ដើម្បីក្លាយជាក្រុមឈ្នះមួយ គឺត្រូវការកម្លាំងចិត្តប្ដេជ្ញាមុតមាំ។ ហើយក្រុមបាល់បោះជម្រើសជាតិកម្ពុជា គឺមានពោរពេញដោយកម្លាំងចិត្តខ្លាំង ចំពោះការចូលរួមប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «ស៊ីហ្គេម» (SEA Games) នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ ៣០ ខែសីហា ខាងមុខនេះ។
ប្រធានក្រុមបាល់បោះជម្រើសជាតិកម្ពុជា លោក Pek Mith អាយុ ៣១ឆ្នាំ បានថ្លែងប្រាប់ VOA ថា ក្រុមរបស់លោកនឹង «លេងឲ្យអស់ពីកម្លាំងចិត្ត»។ លោក Pek ដែលជាកីឡាករលេងនៅទីតាំងកណ្តាល បានបន្តថា៖
«ពួកយើងតំណាងឲ្យប្រទេសកម្ពុជាទាំងមូល។ ហើយពួកយើងក៏តំណាងឲ្យជនរួមជាតិនៅមាតុភូមិយើង និងនៅទីនេះផងដែរ គឺនៅសហរដ្ឋអាមេរិក»។
យ៉ាងណាក្តី ក្រុមបាល់បោះជម្រើសជាតិកម្ពុជាយល់ស្របថា កម្ពស់ខ្ពស់នឹងជាកត្តាមួយជួយដល់ការប្រកួតរបស់ពួកគេ។ កីឡាស៊ីហ្គេម ជាកម្មវិធីប្រកួតកីឡាច្រើនប្រភេទមួយ ស្រដៀងទៅនឹងកីឡាអូឡាំពិក ដែលអនុញ្ញាតឲ្យក្រុមកីឡានានាដាក់បញ្ចូលកីឡាករកើតនៅបរទេស ឬធំដឹងក្តីនៅបរទេស ដរាបណាកីឡាករទាំងនោះលេងឲ្យប្រទេសកំណើតរបស់ម្តាយឪពុកខ្លួន។
ស្របពេលក្រុមកំពុងត្រៀមលក្ខណៈចេញប្រកួតនៅក្រៅប្រទេសនាឆ្នាំនេះ ក្រុមបាល់បោះជម្រើសជាតិកម្ពុជាកំពុងរំពឹងលើកីឡាករផ្នែកប្រយុទ្ធ លោក Sophoeun Oeun កម្ពស់១,៩៣ម៉ែត្រ ដែលលោកជាកីឡាករអាជីពប្រចាំក្រុមបាល់បោះ Saigon Heat។
ចុចទស្សនា៖ កម្ពុជាដាក់បញ្ចូលខ្មែរអាមេរិកាំងក្នុងក្រុមបាល់បោះជម្រើសជាតិ ដើម្បីប្រកួតស៊ីហ្គេម
Your browser doesn’t support HTML5
ប៉ុន្តែលើសពីការចូលរួមប្រកួត ក្រុមបាល់បោះជម្រើសជាតិកម្ពុជាចង់បានមេដាយមាសផងដែរ។ ប្រសិនជាទទួលបានជោគជ័យ ក្រុមបាល់បោះជម្រើសជាតិកម្ពុជា នឹងកា្លយជាក្រុមការពារជើងឯក នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣។
បន្ថែមពីលើនេះទៀត វានឹងជារឿងដ៏អស្ចារ្យមួយ ប្រសិនបើក្រុមបាល់បោះជម្រើសជាតិកម្ពុជា អាចបំបាក់ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន ដែលជាក្រុមឈ្នះមេដាយមាសជាប់ជានិច្ច តាំងពីការប្រកួតបាល់បោះក្នុងកីឡាស៊ីហ្គេមចាប់ផ្តើមក្នុងឆ្នាំ ១៩៧៧ លើកលែងតែក្នុងឆ្នាំ ១៩៨៩ ដែលម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខមួយ។
ជាមួយនឹងមហិច្ឆតាដូចនេះហើយ ទើបក្រុមបាល់បោះកម្ពុជា ដាក់បញ្ចូលកីឡាករ ១០រូប ដែលមានប្រាំបួននាក់ពីសហរដ្ឋអាមេរិក និងម្នាក់ពីកាណាដា ដែលកីឡាករទាំងអស់មានកម្ពស់រវាង ១,៦៥ ម៉ែត្រ ដល់ ១,៩៣ម៉ែត្រ។ កីឡាករទាំង ១០រូបនេះ នឹងជួយក្រុមបាល់បោះជម្រើសជាតិកម្ពុជា ដែលមានកីឡាករសរុប ១២នាក់ ក្នុងការប្រកួតស៊ីហ្គេម ដែលធ្វើឡើងរាល់ពីរឆ្នាំម្តង នៅប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលមាន សរុប ១១ ប្រទេស។
