ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា មនុស្ស ២៤ នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ហើយករណីឆ្លងចុងក្រោយនេះ កំពុងរាលដាលកាន់តែខ្លាំងនៅក្នុងខេត្តព្រះសីហនុ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃអង្គារនេះឲ្យដឹងថា មនុស្ស ២៤ នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍២០ កុម្ភៈ កើនទៅដល់ ៣៤០ នាក់ ដែលភាគច្រើនជាជនជាតិចិន។
ក្នុងចំណោមមនុស្ស ២៤ នាក់នោះ មានជនជាតិខ្មែរ ៤ នាក់ និងជនជាតិវៀតណាម ៤ នាក់ផងដែរ។ ករណីឆ្លងនៅថ្ងៃនេះ កើតឡើងភាគច្រើនក្នុងខេត្តព្រះសីហនុ ដែលការឆ្លងកំពុងកើតមានឡើងជាបន្តបន្ទាប់ ក្រោយមានការផ្ទុះឆ្លងទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។
រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែមីនានេះ ចំនួនអ្នកវិជ្ជមានកូវីដ១៩ ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ មាន ៥២ នាក់ ភាគច្រើនជាជនជាតិចិន និងមានខ្មែរ១នាក់។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺនេះមក ករណីឆ្លងជំងឺកូវីដ១៩ សរុបក្នុងប្រទេសកម្ពុជា មានចំនួន ៨៤៤ នាក់ គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២១៕