កម្ពុជា​ឆ្លើយ​តប​អង្គការ​ Human Rights Watch​ ពី​រឿង​ទាត់​ចោល​អនុសាសន៍​ស្តី​ពី​សិទ្ធិ​មនុស្ស

លោក​ជិន ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ ថ្លែងជាមួយ​អ្នកកាសែត​​ នៅក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​ ២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

នៅ​ថ្ងៃ​ច័ន្ទ​នេះ​អ្នក​នាំពាក្យក្រសួង​យុត្តិធម៌​បាន​ឆ្លើយ​តប​ថា​កម្ពុជា​មិន​អាច​ទទួល​យក​អនុសាសន៍​ទាំង​នោះ​ទេ ដោយសារ​តែ​អនុសាសន៍​ទាំង​នោះ​ផ្តល់​ផល​ប្រយោជន៍​ដល់​អតីត​គណបក្ស​ប្រឆាំង។

រដ្ឋាភិបាល​កម្ពុជាបាន​បក​ស្រាយ​ពន្យល់​អំពី​មូលហេតុ​ដែល​ខ្លួន​បាន​ទាត់​ចោល អនុសាសន៍​ចំនួន​ ២៥ ដែល​ស្នើ​ដោយសមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​សប្តាហ៍​មុន។

ក្នុងកិច្ច​ប្រជុំ​ទៀត​ទាត់​លើក​ទី​៤១ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ស្តីពី​ការអនុម័ត​របាយ​ការណ៍ UPR ជុំទី៣ សម្រាប់​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីសកាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ ប្រទេស​កម្ពុជា​ទទួល​យក​អនុសាសន៍ពី​បណ្តា​ប្រទេស​ជា​សមាជិក​ចំនួន​១៧៣​ប៉ុណ្ណោះ​ក្នុង​ចំណោម​អនុសាសន៍​សរុប​ចំនួន​១៩៨ ទាក់​ទិន​នឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា។

អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អាមេរិក បាន​ទទូច​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​យកអនុសាសន៍​ទាំង​២៥​ដែល​កម្ពុជា​បដិសេធ​នោះ​ដែលទាក់ទង​នឹង​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ រួម​ទាំង​ទម្លាក់​ចោល​បទចោទ​ព្រហ្មទណ្ឌ​ដែល​មាន​ចរិត​នយោបាយ​ទាំងអស់​ ដោះលែង​អ្នកទោស​នយោបាយ​ និង ​កែប្រែ​ច្បាប់​គាប​សង្កត់​ ដែល​រឹតត្បិត​សិទ្ធិ​ជា​មូលដ្ឋាន។​

ជាមួយ​គ្នា​នេះ​អង្គការ​Human Rights Watch ក៏បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ«ចាត់វិធាន​ការ​បើ​រដ្ឋាភិបាល​ខកខាន​មិនធ្វើ​ការ​កែប្រែ‍»។

លោក ជិន​ ម៉ាលីន ​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ពន្យល់​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ័ច​នេះ​ថា កម្ពុជា​មិន​អាច​ទទួល​យកអនុសាសន៍​ទាំង​២៥​នោះ​ទេដោយ​សារ​តែក្នុង​ចំណោម​អនុសាសន៍​ទាំង​២៥​នោះ​មាន​ចរឹត​នយោបាយ។

លោក​ ជិន ម៉ាលីន អធិប្បាយ​ថា ​ក្នុង​ចំណោម​អនុសាសន៍​នោះមាន​ការ​ស្នើ​សុំ​ឲ្យ​មាន​ការដោះ​លែង​អតីត​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក ​កឹម សុខា ការ​អនុញ្ញាត​ឲ្យ​គណៈបក្ស​សង្គ្រោះ​ជាតិ​មាន​វត្តមាន​ក្នុង​ឆាក​នយោបាយ​វិញ និង​ការ​អនុញ្ញាត​ឲ្យ​អតីត​អ្នក​នយោបាយ​១១៨​នាក់​របស់​គណបក្ស​ប្រឆាំង​នោះ​មក​ធ្វើ​នយោបាយ​វិញ​ជាដើម។