លោក Rayvon Fouche សាស្រ្តាចារ្យរង និងប្រធានផ្នែកសិក្សាពីសហរដ្ឋអាមេរិកនៅមហាវិទ្យាល័យ Purdue បានប្រាប់ VOA ថា ប្រវត្តិកីឡានៅសហរដ្ឋអាមេរិកបង្ហាញថា ក្រុម ដែលទទួលបានជ័យជម្នះ គឺត្រូវបានជំរុញពីក្រោយដោយ «កិច្ចប្រឹងប្រែង និងបំណងប្រាថ្នា» របស់សាម៉ីខ្លួនកីឡាករម្នាក់ៗ។
លោកបានថ្លែងថា៖ «ហើយខ្ញុំគិតថា កម្លាំងចិត្តគឺ សំខាន់ខ្លាំងណាស់»។
ការសិក្សាស្រាវជ្រាវរបស់លោក Fouche ទៅលើទំនាក់ទំនងរវាងកីឡា បច្ចេកវិទ្យា និងវប្បធម៌ នៅសតវត្សទី២១ បានបង្ហាញថា ក្រុមដែលមានកីឡាករមិនសូវខ្លាំង ប៉ុន្តែមានឆន្ទៈខ្ពស់ តែងតែយកឈ្នះក្រុម ដែលគ្រាន់តែមានកីឡាករមានទេពកោសល្យ។
«នេះជាហេតុផល ដែលវប្បធម៌ និងសហគមន៍ ក៏ដូចជាអត្តសញ្ញាណនៅក្នុងកីឡា មានសារៈសំខាន់»។
លោកបានបន្ថែមថា៖
«ហេតុដូច្នេះហើយ ទើបមនុស្សទូទៅស្រឡាញ់កីឡាស៊ីហ្គេម និងកីឡាអូឡាំពិក ដោយសារតែការប្រកួត គឺដើម្បីមាតុភូមិរបស់អ្នក និងសម្រាប់ពលរដ្ឋដែលមានអត្តសញ្ញាណ និងវប្បធម៌ដូចអ្នក។ ការណ៍នេះធ្វើឲ្យអ្នកព្យាយាមប្រកួត តាមរបៀប ដែលអ្នកមិនធ្លាប់បានធ្វើពីមុនមក»។
នៅក្នុងឆ្នាំ ២០០៧ កីឡាករបាល់បោះផ្នែកការពារ លោក Sophean Toun អាយុ ៣១ឆ្នាំ គឺជាកីឡាករខ្មែរអាមេរិកាំងដំបូងគេ នៅក្នុងក្រុមបាល់បោះជម្រើសជាតិកម្ពុជា។ លោកនិយាយថា មោទនភាពជាតិ ជាកត្តាជំរុញទឹកចិត្តកីឡាករកើតនៅបរទេសឲ្យមកចូលរួមប្រកួត។ លោកបានថ្លែងថា៖
«ខ្ញុំមានអារម្មណ៍ថា នេះជាកាតព្វកិច្ចរបស់យើង ដែលត្រូវប្រឹងប្រែងនៅក្នុងការប្រកួតបាល់បោះ ដើម្បីមោទនភាព ដែលគ្រប់គ្នាមានជា ពលរដ្ឋកម្ពុជា»។
មោទនភាពជាតិ ជាកត្តាជំរុញចិត្តមួយដល់លោក Sokhary Chau អាយុ ៤៤ឆ្នាំ ដែលលោកជាអ្នកគ្រប់គ្រងក្រុមហ៊ុនច្បាប់មួយនៅក្រុង Boston។ នាពេលបច្ចុប្បន្ន ជាប្រធានសមាគមបាល់បោះអាមេរិកកម្ពុជា ទើបតែបង្កើតថ្មីមួយ នៅក្រុង Lowell រដ្ឋ Massachusetts។ លោកកំពុងស្នើដល់សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក ឲ្យជួយឧបត្ថម្ភដល់កីឡាករខ្មែរអាមេរិកាំង។ យ៉ាងណាក្តី កីឡាករខ្មែរអាមេរិកាំង ត្រូវរ៉ាប់រងលើចំណាយដោយខ្លួនឯង ដើម្បីចូលរួមប្រកួតនៅក្នុងកីឡាស៊ីហ្គេម។
លោក Sokhary យល់ថា កីឡាបាល់បោះជាមធ្យោបាយមួយដើម្បីពង្រឹងកម្លាំងសាមគ្គីភាពនៅក្នុងសហគមន៍។ លោកបាននិយាយថា៖
«សម្រាប់អ្នកដែលលេងកីឡាជាទូទៅ ពួកគេធ្វើបានល្អនៅសាលា ក៏ដូចជានៅក្នុងជីវិតរបស់ពួកគេ»។
លោកបានបន្ថែមថា៖
«ហើយពួកគេបានក្លាយជាអ្នកដឹកនាំ។ នៅពេលពួកគេប្រកួត ពួកគេគិតពីសីលធម៌ល្អក្នុងការប្រកួត និងរបៀបលេងស្រុះគ្នាក្នុងក្រុម»។
លោក Sokhary បានលើកឡើងថា ការចូលរួមប្រកួតកីឡាបាល់បោះនេះមានផលប្រយោជន៍មួយទៀត គឺជួយលុបបំបាត់ភាពមិនចុះសម្រុងគ្នានៅក្នុងសហគមន៍ខ្មែរអាមេរិកាំង។ លោកបាននិយាយថា៖
