អាជ្ញាធរ​ខ្មែរ​បញ្ជូន​ជន​ជាតិចិន​៦៩នាក់​ ​ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​តាម​ប្រពន្ធ័​អ៊ីន​ធឺណេត​ចេញ​ពី​កម្ពុជា

អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញ​ជនជាតិ​ចិន​ចំនួន​​៦៩​នាក់​ទៀត​ ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស​​ករណី​ឆបោក​ ​គំរាម​កំហែង​និង​​ជំរិត​ទារ​ប្រាក់​តាម​ប្រពន្ធ័​អ៊ីន​ធឺណេត​ ​(VOIP)​ ​ឱ្យ​ចេញ​ពី​កម្ពុជា។ (រូបថតពីទំព័រហ្វេសប៊ុករបស់​ អគ្គនាយកដ្ឋានអន្តោប្

នៅ​ថ្ងៃចន្ទ​នេះ​ ​អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញ​ជនជាតិ​ចិន​ចំនួន​​៦៩​នាក់​ទៀត​ ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស​​ករណី​ឆបោក​ ​គំរាម​កំហែង​និង​​ជំរិត​ទារ​ប្រាក់​តាម​ប្រពន្ធ័​អ៊ីន​ធឺណេត​ ​(VOIP)​ ​ឱ្យ​ចេញ​ពី​កម្ពុជា។​

បើ​តាម​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៅ​រសៀល​ថ្ងៃទី​២៨ ខែ​មករា​ ​ឆ្នាំ​២០១៩​ ​នេះ​បញ្ជាក់​ថា​ ​ជនជាតិ​ចិន​ទាំង​៦៩​នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពីកម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ​ ត្រូវ​បាន​បង្ក្រាប​ដោយ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ ​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​ ​កាលពី​ថ្ងៃ​ទី​២១​ ​ខែ​មករា​ ​ឆ្នាំ​២០១៩​ ​នៅ​ក្រុង​បា​វិត​ ​ខេត្ត​ស្វាយរៀង។​ ជនជាតិ​ចិន​ទាំង​៦៩​នាក់​នោះ​បាន​ប្រើប្រាស់​ទីតាំង​នៅ​កម្ពុជា​ ​ដើម្បី​ប្រព្រឹត្ត​បទល្មើសពាក់ពន្ធ័​នឹង​ករណី​ឆបោក​គំរាម​កំហែង និងជំរិត​ទារ​ប្រាក់​តាម​ប្រពន្ធ័​អ៊ីនធឺណេត​ ​(VOIP) ​នៅ​ប្រទេស​ចិន។

បើតាម​សារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ដដែល​បញ្ជាក់ថា៖​

​«ការ​បណ្ដេញ​ជនជាតិ​ចិន​ខាង​លើ​ សមត្ថកិច្ច​ប្រទេស​ចិន​ចំនួន​១៥០​នាក់​ និង​យន្តហោះ​ពិសេស​ចំនួន​ ២​ ​គ្រឿង​មក​ទទួល​យក​នៅ​អាកាស​យានដ្ឋាន​ អន្តរជាតិ​ភ្នំពេញ»។

កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​ប្រព្រឹត្ត​បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នេះ​ ​ចាប់​តាំង​ពី​ឆ្នាំ​២០១១។​ ​រហូត​មក​ដល់​ពេល​នេះ​ ​អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិនដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ ​ប្រមាណ​ជា​ជាង​២,០០០​នាក់​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។​ ​ជនជាតិ​ចិន​ទាំង​នោះ​បាន​ប្រើ​ទីតាំង​តាម​បណ្តា​រាជធានី​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា រួម​មាន​រាជធានី​ភ្នំពេញ​ ​ខេត្ត​ព្រះ​សីហនុ​ ​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​តាកែវ​ ​និង​ខេត្ត​ស្វាយ​រៀង​ជាដើម។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដែល​រស្មី​កម្ពុជា ទទួលបាន គឺ​បាន​បង្ហាញថា គិត​ចាប់ពី​ឆ្នាំ​២០១៤ រហូតមកដល់​បច្ចុប្បន្ន​នេះ ចំពោះ​ជនសង្ស័យ​ជា​ជន​ជាតិចិន​ភាគច្រើន​បាន​ប្រព្រឹត្ត​បទល្មើស​មាន​ពីរ​ប្រភេទ គឺ​១. បទល្មើស​គំរាម​ជម្រិត ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) សរុប​មាន​ចំនួន ១,៥៦៧​នាក់ ក្នុងនោះ​ស្រី​ចំនួន ៣០៩​នាក់​។ ២. បទល្មើស​សេដ្ឋកិច្ច (​នៅ​ប្រទេស​ចិន​) សមត្ថកិច្ច​ស្នើសុំ​សហការ​ចាប់ខ្លួន​សរុប​ចំនួន ៨២​នាក់ ក្នុងនោះ​ស្រី​ចំនួន ១០​នាក់​។​

បើតាម​គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ស្រង់​សម្តី​របស់​លោក​ ​សុខ ផល​ ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ថា​ ​នៅ​ចុង​ឆមាស​ទី២​ ​ឆ្នាំ២០១៨​នេះ​ ​ជនជាតិ​ចិន​នៅ​កម្ពុជា​កើន​ឡើង​ដល់​ជាង​២០ម៉ឺន​នាក់​ ​ដោយ​ចំនួន​នេះ ​មិន​បូក​បញ្ចូល​ជាមួយ​អ្នក​ការ​ទូត​ ​អ្នក​ទេសចរណ៍​ ​និង​អង្គការ​សង្គម​ស៊ីវិល។​ ​ក្នុង​ចំណោម​ជនជាតិ​ចិន​ទាំង​២០ម៉ឺន​នាក់​នោះ​ ​មាន​ជាង​៧៨,០០០​នាក់​ ​កំពុង​រស់​នៅ​ខេត្ត​ព្រះសីហនុ​ ​ដែល​ក្នុង​នោះ​មាន​ត្រឹម​តែ​ជាង​២ម៉ឺន​នាក់​ប៉ុណ្ណោះ​ ​មាន​ប័ណ្ណ​ការងារ​ត្រឹមត្រូវ៕​