ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អាស៊ាន​អំពាវនាវ​កុំ​ឲ្យ​ប្រទេស​នានា​បង្កើត​ភាព​តានតឹង​ថ្មី​ទៀត


ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រទេស​នានា​បង្កើត​ភាព​តាន​តឹង​ថ្មី​ ហើយ​ព្យាយាម​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ដែល​មាន។

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​ពេល​បិទ​បញ្ចប់​កិច្ច​ប្រជុំ​អាស៊ាន ​រយៈ​ពេល​បី​ថ្ងៃ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាការតា។​

ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​លោក ​Joko Widodo ​បាន​ថ្លែង​ថា​ ​មេ​ដឹកនាំ​ទាំង​អស់​មាន​ការ​ទទួល​ខុស​ត្រូវ​ស្មើ​គ្នា ​ដោយ​មិន​បង្កើត​នូវ​ជម្លោះ​ថ្មី ​មិន​បង្កើត​ភាព​តាន​តឹង​ថ្មី​ និង​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ​មេ​ដឹកនាំ​ទាំង​អស់​មាន​ការ​ទទួល​ខុស​ត្រូវ​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ដែល​កំពុង​ឡើង​កំដៅ។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​អាច​ធានា​នៅ​ចំពោះ​មុខ​អ្នក​ថា ប្រសិន​បើ​យើង​មិន​អាច​គ្រប់​គ្រង​ភាព​ខុស​គ្នា​បាន​ទេ​ យើង​នឹង​ត្រូវ​បំផ្លាញ»។​

បញ្ហា​ក្នុង​តំបន់​ដូច​ជា​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ​និង​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ចិន​មាន​ជម្លោះ​ជាមួយ​សមាជិក​អាស៊ាន​ ៤ ​ប្រទេស​ រួម​មាន​ហ្វីលីពីន ​វៀតណាម​ ម៉ាឡេស៊ី ​និង​ព្រុយណេ ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ផង​ដែរ។ ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កើត​ឡើង​ ស្រប​ពេល​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​រាយ​ការណ៍​ថា ពិនិត្យ​មើល​ការ​ផ្គត់​ផ្គង់​ដល់​ប្រទេស​រុស្ស៊ី​នូវ​គ្រឿង​សព្វាវុធ​បន្ថែម​ទៀត​សម្រាប់​ការ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន។​

នៅ​ក្នុង​កិច្ច​ប្រជុំ​នា​សប្តាហ៍​នេះ​ អាស៊ាន​ក៏​បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ចំនួន​ជាមួយ​ប្រទេស​នានា​ក្នុង​នោះ ​មាន​កិច្ច​ប្រជុំ​អាស៊ាន​អាស៊ី​បូព៌ា ​ដែល​មាន​សមាជិក​អាស៊ាន​ទាំង​ ១០​ ប្រទេស​ រួម​មាន​សហរដ្ឋ​អាមេរិក ​ចិន​ ជប៉ុន​ អូស្រ្តាលី ​នូវែលសេឡង់ ​កូរ៉េ​ខាង​ត្បូង ​រុស្ស៊ី និង​ឥណ្ឌា​ជាដើម។​

នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​បីថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ៥ ដល់​ថ្ងៃ​ទី​ ៧ ខែ​កញ្ញា​ ​មេ​ដឹកនាំ​អាស៊ាន​ដែល​បច្ចុប្បន្ន​មាន​ ១០​ ប្រទេស​ រួម​ទាំង​កម្ពុជា​ផង​ដែរ​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​កំណើន​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ ដោយ​អំពាវនាវ​ប្រទេស​នានា​កុំ​ឲ្យ​បង្កើត​ភាព​តាន​តឹង​ថ្មី​ និង​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ដែល​ឡើង​កំដៅ។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​មេ​ដឹកនាំ​អាស៊ាន។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ ​«យើង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ភាព​តាន​តឹង​ភូមិសាស្រ្ត​នយោបាយ​ដែល​កាន់​តែ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់ ​និង​សង្កត់​ធ្ងន់​ទៅ ​លើ​តម្លៃ ​និង​ការ​ពាក់ព័ន្ធ​នៃ​ទស្សន​វិស័យ​របស់​អាស៊ាន​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​សម្រាប់​សន្តិភាព​ ស្ថិរភាព​និង​វិបុល​ភាព​របស់​អាស៊ាន»៕

XS
SM
MD
LG