ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​បញ្ជូន​ជន​ល្មើស​សញ្ជាតិ​ចិន​៥៣នាក់​ចេញពី​កម្ពុជា​


ប្រទេស​កម្ពុជា​ និងចិន​មាន​ទំនាក់ទំនងនឹង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​ទំនាក់ទំនង​ការទូត ​និង​សេដ្ឋកិច្ច។​
ភ្នំពេញ៖ លោក​ឯម សំអាន​ រដ្ឋមន្ត្រី​ស្តីទី​របស់​ក្រសួង​មហា​ផ្ទៃ​ នៅថ្ងៃច័ន្ទ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​មួយ​ដើម្បី​សម្រេច​បណ្តេញ​ចេញ​ជនជាតិ​ចិន​តៃវ៉ាន់​ និង​ចិន​ដីគោគ​ចំនួន​៥៣​នាក់​ជាលើក​ដំបូង​ចេញ​ពី​កម្ពុជា​ បន្ទាប់​ពី​បាន​ចាប់​ខ្លួន​កាល​ពី​សប្តាហ៍​មុន។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ។​

អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ​កាលពី​ថ្ងៃ​សៅរ៍​ បាន​ឆ្មក់​ចូល​ចាប់​ជន​ជាតិ​ចិន​តៃវ៉ាន់​ និង​ចិនដី​គោក​ប្រមាណ​៨០​នាក់​នៅ​ក្នុង​ខ័ណ្ឌ​ចំនួន​បួន​គឺ​ខ័ណ្ឌ​ចំការមន​ ឬស្សីកែវ ​ទួលគោក​ និង​ខ័ណ្ឌ​មានជ័យ​ កណ្តាល​ក្រុង​ភ្នំពេញ​ពី​បទ​សង្ស័យ​ថា​ ជាប់ពាក់​ព័ន្ធ​ការ​ចាប់​ជម្រិត​ជន​រងគ្រោះ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធីណែត​ឆ្លងដែន។​

លោក​ឧត្តម​សេនីយ៍​ឯក​ខៀវ សុភ័គ្រ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា​ ជនជាតិ​ចិន​ដីគោក​១២​នាក់​ និង​ចិន​តៃវ៉ាន់​៤១​នាក់ត្រូវ​បាន​លោក​ឯម សំអាន ​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​មហាផ្ទៃ​បានចុះ​ហត្ថលេខា​ ជា​លើក​ដំបូង​បណ្តេញ​ចេញ​ពី​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

លោក​បាន​និយាយ​ថា​ ចំពោះ​ជនជាតិ​ចិន​ដែល​នៅសេស​សល់​២៧​នាក់​ទៀត​ លោក​នឹង​ចុះ​ហត្ថលេខា​បណ្តេញ​ចេញ​ជា​បន្តបន្ទាប់​នាពេល​ខាង​មុខ​នេះ។​

លោក​មាន​ប្រសាសន៍​ថា​ មន្ត្រី​សមត្ថកិច្ច​កោះតៃវ៉ាន់​ និង​ចិន​ដីគោក​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ដើម្បី​នាំខ្លួន​ជនជាតិចិន​ទាំង​នោះ​ទៅ​ទទួល​ទោស​នៅ​ក្នុង​ប្រទេស​សាម៉ី​របស់​ពួក​គេ​ ក៏ប៉ុន្តែលោក​មិន​បាន​បញ្ជាក់​ថា​ កម្ពុជា​នឹង​បញ្ជួន​ពួកគេ​នៅ​ពេល​ណា​ទេ។​ លោក​គ្រាន់តែ​បាន​អះអាង​ថា​ តាម​ច្បាប់​រយៈ​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​បាន​ចុះ​ហត្ថលេខា។​

«ទៅ​ប្រទេស​សាម៉ី​របស់​គេ​វិញ ​តៃវ៉ាន់​គាត់ទទួល​ទៅ​ហើយ​ ចិនដីគោក​ក៏​ទទួល​ទៅ​ ពីព្រោះ​មន្ត្រី​តៃវ៉ាន់​បាន​ធ្វើកិច្ចការ​ងារ​ហ្នឹង​ជាមួយ​ភាគី​តៃវ៉ាន់​ដែរ​ក្នុង​នាម​គាត់​ជា​អ្នក​ប្រចាំ​ការ​អចិន្ត្រៃយ៍​របស់​តៃវ៉ាន់​នៅ​ក្នុង​ប្រទេស​វៀតណាម​ដែល​គាត់​មក​ធ្វើ​ការ​ជា​មួយ​យើង»។​

ប្រទេស​កម្ពុជា​ និងសារធារណរដ្ឋ​ប្រជាមានិតចិន​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ជាយូរ​មកហើយ​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​ទំនាក់ទំនង​ការទូត ​និង​សេដ្ឋកិច្ច។​

កន្លង​មក​ កម្ពុជា​ធ្លាប់បាន​ចាប់​បញ្ជូន​ជនជាតិ​តៃវ៉ាន់​ប្រមាណ​ជិត​២០០​នាក់​កាល​ពី​អំឡុង​ឆ្នាំ​២០១១​ ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជម្រិត​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ហើយ​ជន​រងគ្រោះ​ភាគ​ច្រើន​រស់នៅ​កោះវ៉ាន់ ​និង​ប្រទេស​ចិន​ដីគោគ។​

ជនជាតិ​ចិនដី​គោគ ​និង​ចិន​តៃវ៉ាន់​ដែល​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​រយៈ​ ប្រព័ន្ធ​អ៊ីធឺណិត ​ដែល​ហៅ​កាត់​ថា ​VoIP​ភាគ​ច្រើន​បាន​កើត​មាន​ឡើង​នៅ​តាម​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន ​ដែល​រួមមាន​កម្ពុជា ​ហ្វ៊ីលីពីន ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​និង​ថៃ។​

យ៉ាងតិច​មាន​មនុស្ស​ប្រមាណ​ជាង​មួយ​ពាន់​នាក់​ ដែល​ភាគច្រើន​ជា​ជន​ជាតិ​ចិន​ដីគោក​ និង​ចិនតៃ​វ៉ាន់​ត្រូវ​បាន​អាជ្ញាធរ​នៃ​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ចាប់​ខ្លួន​ពី​បទ​ពាក់​ព័ន្ធ​នឹង​អំពើ​ឆបោក​ និង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន៕​
XS
SM
MD
LG