«កីឡានាំឲ្យមនុស្សរួមសាមគ្គីគ្នា។ មិនថា អ្នកជាអ្នកមាន ឬអ្នកក្រទេ... គឺទាំងអស់គ្នាគាំទ្រក្រុមខ្លួនឯងផ្ទាល់។ ហើយក្នុងករណីនេះ យើងគាំទ្រប្រទេសរបស់យើង»។
លោក Austin Koledoye អាយុ ៥០ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលរស់នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៧មក។ លោកជា គ្រូបង្វឹកក្រុមបាល់បោះជម្រើសជាតិកម្ពុជាផ្ទាល់។ លោកបានថ្លែងថា មិនមែនជារឿងខុសពីធម្មតានោះទេ ដែលប្រទេសនានាស្វះស្វែងរកកីឡាករល្អបំផុតនោះ មិនថា កីឡាករទាំងនោះមានសញ្ជាតិណាមួយនោះទេ។ លោកបានបន្ថែមថា កីឡាករ ដែលលោកបាននាំមកចូលក្នុងក្រុមមិនមែនជា «ជនបរទេស» ឡើយ។ កីឡាករទាំងនោះជា ជនជាតិខ្មែរ ហើយការចូលរួមរបស់ពួកគេ នឹងជួយដល់ប្រទេសកម្ពុជា ដែលឥឡូវនេះ មានឈ្មោះមួយនៅក្នុងវិស័យបាល់បោះអន្តរជាតិ។ លោក Austin បាននិយាយថា៖
«នេះជារឿងរ៉ាវជោគជ័យមួយ។ គ្មាននរណាម្នាក់គិតស្មានថា ប្រទេសកម្ពុជានឹងមានជោគជ័យដូចនេះ កាលពី ១៥ឆ្នាំមុនទេ»។
លោក Fouche និយាយថា កីឡាករ ដែលមកពីសហរដ្ឋអាមេរិក មានកាយសម្បទា និងបច្ចេកទេសខ្លាំងជាងកីឡាករក្នុងស្រុក ពីព្រោះពួកគេមានកម្ពស់ខ្ពស់ អាហារបំប៉នល្អ និងទទួលបានការបង្វឹកល្អ។ ទាំងនេះហើយជាកត្តា ដែលនាំឲ្យមានការអាក់អន់ចិត្តនៅក្នុងក្រុម ដែលមានកីឡាករចម្រុះគ្នា។ លោកបាននិយាយថា៖
Your browser doesn’t support HTML5
«គេអាចគិតថា នេះជាប្រទេសរបស់ខ្ញុំ។ វប្បធម៌របស់ខ្ញុំ។ អត្តសញ្ញាណរបស់ខ្ញុំ។ តែក្រោយមក មានអ្នកដទៃ ដែលមិនសូវយល់ដឹងពីអ្វីទៅជា ការរស់នៅប្រចាំនៅកម្ពុជា ឬមានអ្នកពីស្រុកផ្សេង មកចូលរួម ហើយនិយាយថា ឥឡូវនេះ គឺពួកគេជាអ្នកតំណាងឲ្យក្រុមជម្រើសជាតិ។ ពិតណាស់ ការណ៍នេះនឹងធ្វើឲ្យមានការអាក់អន់ចិត្តក្នុងក្រុម»។
លោក Sok Tour អាយុ ៣០ឆ្នាំ ជាពលរដ្ឋខ្មែរម្នាក់ រស់នៅក្រុងភ្នំពេញ។ លោកបានចូលនិវត្តន៍ពីវិស័យកីឡា បន្ទាប់ពីការប្រកួតស៊ីហ្គេមឆ្នាំ ២០១៥ ហើយឥឡូវនេះលោកជា គ្រូបង្វឹកក្រុមបាល់បោះជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ។ លោកបាននិយាយថា មិនមានការខឹង ឬអន់ចិត្តណាមួយ ចំពោះកីឡាករកើតនៅបរទេសនោះទេ។ លោកបានថ្លែងថា៖
«បច្ចេកទេសរបស់កីឡាករកម្ពុជា នៅមានកម្រិតនៅឡើយ។ នៅពេលយើងប្រកួតដើម្បីតំណាងឲ្យកម្ពុជា យើងចង់បានខ្មែរនៅអាមេរិក ពីព្រោះ ពួកគេមានជំនាញក្នុងការប្រកួតបាល់បោះ។ យើងចង់បានអ្នកមានបទពិសោធន៍ និងចង់បានជំនួយពីពួកគេ»។
លោក Koledoye និយាយថា កីឡាករខ្មែរអាមេរិកាំង ដើរតួសំខាន់ជាគំរូដល់កីឡាករខ្មែរក្នុងស្រុក។ លោកបានលើកឡើងថា៖
«ពួកគេផ្អាកការងារ និងចាកចេញពីគ្រួសារ ដើម្បីមកជួយលេងក្នុងក្រុមជម្រើសជាតិ។ នេះជាស្មារតីខ្មែរជាធ្លុងមួយ»៕