រដ្ឋលេខាធិការក្រសួងមហាផ្ទៃឲ្យដឹងថា ក្នុងឆ្នាំ២០១៩ កម្ពុជាបានកត់ត្រាថាស្រ្តីខ្មែរ ១១១ នាក់ បានវិលត្រឡប់ពីប្រទេសចិនមកកម្ពុជាវិញ ដោយពួកគេអះអាងថា ត្រូវបានបង្ខំឲ្យរៀបការជាមួយជនជាតិចិន។
អ្នកធ្វើការពាក់ព័ន្ធនឹងបញ្ហាស្រ្តី និងចំណាកស្រុកបង្ហាញក្តីព្រួយបារម្ភចំពោះការរៀបការជាមួយជនជាតិចិន ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរបានកត់ត្រាស្រ្តីចំនួន ១១១ នាក់នេះ ក្រោយពួកគេត្រឡប់មកពីប្រទេសចិន ហើយបានរាយការណ៍អំពីការ«រៀបការបង្ខំឬក្លែងក្លាយ»។ លោកស្រីបន្តថា ស្រ្តីទាំងនោះចេញទៅប្រទេសចិនមុនឆ្នាំ ២០១៩ ហើយពួកគេទើបត្រឡប់មកវិញ។
លោកស្រីមានប្រសាសន៍ថា៖ «ពួកគាត់ហ្នឹងបានទៅមុនហ្នឹងរួចហើយ ហើយនៅពេលគាត់មិនមានភាព គេហៅថាសុខសប្បាយ ឬមួយក៏ត្រូវតាមបំណងប្រាថ្នារបស់គាត់ គាត់បានវិលត្រឡប់មកវិញក្នុងឆ្នាំ២០១៩»។
លោកស្រីឲ្យដឹងទៀតថា៖ «តាមចម្លើយរបស់ស្រ្តីទាំងអស់ហ្នឹង គាត់ថា មានអាពាហ៍ពិពាហ៍ទៅប្រទេសក្រៅហ្នឹង ដោយបង្ខំ ឬមួយក៏អីអ៊ីចឹង។ ប៉ុន្តែមានពេលខ្លះមិនទាន់សន្មត ១០០ ភាគរយទេដោយសារយើងត្រូវការការអង្កេតនៅលើករណីអស់ហ្នឹងទៀត ប៉ុន្តែភាគច្រើនស្រ្តីអស់ហ្នឹង គាត់មានបញ្ហាត្រង់ថា ពេលដែលគាត់ទៅហើយ ពេលដែលគាត់នៅក្នុងគ្រួសារមួយដែលមានបញ្ហា អ៊ីចឹងគាត់ចង់ត្រឡប់មកវិញ។ អ៊ីចឹងគាត់ចាត់ទុកថា អ្វីដែលគាត់បានគូស្រករនៅទីនោះ គឺជារឿងក្លែងក្លាយ»។
លោកស្រីបន្ថែមថា ពួកគេចាញ់បោកមេខ្យល់ ទើបធ្លាក់ខ្លួនទៅនៅប្រទេសចិន ហើយរៀបការជាមួយជនជាតិចិននៅទីនោះ។
លោកស្រី ជូ ប៊ុនអេង ឲ្យដឹងទៀតថា ការរៀបការក្លែងក្លាយក៏មានកើតឡើងលើស្រ្តីខ្មែរដែលទៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗនៅអឺរ៉ុបផងដែរ ប៉ុន្តែលោកស្រីថា ស្រ្តីខ្មែរទាំងនោះមិនបានរាយការណ៍មកអាជ្ញាធរនោះទេ។
លោកស្រីបញ្ជាក់ថា៖ «ហើយក៏មិនមានន័យថាទៅប្រទេសដទៃមិនមានអាពាហ៍ពិពាហ៍ក្លែងក្លាយដែរ។ យើងក៏ធ្លាប់ដឹងដែរ សូម្បីតែទៅសហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលី ឬមួយក៏ទៅប្រទេសនៅសហភាពអឺរ៉ុបមានពេលខ្លះ គេហៅអាពាហ៍ពិពាហ៍ក្លែងក្លាយដែរតើ។ ប៉ុន្តែពួកគាត់ច្រើនតែដោះស្រាយបញ្ហានៅប្រទេសគោលដៅហ្នឹងទៅ ហើយគាត់មិនដែលបានរាយការណ៍ត្រឡប់មកវិញពីរឿងការចង់ត្រឡប់មកស្រុកវិញទេ ពីព្រោះគាត់គ្រាន់តែធ្វើជាឈ្នាន់ដើម្បីបានទៅស្រុកគេ។ ប៉ុន្តែដូចនៅប្រទេសចិនអ៊ីចឹង ដោយសារគាត់រស់នៅទីនោះអត់បាន ដោយសារតែទំនៀមទម្លាប់ ឬមួយក៏ប្រពៃណីនៅក្នុងការរស់នៅក្នុងគ្រួសារវាខុសគ្នា ហើយទទួលសម្ពាធផ្លូវចិត្ត ផ្លូវកាយអីហ្នឹង គាត់នៅអត់បាន»។
