កម្ពុជា​រក​ឃើញ​ករណី​ឆ្លងជំងឺ​កូវីដ​ ២៣​នាក់​ថែម​ទៀតដែល​រាល​ដាល​ដល់​ខេត្ត​កោះ​កុង

រូបឯកសារ៖ ព្រះសង្ឃដែលមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ និមន្តបិណ្ឌបាត្រនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​សុក្រ​នេះ​ថា ​មនុស្ស​ ២៣ នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​ឆ្លងសហគមន៍​ ហើយការឆ្លងនេះបាន​រាល​ដាល​ទៅ​ដល់​ខេត្ត​កោះកុង។

ក្រៅ​ពី​រាជធានី​ភ្នំពេញ​ មាន​ខេត្ត​ព្រះសីហនុ​ កោះកុង​ កណ្តាល ​និង​ស្វាយរៀង ​ក៏​ឆ្លង​ជំងឺ​កូវីដ​១៩ ខ្លះដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ឲ្យ​ដឹង​ថា ​មនុស្ស ២៣ នាក់​បន្ថែម​ទៀត​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លងសរុប​ក្នុង​ព្រឹត្តិ​ការណ៍​ «២០​កុម្ភៈ​» កើន​ទៅ​ដល់ ​៤២៥​ នាក់ ដែលភាគ​ច្រើន​ជា​ជន​ជាតិ​ចិន។

ក្នុង​ចំណោម​មនុស្ស​ ២៣ នាក់​ដែល​ឆ្លង​នៅ​ថ្ងៃ​នេះ មានជនជាតិ​ខ្មែរ​ ១០ នាក់​ ជនជាតិ​ចិន​ ១១ ​នាក់ ឥណ្ឌូនេស៊ីម្នាក់ និង​សិង្ហបុរី​ម្នាក់។ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ​មនុស្ស​ពីរនាក់​ដែល​ជា​ជនជាតិចិន​និង​សិង្ហបុរី ​រស់នៅ​ស្រុកគិរីសាគរ ​ខេត្តកោះកុង ​មាន​ផ្ទុកវីរុស​ជំងឺ​កូវីដ​១៩​ នេះ។

រដ្ឋាភិបាល​បាន​កំពុង​បិទ​ការ​ធ្វើ​ដំណើ​រ​ពី​ខេត្តព្រះសីហនុ​ ទៅ​តំបន់​ផ្សេង​ជា​បណ្តោះ​អាសន្ន​ ខណៈ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ មាន​ករណី​ឆ្លង​ជាង ​៨០ ​នាក់។

ស្រប​ពេល​ដាក់​ចេញ​វិធានការ​ផ្សេងៗ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​សហគមន៍​បន្ត​ទៀត ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ដែល​មាន​អាយុ​ ៦០ ​ឆ្នាំ​ឡើង​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ អាចទៅ​ចាក់វ៉ាក់សាំង ​AstraZenecaបាន ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខាភិបាល​ពិភព​លោក។

វ៉ាក់​សាំង​នេះ​មាន​ចំនួន ៣២.៤០០០​ ដូស និង​អាច​ចាក់​មនុស្ស​បាន​ជាង​ ១៦ ម៉ឺន​នាក់​។ គួរ​បញ្ជាក់​ថា​ កម្ពុជា​កំពុង​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ដែល​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​វ៉ាក់សាំងជាង​ ៩០​ ម៉ឺន​ដូស ដែល​ក្នុង​នោះ​មាន​វ៉ាក់​សាំង​ផលិត​ដោយ​ប្រទេស​ចិន​ចំនួន ៦០​ ម៉ឺន​ដូស៕