សាលា​ភូមិន្ទ​ចៅក្រម​ប្រឡង​ជ្រើសរើស​ចៅក្រម​៥០​នាក់​បន្ថែម​ ​ដើម្បី​បំពេញ​តម្រូវការ​តាម​តុលាការ

រូបឯកសារ៖​ ចៅក្រុម​ចំនួន​៥៥នាក់​ថ្មី ដែលត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដោយ​ព្រះ​មហាក្សត្រ។

ការ​ប្រឡង​ជ្រើសរើស​ចៅក្រម​ជំនាន់​ទី៩​ ​កំពុង​ដំណើរការ​ទៅ​នៅ​ថ្ងៃអង្គារ​ ​និង​ថ្ងៃពុធ​ ​សប្ដាហ៍​នេះ​ ​ដោយ​មាន​បេក្ខជន​ចូលរួម​ជាង​៧០០​នាក់។

នៅ​សប្ដាហ៍​នេះ​ ​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​ចៅក្រម​ចំនួន​៥០​នាក់​បន្ថែម​ ​ដើម្បី​បំពេញ​តម្រូវការ​តាម​តុលាការ​នា​នា​ទូទាំង​ប្រទេស​កម្ពុជា។​ ​នេះ​បើ​តាម​មន្ត្រី​តុលាការ​និង​សេចក្ដី​ជូន​ដំណឹង​ដែល ​VOA​ ​បាន​ទទួល។

សេចក្ដី​ជូន​ដំណឹង​ ​ចេញ​កាលពី​ថ្ងៃ​ទី​៣០​ ​ខែ​តុលា​ ​ឆ្នាំ​២០១៨​ ​និង​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​ ​បញ្ជាក់​ថា​ ​បេក្ខជន​ចៅក្រម​ចំនួន​ជាង​៧០០នាក់​ ​បាន​ចូលរួម​ការ​ប្រឡង​ក្នុង​ការ​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី៩​ ​ចំនួន​៥០​នាក់។​ ការ​ប្រឡង​នោះ​ ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​២ថ្ងៃ​ ​គឺ​នៅ​ថ្ងៃ​ទី៦​ ​និង​ទី៧​ ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ លើ​មុខវិជ្ជា​សំខាន់ៗ​ចំនួន៤​ ​គឺ​ក្រម​ព្រហ្មទណ្ឌ​ ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ​ក្រមរដ្ឋប្បវេណី​ ​និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី។

​លោក​ ​កេង​ ​សុម៉ារិទ្ធ​ ​នាយក​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​ ​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិចត្រូនិក​តេឡេក្រាម​ ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម ​ត្រូវ​បាន​ធ្វើឡើង​ចំនួន​៨​ជំនាន់​រួចមក​ហើយ​ ​ចាប់តាំង​ពី​ឆ្នាំ២០០៣មក។​ ​លោក​បន្ថែម​ថា​ ​ក្នុង​មួយ​ជំនាន់ៗ​ត្រូវ​ជ្រើសរើស​ចៅក្រម​ចំនួន​៥០​រូប​ ​តាមរយៈ​ការ​ប្រឡង​ដែល​មាន​វិញ្ញាសា​សរសេរ​ ​និង​ផ្ទាល់​មាត់​ចំនួន​២ថ្ងៃ​ ​និង​៥រូប​ផ្សេង​ទៀត​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ការ​ស្បថ។

បេក្ខជន​ដែល​ជាប់​វិញ្ញាសា​សរសេរ​ ​ត្រូវ​ឆ្លងកាត់​ដំណាក់​កាល​ទី២​ ​ដែល​ជា​វិញ្ញាសា​ផ្ទាល់មាត់​ ​លើ​មុខវិជ្ជា​ចំនួន​បី​ ​គឺ​នីតិរដ្ឋ​ធម្មនុញ្ញ​ ​នីតិ​ភូមិបាល​ ​និង​វប្បធម៌​ទូទៅ។

​លោក​បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

​«ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ត្រូវ​បាន​ធ្វើឡើង​រៀងរាល់​២ឆ្នាំ​ម្ដង​ ​ប៉ុន្តែ​រហូត​មក​ដល់​ជំនាន់​ទី៧​ ​និង​ជំនាន់​ទី៨​ ​និង​ជំនាន់​ទី៩នេះ​ ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ ត្រូវ​បាន​ធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ​ ​ដោយ​ផ្អែក​តាម​តម្រូវការ​ចៅក្រម​ ​ព្រះ​រាជអាជ្ញា​ជាក់ស្ដែង​នៅ​តាម​សាលា​ដំបូង​ ​និង​អយ្យការ​អម​សាលា​ដំបូង»។​