លោកស្រី ជូ ប៊ុនអេង ជំរុញឲ្យស្រ្តីខ្មែរដែលចង់រៀបការជាមួយជនបរទេស គួរដាក់ពាក្យទៅក្រសួងការបរទេស និងក្រសួងមហាផ្ទៃ ដែលនឹងមានការស៊ើបអង្កេតដើម្បីធានាថា ពួកគេមានសុវត្ថិភាព មិនចាញ់បោកការជួញដូរ។
លោកស្រីឲ្យដឹងទៀតថា ក្នុងឆ្នាំ ២០១៩ មានការស្នើសុំរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសចំនួន ២.៦៤១ គូ ប៉ុន្តែរដ្ឋាភិបាលអនុញ្ញាតចំនួន ២.០១៦ គូតែប៉ុណ្ណោះ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា៖ «អ៊ីចឹងយើងនៅពិនិត្យ ហើយបើសិនរកឃើញថា មិនទំនង យើងចង់និយាយថាដែលគួរឲ្យសង្ស័យ គឺយើងមិនបានអនុញ្ញាតទេ ហើយសុំឲ្យគាត់វិលត្រឡប់ទៅបំពេញបែបបទវិញឲ្យបានត្រឹមត្រូវ»។
យោងតាមកំណត់ទូតរបស់កម្ពុជា ចុះខែមីនា ឆ្នាំ ២០១១ អាពាហ៍ពិពាហ៍រវាងជនបរទេសនិងពលរដ្ឋខ្មែរត្រូវធ្វើឡើងទៅតាមគោលការណ៍ស្ម័គ្រចិត្ត ដែលចេញពីឆន្ទៈផ្ទាល់របស់សាមីខ្លួនទាំងសងខាង ដោយគ្មានការបង្ខំ ឬការបន្លំបោកប្រាស់។ កាលណោះក្រសួងការបរទេសបានកំណត់ថា ជនបរទេសដែលរៀបអាពាហ៍ពិពាហ៍ អាយុមិនត្រូវឲ្យលើសពី ៥០ ឆ្នាំ និងត្រូវមានប្រាក់ចំណូលយ៉ាងតិច ២.៥០០ ដុល្លារក្នុងមួយខែ។ ប៉ុន្តែក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រសួងការបរទេសកម្ពុជាបានដកបម្រាមកំណត់អាយុវិញ គឺថា ជនបរទេសដែលមានអាយុលើស ៥០ ឆ្នាំ ក៏អាចរៀបការជាមួយនារីខ្មែរបានដែរ។
លោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកស្រ្តី និងកុមារនៃសមាគមអាដហុក ដែលធ្វើការលើការជួយពលរដ្ឋខ្មែរដែលចាញ់បោកគេនៅបរទេស មានប្រសាសន៍ថា ការរៀបអាពាហ៍ពិពាហ៍ទៅប្រទេសចិនមិនមែនជាការព្រមព្រៀងគ្នាទេ គឺដោយសារមានមេខ្យល់ទៅលួងលោម និងទាក់ទាញប្រជាពលរដ្ឋនៅតាមជនបទដោយសន្យាថា ពួកគេនឹងមានការងារល្អ និងប្រាក់ខែច្រើន។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំសម្ភាសជាមួយពួកគាត់ ភាគច្រើនគាត់ថាទៅអាចនឹងមានការងារធ្វើបែបនេះបែបនេះ បានប្រាក់ខែប្រហែលប៉ុននេះ ហើយអ្នកឯងអាចអាចនឹងមានប្តីចិន ដែលគាត់ជាអ្នកមាន មានប្រាក់ខែធូរធារ ហើយស្អាតអីអ៊ីចឹងទៅ»។
លោកស្រីបន្ថែមថា៖ «បានន័យថាគាត់អត់បានឃើញភាគីខាងប្រុសហ្នឹងយ៉ាងម៉េចទេ ប៉ុន្តែគាត់ជឿទៅលើការលួងលោមរបស់មេខ្យល់ ហើយគាត់ក៏មិនដឹងពីនីតិវិធីច្បាប់ថា ការរៀបអាពាហ៍ពិពាហ៍ ដោយស្របច្បាប់ត្រឹមត្រូវរូបភាពយ៉ាងណានោះដែរ។ ភាគច្រើនករណីដែលខាងយើងទទួលបាន គឺគាត់ចាញ់បោកមេខ្យល់ ដោយមានករណីខ្លះក្រោមរូបភាពទៅធ្វើការនៅក្រៅប្រទេស។ ករណីខ្លះគាត់ប្រាប់ថាទៅយកប្តីចិន ប្តីដែលគាត់ពេញចិត្ត ហើយដែលអាចផ្តល់ថវិកាមួយចំនួនដែលអាចជួយគាំទ្រជីវភាពគ្រួសាររបស់គាត់នៅខ្មែរ ហើយនឹងជីវភាពគាត់នៅទីនោះមានភាពប្រសើរ»។
