កំណត់និពន្ធ៖ ចំណងជើងនិងខ្លឹមសាររបស់អត្ថបទនេះត្រូវបានកែសម្រួល ដើម្បីផ្តល់ព័ត៌មានចុងក្រោយ។
ក្រសួងសុខាភិបាលកម្ពុជាឲ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្ស ៦៩ នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ ហើយអ្នកជំងឺ ២នាក់ទៀតបានស្លាប់ ខណៈអាជ្ញាធររាជធានីភ្នំពេញបានដាក់បម្រាមគោចរចាប់ពីម៉ោង ៨ យប់។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលឲ្យដឹងថា មនុស្ស ៦៨ នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ មានចំនួន ២.០១៧នាក់។ ក្រសួងបញ្ជាក់ថា ខេត្តស្វាយរៀងផ្ទុះឆ្លងច្រើនជាងគេ ដែលមានរហូតដល់ ២៨ នាក់ ភ្នំពេញមាន ២៣ នាក់ កណ្តាល ១៣ នាក់ និងខេត្តព្រះសីហនុ ៤ នាក់។
ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ។ ការផ្ទុះឆ្លងធ្ងន់ធ្ងរនេះបណ្តាលឲ្យមនុស្ស ១៨ នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសចុងក្រោយរបស់ក្រសួងសុខាភិបាល។ ជនរងគ្រោះ ២ នាក់ ដែលបានបាត់បង់ជីវិតនោះ រួមមានស្ត្រីជនជាតិខ្មែរ អាយុ ៦១ ឆ្នាំ រស់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបុរសជនជាតិខ្មែរ អាយុ ២៩ ឆ្នាំ រស់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្តនេះ សាលារាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ បានចេញបម្រាមហាមឃាត់ការធ្វើដំណើរក្នុងទីតាំងភូមិសាស្រ្តទីក្រុងភ្នំពេញ ចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ទៀបភ្លឺ ក្នុងរយៈពេល ១៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា នៅយប់ថ្ងៃសុក្រទី ២ ខែមេសានេះ សមត្ថកិច្ចចម្រុះនឹងចាប់ផ្តើមអនុវត្តបម្រាមគោចរ ដោយហាមឃាត់ការធ្វើដំណើរចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ទៀបភ្លឺ។ លោកបញ្ជាក់ថា អ្នកបំពានបម្រាមនេះ នឹងត្រូវឃាត់យានយន្តមករក្សាទុក ហើយឲ្យធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯង រយៈពេល ១៤ ថ្ងៃ។
ចំណែកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហោះសេចក្ដីជូនដំណឹងមួយនៅលើហ្វេសប៊ុករបស់ខ្លួនថា អ្នកលក់បន្លែនៅផ្សារដើម «គ» និងអ្នកទិញលក់បន្ត អាចធ្វើលិខិតបញ្ជាក់ពីអាជ្ញាធរ ឬប្រធានផ្សារ ដើម្បីរួចពីបំរាមគោចរ។ អ្នកលក់បន្លែនៅផ្សារដើមគ ជាធម្មតាដំណើរការលក់របស់ខ្លួនយ៉ាងមមាញឹក នៅពេលរាត្រី រហូតដល់ទៀបភ្លឺ៕