​លោក​ ​កេង សុម៉ារិទ្ធ​ ​បន្ថែម​ថា​ ​បេក្ខជន​ដែល​អាច​ប្រឡង​សិស្ស​ចៅក្រម​បាន​ ​ត្រូវ​បាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ ​មាន​អាយុ​៣៥​ឆ្នាំ​យ៉ាង​ច្រើន​ សម្រាប់​បេក្ខជន​ជា​និស្សិត​ ​និង​មាន​អាយុ​៤០ឆ្នាំ​យ៉ាង​ច្រើន​សម្រាប់​បេក្ខជន​ជា​មន្ត្រី​រាជការ។​ ​បេក្ខជន​ត្រូវ​មាន​សញ្ញាប័ត្រ​ចាប់ពី​បរិញ្ញាបត្រ​ឡើង​ទៅ​ និង​មិន​ដែល​មានទោស​ពី​បទ​មជ្ឈិម​ ​ឬ​បទ​ឧក្រិដ្ឋ​ ​ហើយ​ត្រូវ​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ ដែល​អាច​បំពេញ​ការងារ​បាន។

​ជា​ទូទៅ​ ​វិស័យ​តុលាការ​នៅ​កម្ពុជា​ ​តែង​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ ​ថា​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​ការងារ​ ​ជាពិសេស​ចៅក្រម​និង​ព្រះរាជអាជ្ញា​ជាដើម។

លោក​ ​កេង​ ​សុម៉ារិទ្ធ​ ​នាយក​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ ក្នុងខួប​លើកទី១៥ នៃ​ការ​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ ២០១៨។ (កាន់ វិច្ឆិកា/VOA)

​លោក​ ​កេង​ ​សុម៉ារិទ្ធ​ ​នាយក​សាលា​ភូមិន្ទ​ចៅក្រម​ ​និង​ជា​កូនប្រុស​របស់​លោក​ ​ជីវ​ ​កេង​ ​អនុប្រធាន​តុលាការ​កំពូល​ផង​នោះ​ ​លើកឡើង​ថា​ ​ការ​ប្រឡង​ប្រជែង​សិស្ស​ចៅក្រម​ក្នុង​រយៈពេល​ប៉ុន្មាន​ជំនាន់​ចុង​ក្រោយ​នេះ​ ​ជា​ការ​ប្រឡង​ដែល​មាន​ភាព​សុក្រឹត្យ​បំផុត​ ​ដោយ​សារ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ចូល​រួម​ ​ដូចជា​ ​ក្រសួង​យុត្តិធម៌ ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជាដើម។

​លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ការ​លើកឡើង​ថា​ ​ការ​ប្រឡង​ប្រជែង​ជ្រើស​រើស​សិស្ស​ចៅក្រម​តែងតែ​មាន​អំពើ​ពុករលួយ​ ​និង​ការ​សូកប៉ាន់​ជា​ថ្នូរ​ដើម្បី​បាន​ជាប់​ជាដើម​ ​វា​ជា​ការ​លើកឡើង​មួយ​ដែល​គ្មាន​មូលដ្ឋាន​ ​និង​សម្អាង​អ្វី​ទាំងអស់​ ​ហើយ​វា​ជា​ពាក្យ​ចចាមអារ៉ាម​ ​ដែល​យើង​តែងតែ​ឮ​វា​កាលពី​ពី​យូរ​ណាស់​មក​ហើយ​ ​ប៉ុន្តែ​យើង​មិនដែល​បន្ត​ឮ​វា​ឡើយ​នៅ​ក្នុង​អំឡុង​នៃ​ការ​ជ្រើសរើស​ពីរបី​ជាន់​ចុង​ក្រោយ​នេះ»។

ក្នុង​ពេល​បច្ចុប្បន្ន​ ​កម្ពុជា​មាន​ចៅ​ក្រម​ចំនួន​២៥៩​រូប ​និង​ព្រះរាជ​អាជ្ញា​ចំនួន​១៤០​រូប ​កំពុង​ធ្វើ​ការ​ក្នុង​តុលាការ​នា​នា​ទូទាំង​ប្រទេស។​ នេះ​បើ​តាម​របាយការណ៍​ស្ថិតិ​សិស្ស​ចៅក្រម ដែល​ផ្ដល់​ដោយ​លោក កេង សុម៉ារិទ្ធ។​