បើតាមលោកស្រី មាស សាអ៊ីម សមាគមអាដហុក បានសម្ភាសស្រ្តីម្នាក់មកពីប្រទេសចិន កាលពីចុងខែមេសា ឆ្នាំ ២០២០ ដោយគាត់ត្រឡប់មកពីប្រទេសចិនវិញ កាលពីដើមខែមេសា។ លោកស្រីបន្តថា ស្រ្តីម្នាក់នោះបានទៅប្រទេសចិន កាលពីឆ្នាំ ២០១៣ ហើយសមាគមបានទទួលពាក្យបណ្តឹងកាលពីឆ្នាំ ២០១៧។ លោកស្រីថា កាលពីដើមឡើយស្រ្តីនោះរៀបការជាមួយស្វាមីជនជាតិចិន ហើយបន្ទាប់មកត្រូវបានបោកយកទៅលក់ឲ្យជនជាតិចិនម្នាក់ទៀត រហូតដល់មានកូនប្រុសម្នាក់អាយុ ៤ ឆ្នាំ។
លោកស្រីមានប្រសាសន៍ថា៖ «ប្តីចិនលក់គាត់ទៅឲ្យមួយដំណាក់ទៀត ចុងក្រោយទៅឲ្យជនជាតិចិនដែលគាត់ក្រពិបាក ហើយតាមពិតគាត់បង្ខំរស់នៅ បានន័យថា គាត់សប្បាយចិត្តនឹងរស់នៅនឹងប្តីចុងក្រោយ ប៉ុន្តែជីវភាពពិបាកខ្លាំងជាមួយនឹងប្តីក្រោយនេះ»។
មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ប្រទេសចិនមិនមែនជាកន្លែងល្អសម្រាប់ការរៀបការរវាងស្រ្តីខ្មែរនិងជនជាតិចិននោះទេ ខណៈលោកនៅតែព្រួយបារម្ភអំពីការជួញដូរស្រ្តីខ្មែរនៅទីនោះជាបន្ត។
លោកមានប្រសាសន៍ថា៖ «យើងអត់ដឹងចេតនានៃជនជាតិចិនហ្នឹងយ៉ាងម៉េចទេ។ វាស្ថិតក្នុងភាពហេងស៊យ។ បើអ្នកណាហេង ក៏ជួបមនុស្សប្រុស គេយកស្រឡាញ់ពិតប្រាកដ។ ខ្លះវាស៊យប្រឈមនឹងការលក់បន្ត»។
លោកបន្តថា៖ «ការណ៍ពិតប្រាកដ ទៅរស់នៅពិតប្រាកដ ប៉ុន្តែលក្ខខណ្ឌពិបាកបំផុត។ អាលក្ខខណ្ឌមួយទៀត គឺពួកហ្នឹងម៉ាហ្វៀដើររកស៊ីអ៊ីចឹងតែម្តង។ ត្រូវចំណាយបួនប្រាំពាន់ដុល្លារក្នុងការរៀបការយកទៅលក់បាន ៣ ម៉ឺនដុល្លារ។ ជាទូទៅ លក់មិនក្រោម ២៥.០០០ ទៅ ៣០.០០០ ដុល្លារទេ»។
លោក ឌី ថេហូយ៉ា ពន្យល់ថា ក្នុងប្រទេសចិន គេនិយមកូនប្រុស ដែលនាំឲ្យខ្វះស្រ្តី។ មនុស្សប្រុសពិបាករកភរិយា ដោយសារខ្វះមនុស្សស្រី។ លោកបន្តថា បុរសជនជាតិចិនអាចរកភរិយាបាន ទាល់តែពួកគេជាអ្នកមាន។ ដូច្នេះលោកថា ពួកគេបានស្វែងរកនារីខ្មែរ។
VOA មិនអាចសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈសារអេឡិចត្រនិក ឬអ៊ីម៉ែលបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា ការរៀបការរវាងស្រ្តីខ្មែរនិងជនជាតិចិន ស្ថានកុងស៊ុលមិនបានដឹងនោះទេ ដោយសារវាជាការរៀបចំតាមរយៈមេខ្យល់។ លោកបន្តថាកន្លងទៅ អាជ្ញាធរកម្ពុជានៅប្រទេសចិន តែងតែជួយស្រ្តីខ្មែរដែលរងគ្រោះជាបន្តបន្ទាប់។
លោកមានប្រសាសន៍ថា៖ «កន្លងមកសាមីខ្លួនតែងតែរត់មកស្ថានទូត ឬក៏ស្ថានអគ្គកុងស៊ុល ហើយរត់រកឲ្យអាជ្ញាធរចិនជួយ ឬក៏អង្គការមិនមែនរដ្ឋាភិបាលផ្សេងៗជួយ។ យើងតែងតែធ្វើអន្តរាគមន៍ជួយ ហើយនាំគាត់ បញ្ជូនគាត់ត្រឡប់មកប្រទេសយើងវិញបាទ»៕