កម្ពុជា​រាយ​ការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​៩៣៨​នាក់ ​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ​១៩

មន្ត្រីយោធាក្នុងឯកសណ្ឋានការពារការឆ្លងមេរោគ កំពុងណែនាំពលរដ្ឋឲ្យតម្រង់ជួរដោយរក្សាគម្លាតពីគ្នា ដើម្បីទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm របស់ចិន នៅមណ្ឌលសុខភាពមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១។

ក្រសួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ជាង ​៩០០ ​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​ជា​កំណត់ត្រានៃករណី​ឆ្លង​ខ្ពស់បំផុតក្នុង​មួយ​ថ្ងៃ ចាប់​តាំង​ពី​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​១៩ មក។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​បាន​ឲ្យ​ដឹង​ថា ​ករណី​ឆ្លង​ថ្មី​មាន​ចំនួន​ ៩៣៨ ​នាក់ ដែល​ភាគ​ច្រើន​នៅរាជធានី​ភ្នំពេញ​ ដែល​មាន​ចំនួន ​៦០៨ ​នាក់ ខេត្ត​កណ្តាល​ ១៧៥ ​នាក់ ព្រះ​សីហនុ ​៧៧ ​នាក់ និង​ខេត្ត​បន្ទាយ​មាន​ជ័យ ​៥១ ​នាក់។ កាល​ពី​ថ្ងៃ​ច័ន្ទ ក្រសួង​សុខាភិបាល ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង ​៨០០ នាក់។

ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​ព្រឹត្តិការណ៍ ​២០ កុម្ភៈ បាន​កើន​ឡើង​ដល់​ ១៥.៧៤៤ ​នាក់ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ។ ចំណែក​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាលជំងឺ​ មាន​ជាង ​១ ​ម៉ឺន​នាក់។

ករណី​ស្លាប់​ថ្មី​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួង​សុខាភិបាល​មាន​ម្នាក់ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ដល់​ ១០៧ ​នាក់។ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ទៀត​ថា​ មនុស្ស​ ៣៦១ ​នាក់ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩។

គួរ​បញ្ជាក់​ថា​ បើទោះ​មាន​កំណើន​ឆ្លង​រាប់​រយក្នុង​មួយ​ថ្ងៃ​ក៏​ដោយ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ថា​នឹង​មិន​បន្ត​បិទ​ខ្ទប់​រាជធានីភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្ត​កណ្តាល​ទៀត​នោះ​ទេ ដោយ​វិធានការនេះនឹង​បញ្ចប់​ចាប់​ពី​ថ្ងៃ​ទី ​៦ ខែ​ឧសភា ឆ្នាំ​ ២០២១​ ត​ទៅ។ ប៉ុន្តែ​ តំបន់​ឆ្លង​រាល​ដាល​ខ្លាំង​ នឹង​ត្រូវ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​និង​ចេញ​ពី​ផ្ទះ​ដដែល៕