ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ បានច្រានចោលការរិះគន់ឥតសំចៃលើដំណើរការកាត់ក្តីលោក កឹម សុខា មេដឹកនាំមេដឹកនាំក្រុមជំទាស់ពីបទក្បត់ជាតិ ដែលក្រុមអ្នកជំនាញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ៣រូបបានចាត់ទុកថា បានប្រព្រឹត្តទៅប្រកបដោយភាពមិន ប្រក្រតី និង «គ្មានសគុណភាព»។
សេចក្តីប្រកាសព័ត៌មានមួយចេញភ្លាមៗកាលពីថ្ងៃសុក្រ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃ ក្រសួងការបរទេសកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ បានវាយបកទៅកាន់ក្រុមអ្នកជំនាញសិទ្ធិមនុស្សយ៉ាងធ្ងន់ៗថា បានចេញ ផ្សាយព័ត៌មានក្រោមហេតុផលនយោបាយនិងបំភ័ន្តសាធារណជនអំពីដំណើរការ សវនាការលើជនជាប់ចោទលោក កឹម សុខា។
«ដូចពេលកន្លងមកដែរ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាសូមសម្តែងនូវការសោក ស្តាយ ជាពន់ពេកចំពោះការប្រព្រឹត្តិមិនស្របតាមវិជ្ជាជីវៈរបស់អ្នកជំនាញខាងលើ ដែលមិនមែនជាមន្ត្រីអង្កការសហប្រជាជាតិ និង គ្រាន់តែបំពេញការងារក្នុងឋានៈ ផ្ទាល់ខ្លួន ប៉ុន្តែតាំងខ្លួនជាចៅក្រមនៅក្នុងកិច្ចការតុលាការនិងផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ»។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់បន្ថែមដោយយោងថាអ្នកនយោបាយក្រុមប្រឆាំងឬអត់ពុំត្រូវបានផ្តល់សិទ្ធិធ្វើសកម្មភាពដោយរួចទោស ហើយការឃុំខ្លួនលោក កឹម សុខា មិនបានលើសពី១៨ ខែតាមច្បាប់កំណត់ទេ ដោយសារថាលោកកឹម សុខាត្រូវដោះលែងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ហើយការចោទប្រកាន់ថាសវនាការ មានភាពកង្វះការចូលរួមជាសារធារណៈ នោះគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។
ក្រុមអ្នកជំនាញ អ.ស.ប ដែលមានលោកស្រី សាស្ត្រាចារ្យ រ៉ូណា ស្មីត (Ms Rhona Smith) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាផងនោះ បាន បញ្ជាក់ក្នុងសេចក្តីប្រកាសមួយដែល VOA បានទទួលបានកាលពីថ្ងៃសុក្រនេះពី ទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងហ្សឺណែវថា ដំណើរការកាត់ក្តីលោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ បានប្រព្រឹត្តទៅប្រកបដោយភាពមិនប្រក្រតី និង «គ្មានគុណភាព» ហើយនឹងជាហេតុផលនយោបាយ ហើយការ ចោទប្រកាន់នេះវាក៏ជាផ្នែកនៃលំនាំមួយកាន់តែធំជាងនេះនៃការប្រើប្រាស់ច្បាប់មិន ត្រឹមត្រូវ ដើម្បីដាក់គោលដៅទៅលើគូប្រជែងនយោបាយ និងអ្នករិះគន់រដ្ឋាភិបាល ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣ខែកញ្ញានៅឆ្នាំ២០១៧ភ្លាមៗក្រោយពេលវីដេអូរបស់លោកជាង១ម៉ោងដែលលោកបានថ្លែងនៅឆ្នាំ២០១៣នៅក្នុងប្រទេសអូស្ត្រាលីអំពីយុទ្ធសាស្ត្ររបស់លោកដើម្បីប្រជែងជាមួយដៃគូនយោបាយគឺគណបក្សកាន់អំណាចនោះ ត្រូវប្រទះឃើញបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកឡើងវិញ។
សវនាការកាត់ក្តីលោកកឹម សុខា ពីបទសន្ទិដ្ឋិភាពឬរួមគំនិតជាមួយបរទេសប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះ បានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយទំនងបន្តរហូតដល់៣ខែ៕