ករណីកូវីដ១៩ ចំនួន ៧៦១ ករណីបន្ថែមទៀត ត្រូវបានរាយការណ៍នៅប្រទេសកម្ពុជា នាថ្ងៃសុក្រនេះ ដែលនាំឱ្យចំនួនការឆ្លងសរុបកើនដល់ ១៣.៤០២ ករណី និងករណីស្លាប់ដោយសារកូវីដចំនួនសរុប ៩៣ នាក់។ នេះបើតាមការផ្សាយរបស់ក្រសួងសុខាភិបាល។
ក្នុងចំណោមករណីថ្មី ៧៦១ នោះ មាន ៧៦០ ជាករណីឆ្លងក្នុងសហគមន៍ដែលកំពុងវាយប្រហាររាជធានីភ្នំពេញ និងខេត្តសំខាន់ៗនាំឱ្យមានការបិទខ្ទប់ផ្នែកខ្លះរបស់ប្រទេសផងដែរ។
តួលេខរបស់រដ្ឋាភិបាលកម្ពុជាបានបង្ហាញឱ្យដឹងទៀតថា ករណីកំពុងសម្រាកព្យាបាលសរុបមានចំនួន ៨.១៥០ ករណី ដែលក្នុងនោះមានអ្នកជំងឺ ១.៣២៣ នាក់ កំពុងរង់ចាំការយកទៅព្យាបាលនៅឡើយ គិតត្រឹមល្ងាចថ្ងៃសុក្រ។
កម្ពុជារងការឆ្លងធ្ងន់ធ្ងរក្នុងសហគមន៍នាខែមេសានេះ ដែលអត្រាការឆ្លងមានរាប់រយនាក់ក្នុងមួយថ្ងៃក្នុងចង្កោមការឆ្លងសហគមន៍ដែលបានឆ្លងជាបន្តបន្ទាប់ តាំងពីថ្ងៃទី ២០ ខែកុម្ភៈមក៕