ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃចន្ទនេះថា បុរសដែលជាឪពុកបង្កើតរបស់កុមារី ដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញថាឆ្លងជំងឺផ្តាសាយនេះ ហើយកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យស្រុកមួយក្នុងខេត្តព្រៃវែង។ នេះបើតាមមន្ត្រីនាំពាក្យក្រសួងសុខាភិបាល និងសេចក្តីប្រកាសអង្គការសុខភាពពិភពលោក។
ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺឆ្លងក្នុងចំណោមពពួកបក្សី ឬសត្វស្លាប តែអាចមានការឆ្លងជំងឺនេះមកលើមនុស្ស ហើយអាចបង្កជាជំងឺធ្ងន់ធ្ងរ និងមានអត្រាស្ថាប់ខ្ពស់។ នេះបើតាមអង្គការសុខភាពពិភពលោក ដែលបានឲ្យដឹងថា ការរាយការណ៍អំពីជំងឺនេះត្រូវបានធ្វើឡើងយូរៗម្តងនៅប្រទេសកម្ពុជា។
ក្នុងសារឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកវីអូអេតាមប្រព័ន្ធទំនាក់ទំនង WhatsApp នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន លើកឡើងថា ស្ថានភាពជំងឺផ្តាសាយបក្សី H5N1នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ប្រទេសកម្ពុជា «ពេលនេះកំពុងស្ថិតក្រោមការគ្រប់គ្រងហើយ» ហើយ «មានតែពីរករណីនៃ H5N1 ត្រូវបានរកឃើញមកទល់ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍»។
អ្នកស្រីបន្តថា កុមារីដែលមានអាយុ១១ឆ្នាំ បានស្លាប់ ហើយឪពុករបស់នាងត្រូវបានបញ្ជាក់ថា មានផ្ទុកមេរោគ H5N1 និងដាក់ឲ្យស្ថិតក្រោមការមើលថែទាំ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។
អ្នកស្រីបញ្ជាក់ថា៖ «បន្ទាប់ពីព្យាបាលគាត់ វត្ថុសំណាកបន្ថែមរបស់គាត់ត្រូវបានយកទៅធ្វើតេស្ត និងទទួលបានលទ្ធផលអវិជ្ជមាន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែគាត់នៅស្ថិតក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលរបស់គាត់តាមពិធីការនៃការប្រើប្រាស់ថ្នាំ»។
បើតាមអ្នកស្រី ឱ វណ្ណឌីន សរុបវត្ថុសំណាកចំនួន២៩ (អ្នកប៉ះពាល់ផ្ទាល់ ១៦នាក់ និងអ្នកមានជំងឺដូចជាគ្រុនផ្តាសាយ ១៣នាក់) ដែលប្រមូលបានដោយក្រុមអង្កេតស្រាវជ្រាវត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ ហើយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ អ្នកស្រីអំពាវនាវឲ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារដោយលាងដៃ ជាមួយសាប៊ូ និងទឹកស្អាតឲ្យបានទៀងទាត់ មិនត្រូវប៉ះ ឬនៅឲ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់បរិភោគអាហារឆ្អិនល្អ...ជាដើម។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញករណីទី១នៃជំងឺផ្តាសាយបក្សីដែលបានចេញផ្សាយនៅថ្ងៃទី២៣ខែកុម្ភៈ ករណីស្លាប់កុមារីខាងលើជាករណីលើកទី១ហើយ បន្ទាប់ពីជំងឺផ្តាសាយបក្សីនេះ មិនបានកើតឡើងក្នុងប្រទេសកម្ពុជា អស់រយៈពេល៩ឆ្នាំមកហើយ តាំងពីឆ្នាំ២០១៤មក។ ក្រសួងសុខាភិបាលបន្ថែមថា ជំងឺផ្តាសាយបក្សីនេះចាប់ ផ្តើមកើតមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៥ ដោយមានអ្នកឆ្លងជំងឺនេះសរុបចំនួន ៥៧នាក់ ហើយក្នុងនោះ ៣៨នាក់បានស្លាប់។
មេរោគផ្តាសាយបក្សី H5N1 ជារៀងរាល់ឆ្នាំតែងតែត្រូវបានរកឃើញនៅពេលដែលអាកាសធាតុចាប់ផ្តើមត្រជាក់ គឺចាប់ពីខែធ្នូរហូតដល់ខែមេសា ហើយក្រសួងសុខាភិបាល និងក្រសួងកសិកម្មតែងតែចាត់វិធានការភ្លាមៗ។ នេះបើតាមមន្ត្រីសុខាភិបាលកម្ពុជា។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពី លោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានទេ នៅថ្ងៃចន្ទនេះ។
ដោយឡែក អង្គការសុខភាពពិភពលោកបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី២៦ ខែកុម្ភៈនេះថា ករណីឆ្លងជំងឺផ្តាសាយបក្សីដែលឆ្លងលើមនុស្សនេះ ត្រូវបានរាយការណ៍ជាលើកដំបូងនៅប្រទេសកម្ពុជា គិតចាប់តាំងពីឆ្នាំ២០១៤មក។ អង្គការនេះឲ្យដឹងទៀតថា ផ្អែកលើភស្តុតាងដែលមានមកទល់ពេលនេះ មេរោគផ្តាសាយបក្សីមិនចម្លងទៅមនុស្សដោយស្រួលទេ ហើយការរីករាលដាលនៃការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នោះ គឺជារឿងមិនប្រក្រតី។
ទាក់ទិនករណីឆ្លងនៅខេត្តព្រៃវែង អង្គការសុខភាពពិភពលោកបញ្ជាក់ឲ្យដឹងថា បុរសដែលជាឪពុករបស់កុមារដែលបានឆ្លងជំងឺផ្តាសាយបក្សីនេះ ត្រូវបានរកឃើញថា ឆ្លងជំងឺនេះ ពីរថ្ងៃក្រោយការស្លាប់របស់កូនគាត់។
អង្គការសុខភាពពិភពលោកបានព្រមានថា ដោយសារតែមេរោគនៅបន្តរកឃើញក្នុងចំណោមសត្វស្លាបនោះ ការឆ្លងទៅលើមនុស្សអាចរំពឹងថានឹងកើតមានទៀត។
សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោកថ្លែងថា៖ «នៅពេលដែលមេរោគឆ្លងផ្លូវដង្ហើមរបស់បក្សីបានរីកសាយក្នុងចំណោមពពួកសត្វស្លាបចិញ្ចឹមក្នុងស្រុក វានឹងមានហានិភ័យនៃការឆ្លងម្តងម្កាល ឬក៏ជាចង្កោមតូចមួយនៃករណីឆ្លងលើមនុស្ស ដោយសារតែការប៉ះពាល់ទៅលើសត្វស្លាបចិញ្ចឹមដែលបានឆ្លងមេរោគនេះ ឬក៏បរិស្ថានដែលមានលក្ខណៈបិទជិត»។
បើតាមអង្គការសុខភាពអន្តរជាតិមួយនេះ គិតចាប់តាំងពីឆ្នាំ២០០៣ មកត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីឆ្លងផ្តាសាយបក្សី H5N1លើមនុស្សសរុប៨៧៣ករណី ហើយការស្លាប់មានចំនួន៤៥៨ករណីត្រូវបានគេរាយការណ៍ពីប្រទេសចំនួន២១នៅទូទាំងសកលលោក៕
កម្ពុជារកឃើញករណីឆ្លងផ្តាសាយបក្សីមួយករណីទៀត តែស្ថានភាពឆ្លងស្ថិតក្នុងការគ្រប់គ្រងបាន
ភ្នំពេញ —