«អ៊ីចឹង​ទេ​យើង​បាន​ពន្យល់​ប្រាប់​អង្គការ​សហប្រជាជាតិ​ដែល អនុសាសន៍​ដែល​មាន​របៀប​វារៈ​នយោបាយ​នៅ​ពីក្រោយ​ ហើយ​អនុសាសន៍ដែល​មិន​អាច​អនុវត្ត​បាន​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ហើយ​នឹង​ច្បាប់​របស់កម្ពុជា​យើង​មិន​អាច​ទទួល​យក​បាន​ទេ។ ទី​មួយ​វា​ដូច​បង្ខំ​ឲ្យ​រដ្ឋា​ភិបាល​ទៅលូក​លាន់ជាមួយ​នឹងការងារ​របស់​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ អ៊ីចឹង​បាន​ជាយើង​ធ្វើការ​កត់​សម្គាល់ទៅ​លើ​អនុសាសន៍​ទាំង​២៥​ហ្នឹង​បាទ»។

លោក​បាន​បន្ថែម​ថា​ អនុសាសន៍​ទាំង​២៥​នេះ គឺ​ជា​អនុសាសន៍​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​ប្រទេស​មួយ​ចំនួន​តូច​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​ប្រឆាំង ជា​ពិសេស​សហរដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស​និងប្រទេស​នៅ​អឺរ៉ុប​ដែល​សម្ព័ន្ធ​មិត្ត​របស់​ប្រទេស​មហា​អំណាច​មួយនេះ។ ដោយ​ឡែកអនុសាសន៍​ចំនួន​១៧៣​ដែល​កម្ពុជា​យល់ព្រម​នឹង​អនុវត្ត​គឺ​ផ្តោត​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ជារួម។

លោក​ស្រី ចក់​ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មាន​ការ​សោកស្តាយ​ចំពោះ​ការ​ច្រាន​ចោល​អនុសាសន៍ទាំង២៥​ពី​សំណាក់​រដ្ឋា​ភិបាល។ អ្នក​ស្រី​យល់​ថា​រដ្ឋា​ភិបាល​គួរ​តែ​ពិចារណា​រឿង​នេះ​ឡើងវិញ។

«អ៊ីចឹង​មាន​ការ​តែ​ព្យាយាម​ស្តារ​ឡើង​វិញ​នៅ​ស្ថានភាព​ទាំង​អស់​នេះ​ទេ ដែល​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​យើង​រួច​ផុត​ពី​ការ​ដែលមិន​អាច​រង​ផល​ប៉ះពាល់​ពីការ​ដក​នូវ​ការ​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប​ឬហៅ​កាត់ថា​ EBA​នេះ»។

អនុសាសន៍​ទាំង​១៩៨​ នេះ​ត្រូវ​បាន​ពិភាក្សា​ម្តង​រួច​មក​ហើយ​កាលពី​ដើមឆ្នាំ​២០១៩​អំឡុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ត្រួតពិនិត្យ​ឡើង​វិញ​តាម​កាល​កំណត់​ជា​ទូទៅ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ. ស. ប. ឬហៅកាត់​ថា UPR ហើយ​រដ្ឋាភិបាល​បាន​ផ្តល់​ការ​ពន្យល់​ដូចគ្នា។

កាល​ពី​ខែមេសា​កន្លងទៅ​រដ្ឋា​ភិបាល​ធ្លាប់​បាន​បកស្រាយ​ពន្យល់​ម្តង​រួច​មក​ហើយ​ថា​ ខ្លួន​មិន​អាច​ទទួល​យក​អនុសាសន៍​ចំនួន​២៥​ក្នុង​ចំណោម​អនុសាសន៍​ទាំង​១៩៨​នេះដោយសារអនុសាសន៍​ទាំង​នោះ​មាន​ចរឹត​ជ្រៀតជ្រែក​«អធិបតេយ្យភាព»​កម្ពុជា៕​