​លោក​ ​សន ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ប្រាប់​ ​VOA​ ​ថា​ ​ការ​ប្រឡង​ប្រជែង​ចៅក្រម​ប្រកប​ដោយ​ភាព​សុក្រឹត​ ​មិន​មានការ​សូកប៉ាន់​ ​និង​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការអនុវត្ត​ការងារ​របស់​ចៅក្រម​និង​ព្រះរាជអាជ្ញា​ ​មាន​ភាព​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ។

ផ្ទុយទៅវិញ​លោក​ថា​ ​ប្រសិន​បើ​ចៅក្រម​កើត​ចេញពី​ការ​សូកប៉ាន់​ដើម្បី​បាន​ក្លាយ​ជា​ចៅក្រម​ ​នោះ​នឹង​ធ្វើឲ្យ​ការ​កាត់​សេចក្ដី​មាន​ភាព​អយុត្តិធម៌​ក្នុង​សង្គម។​

លោក​បញ្ជាក់​ថា៖​

​«ចៅក្រម​ជា​អ្នក​សម្រេច​រឿង​ក្ដី​ ​អញ្ចឹង​បើសិនជា​ពួកគេ​បាន​ប្រព្រឹត្ត​ការ​សូកប៉ាន់​ណាមួយ​ដើម្បី​បាន​តំណែង​ ​ពេលនោះ​ហើយ​វា​គឺជា​ភាព​អស់សង្ឃឹម​មួយ​សម្រាប់​ភាព​យុត្តិធម៌​នៅ​ក្នុង​សំណុំ​រឿង​ ​ជា​ពិសេស​អ្នក​ក្រីក្រ​ ​អ្នក​ដែល​មិន​មានលទ្ធភាព​ដើម្បី​សូកប៉ាន់​ ​ហើយ​ពួកគេ​ក៏​មិន​សង្ឃឹម​ថា​នឹង​បាន​យុត្តិធម៌​ដែរ»។

​កាលពី​ខែ​កុម្ភៈ​ ​ឆ្នាំ២០១៧​ ​អង្គការ​តម្លាភាព​អន្តរជាតិ​ ​(Transparency International)​ ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ស្ដីពី​ការវាស់វែង​អំពី​អំពើ​ពុករលួយ​ជា​សាកល​ឆ្នាំ២០១៦​ ​ដោយ​បង្ហាញ​ថា ​ប្រជា​ពលរដ្ឋ​ខ្មែរ ​បាន​ចាត់​ទុក​មន្ត្រី​តុលាការ​ ​ប៉ូលិស​ ​និង​មន្ត្រី​រដ្ឋាភិបាល​ថា​ ​ពុករលួយ​ជាងគេ។​

​កាលពី​ខែ​មករា​ ​ឆ្នាំ២០១៧​ ​អង្គការ​តម្លាភាព​ក៏បាន​ចេញ​របាយការណ៍​មួយផ្សេងទៀត​ ​ស្ដីពី​ស្ថាន​ភាព​អំពើ​ពុករលួយ​នៅ​ទូទាំង​ពិភពលោក​សម្រាប់​ឆ្នាំ២០១៦។​ ​របាយការណ៍​នោះ​បាន​ឲ្យដឹង​ថា​ ​ស្ថាន​ភាព​អំពើ​ពុករលួយ​នៅ​កម្ពុជា​ ​គឺ​ជាប់​ជាប់​លេខ​១៥៦​ ​ក្នុងចំណោម​១៧៦​ប្រទេស​ ​នៅ​ទូទាំង​ពិភព​លោក​ ​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទាប​បំផុត​ទី៣​ ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​និង​ជាប់​ចំណាត់​ថ្នាក់​ក្រោម​គេ​នៅ​តំបន់​អាស៊ាន។

​យ៉ាងណាក្ដី​ ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​លោក​ ​ឱម យ៉ិនទៀង​ ​ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​នោះ ​បាន​ច្រានចោល​របាយការណ៍​នោះ​ ​ដោយ​ចាត់​ទុក​ថា វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ចរិត​នយោបាយ​លាប​ពណ៌៕