មនុស្ស​២៧៧​នាក់​រក​ឃើញ​ឆ្លង​កូវីដ​នៅ​កម្ពុជា ខណៈ​ករណី​ស្លាប់​កើន​ឡើង​ដល់​៣០​នាក់

រូបឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងត្រៀម​យកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ឲ្យ​ដឹង​ថា​មនុស្ស​២៧៧​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ខណៈ​ករណី​ស្លាប់​បាន​កើន​ឡើង​ដល់​៣០​នាក់។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​មនុស្ស​២៧៧​នាក់​បាន​ឆ្លង​វីរុស​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ មាន​ចំនួន​៣.៩៨២​នាក់។ ករណី​ឆ្លង​ដែល​ប្រកាស​នៅ​ថ្ងៃ​នេះ មាន​២០៤​នាក់​នៅ​រាជ​ធានី​ភ្នំពេញ។ ចំណែក​ក្នុងខេត្ត​ពោធិ៍សាត់ ដែល​ឆ្លង​រាល​ដាល​ថ្មីៗ​នេះ​ មាន​ចំនួន​៣​នាក់ ដែល​រស់​នៅ​ក្នុង​ឃុំស្នាម​ព្រះ ស្រុក​បាកាន។ ក្នុង​ខេត្ត​កណ្តាល ក៏​មាន​អ្នក​ឆ្លង​២៣​នាក់ និង​ស្វាយរៀង​៤៣​នាក់​ផងដែរ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រសួង​ក៏​បាន​ប្រកាស​ថា​ស្រ្តី​ជន​ជាតិ​ខ្មែរ​ម្នាក់ អាយុ​៦១​ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១១ ខែមេសា វេលា​ម៉ោង​៦និង​៣០នាទី​ល្ងាច ដោយ​សារ​ជំងឺ​កូវីដ​១៩។​ ករណី​ស្លាប់​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ករណី​ស្លាប់​សរុបក្នុង​ប្រទេស​កម្ពុជា បាន​កើន​ដល់​៣០​នាក់។ នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ករណី​ជា​សះ​ស្បើយ​ចំនួន​៦០​នាក់​ផង​ដែរ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា អង្គការ​សុខភាព​ពិភព​លោក​(WHO)ប្រចាំ​នៅ​កម្ពុជា បាន​ព្រមាន​ពី​គ្រោះ​មហន្ត​រាយ​ដែល​នឹង​កើត​ឡើង ដោយ​សារ​ជំងឺ​កូវីដ​១៩ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋកម្ពុជា​ទាំង​អស់​ចូលរួម​សកម្មភាព​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ និង​បន្ត​ទៅ​មុខ​ទៀត។

អង្គការ​នេះ​បញ្ជាក់​ថា​កម្ពុជា​«ឈរ​នៅ​មាត់​ជ្រោះ​នៃ​សោក​នាដកម្ម​មួយ​ក្នុង​ប្រទេស»នៃ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩៕