ភាគីកម្ពុជាបង្ហាញជំហរបដិសេធមិនចូលរួមសមយុទ្ធយោធារួមដំបូងបំផុតរបស់ប្រទេសជាសមាជិកអាស៊ាននៅដែនទឹកសមុទ្រចិនខាងត្បូង ដែលជាការរៀបចំឡើងដោយប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ានដែលមាន១០ប្រទេសនោះទេ។
សមយុទ្ធយោធានេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៨-២៥ ខែកញ្ញាខាងមុខនេះ។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទលោក វង្ស ពិសេន ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមដោយសរសេរជាអក្សរនាថ្ងៃពុធនេះថា ខាងភាគីកម្ពុជានឹងមិនបានចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមដំបូងបំផុតនៅដែនសមុទ្រចិនខាងត្បូង និងថា លោកបានផ្តល់គោលការណ៍នេះទៅកាន់ភាគីឥណ្ឌូណេស៊ីរួចមកហើយ។ ប៉ុន្តែលោកមិនបានបញ្ជាក់អំពីហេតុផលនៃការសម្រេចមិនចូលរួមនេះឡើយ។
លោកលើកឡើងថា៖ «មិនបានចូលរួមទេ ខ្ញុំបានផ្តល់គោលការណ៍នេះទៅប្រទេសឥណ្ឌូណេស៊ីរួចហើយ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបាននៅឡើយទេ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបដិសេធមិនធ្វើការអត្ថាធិប្បាយ ដោយឱ្យទាក់ទងទៅអ្នកនាំពាក្យក្រសួងការពារជាតិវិញ។
គោលគំនិតរបស់ឥណ្ឌូណេស៊ីដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ ក្នុងការបង្កើតឱ្យមានសមយុទ្ធយោធារួមរបស់អាស៊ាននោះ កើតមានឡើង ស្របពេលដែលភាពតានតឹងនៅសមុទ្រចិនខាងត្បូងបន្តកើតឡើង ហើយការប្រកួតប្រជែងយកឥទ្ធិពលនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិករវាងចិន និងសហរដ្ឋអាមេរិក ក៏ត្រូវគេមើលឃើញថាកាន់តែមានភាពស្រួចស្រាល់ទៅ ដោយសារមានការចងក្រងសម្ពន្ធសន្តិសុខជាបន្តបន្ទាប់ ដូចជា Quad និង Aukus ជាដើម។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា កាលដែលខាងភាគីកម្ពុជាសម្រេចមិនចូលរួមសមយុទ្ធយោធានេះ ដោយហេតុថា កម្ពុជាមិនចង់ឱ្យមានសកម្មភាពណាមួយដែលប៉ះពាល់ទំនាក់ទំនងកម្ពុជា-ចិន និងទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ាន។ លោកបន្ថែមថា ការមិនចូលរួមរបស់កម្ពុជាបង្ហាញថា នយោបាយសន្តិសុខរបស់សហគមន៍អាស៊ានមិនទាន់មានភាពរឹងមាំនៅឡើយ ហើយកម្ពុជាមិនចង់ឱ្យបញ្ហាណាមួយដែលអាចប៉ះពាល់មិត្តភាពរវាងកម្ពុជា និងចិន។
លោកថ្លែងថា៖ «ក៏ប៉ុន្តែកម្ពុជាយើងអាចបញ្ចៀសពីបញ្ហាដែលហៅថាអរិយភាពនៃការបង្កើតឱ្យមានភាពទំនាក់ទំនងមិនល្អជាមួយប្រទេសចិនដែរ ពីព្រោះកម្ពុជាចិនមានទំនាក់ទំនងដែលហៅថាពិសេស។ យើងចូលលក្ខណៈមិត្តភាពដែកថែប ឈានវិវត្តទៅរកត្បូងពេជ្រ អ៊ីចឹងប្រសិនបើយើងចូលទៅក្នុងជម្លោះនេះកម្ពុជាតែងតែបដិសេធមិនឱ្យមានជម្លោះនេះក្នុងក្របខណ្ឌអាស៊ានទេ។ អ៊ីចឹងកម្ពុជាប្រកាន់គោលការណ៍ ក៏ជាកិច្ចមួយល្អដែរ»។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លោក រ៉ឹម សុខវី លើកឡើងថាប្រសិនបើគោលនយោបាយការបរទេសរបស់កម្ពុជាផ្តោតទៅលើអាស៊ានពិតប្រាកដមែន កម្ពុជាមិនគួរបដិសេធមិនចូលរួមសមយុទ្ធយោធាក្នុងសមុទ្រចិនខាងត្បូងនោះទេ។
លោកថ្លែងថា៖ «អ៊ីចឹងសមយុទ្ធយោធានេះ វាអាចជាឱកាសមួយសម្រាប់ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ហើយមួយទៀតវាក៏អាចបង្ហាញពីការបេ្តជ្ញាចិត្តរបស់កម្ពុជានៅក្នុងការផ្តល់សិទ្ធិទៅលើអាស៊ានផងដែរ»។
អ្នកស្រាវជ្រាវរូបនេះបន្ថែមថាជម្លោះនៅសមុទ្រចិនខាងត្បូងជាមួយសមាជិកអាស៊ានដូចជាហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងព្រុយណេ កំពុងមានភាពតានតឹងខ្លាំង ជាពិសេសជាមួយវៀតណាម ដែលតំបន់ត្រួតស៊ីគ្នារវាងប្រទេសទាំងពីរអាចនឹងជះឥទ្ធិពលអវិជ្ជមានមួយចំនួន។
លោកថ្លែងថា៖ «ប្រសិនបើសមយុទ្ធយោធាហ្នឹងមានគោលដៅនៅក្នុងការពង្រឹងទំនាក់ទំនងយោធាក្នុងតំបន់ ខ្ញុំគិតថាហ្នឹងជារឿងល្អ។ ...ខ្ញុំគិតថាប្រហែលជាកម្ពុជាចង់ចូលរួមដែរ។ ក៏ប៉ុន្តែប្រសិនជាសមយុទ្ធយោធានេះ គឺមានគោលដៅបានន័យថាបង្ហាញពីឥទ្ធិពលរបស់ខ្លួន ជាពិសេសនៅពេលដែលចិនកំពុងតែមានការទាមទារខ្លាំងនៅក្នុងសមុទ្រចិនខាងត្បូង អ៊ីចឹងខ្ញុំគិតថាកម្ពុជាប្រាកដជាមិនចង់ចូលរួម»។
អគ្គមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីបានឱ្យដឹងកាលពីខែមិថុនាថាសមាជិកអាស៊ានទាំង១០ប្រទេសគ្រោងនឹងចូលសមយុទ្ធយោធាដំបូងរួមគ្នាក្នុងជម្លោះសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៥ ខែកញ្ញា។ ការធ្វើសមយុទ្ធរួមនេះ គ្រោងនឹងធ្វើឡើងនៅសមុទ្រ Natuna ខាងជើង ប៉ុន្តែប្រទេសឥណ្ឌូណេស៊ីបានផ្លាស់ប្តូរទីតាំង ដោយសារមានការព្រួយបារម្ភពីសមាជិកអាស៊ានមួយចំនួនអំពីការបង្ករឿងពីសំណាក់ប្រទេសចិន។ សមុទ្រ Natuna ខាងជើងក៏ជាផ្នែកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូណេស៊ីផងដែរ ប៉ុន្តែមានការទាមទារពីប្រទេសចិន៕
ភ្នំពេញ —