបាល​មិន​បាន​បញ្ជាក់​ឈ្មោះនិង​មុខ​របរ​របស់​អ្នកស្លាប់​នោះ​ទេ។

នេះ​ជា​ករណី​ស្លាប់​ទី​ ៨ ​ហើយ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ថ្ងៃ​ទី​ ២៥ ខែ​មីនា ក្រសួង​បាន​ប្រកាស​ករណី​ស្លាប់​ ២ ​នាក់ ដែល​មាន​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ​ម្នាក់។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​មាន​ករណី​ឆ្លង​ថ្មី​ជិត​ ១០០ ​នាក់​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ឆ្លង​សហ​គមន៍ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​មាន​ទៅ​ដល់ ​១.៤៤៤ ​នាក់ ​ចាប់​តាំង​ពី​ផ្ទុះ​ឆ្លង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។ គិតត្រឹមថ្ងៃសុក្រនេះ ករណីឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីបានរកឃើញករណីដំបូង បានកើនដល់ ១.៩៦៨នាក់៕