កម្ពុជា​រកឃើញ​ជំងឺ​កូវីដ១៩​មួយ​ករណី​ទៀត​លើ​បុរស​ខ្មែរ​អាមេរិកាំង​ទើប​មក​ពី​អាមេរិក

រូបឯកសារ៖ អ្នក​ដំណើរ​ដើរ​ចូល​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​អំឡុង​ពេល​មាន​ជំងឺរាតត្បាត​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ក្រសួង​សុខាភិបាល​បញ្ជាក់​បន្ថែម​ថា​ បុរស​ខ្មែរ​មាន​សញ្ជាតិ​អាមេរិកាំង​​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ជំងឺ​កូវីដ១៩​នោះ «បច្ចុប្បន្ន​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​រួច​ហើយ»។​

ប្រទេស​កម្ពុជា ​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​លើ​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​អាមេរិកាំង ​ដែល​បាន​មក​ដល់​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២១ ​ខែ​មិថុនា។​ ករណី​នេះ​ ធ្វើ​ឲ្យ​ចំនួន​ឆ្លង​កើន​ឡើង​ដល់​១៣០​ករណី​នៅ​ទូទាំង​ប្រទេស។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះថ្ងៃទី​២៣​ ខែ​មិថុនា ​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ បុរសខ្មែរ​មាន​សញ្ជាតិ​អាមេរិកាំង​ អាយុ​៦៦​ឆ្នាំ​រូប​នោះ​ បាន​ធ្វើ​ដំណើរ​ពី​សហ​រដ្ឋ​អាមេរិក​មក​ដល់​ប្រទេស​កម្ពុជា​តាម​ជើង​យន្ត​ហោះ​ ដែល​មាន​អ្នក​ដំណើរ​សរុប​ចំនួន​១១២​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៤១​នាក់ ​និង​បុរស​ចំនួន​៧១​នាក់។​ ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​នោះ ​មាន​ជន​ជាតិ​ខ្មែរ​ចំនួន​៨៩​នាក់​ ដែល​ក្នុង​នោះ​មាន​ស្រី្ត​៣៥​នាក់​និង​ជន​បរទេស​២៣​នាក់​ ដែល​ក្នុង​នោះ​មាន​ស្រី្ត​៦​នាក់។​

ក្រសួង​សុខាភិបាល​បញ្ជាក់​បន្ថែម​ថា​ បុរស​ខ្មែរ​មាន​សញ្ជាតិ​អាមេរិកាំងដែល​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ជំងឺ​កូវីដ១៩​នោះ «បច្ចុប្បន្ន​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​រួច​ហើយ»។​

ដោយ​ឡែក​អ្នក​ដែល​បាន​រួម​ដំណើរ​ជាមួយ​បុរស​រូប​នេះ​ តែ​ធ្វើ​តេស្ត​មិន​មាន​ជំងឺ​កូវីដ​១៩​ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ចំនួន​១៤​ថ្ងៃ​ នៅ​សណ្ឋាគារ​ដែល​រៀប​ចំ​ដោយ​ក្រសួង​សុខាភិបាល​ ចំពោះ​អ្នក​ដែល​មាន​លទ្ធភាព​បង់​ប្រាក់។ ​ចំពោះ​អ្នក​ដែល​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​សណ្ឋាគារ​ដើម្បី​តាម​ដាន​សុខភាព​បន្ត​ទៀត ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​មណ្ឌល​ជម្ពូវ័ន១។​

វីអូអេ​មិន​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក ​ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។ ​ វីអូអេ​ ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ស្រី ​ឱ វណ្ណឌីន ​និង​លោក​ លី សូវ៉ាន់ ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ដែរ។​

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ រហូត​មក​ដល់​ពេល​នេះ​ មាន​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ១៩​ ចំនួន​១២៧​នាក់។​ ករណី​ឆ្លង​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ជា​ករណី​នាំ​ចូល​ គឺ​មាន​ពលរដ្ឋ​ខ្មែរ​៣​នាក់​ ម្នាក់​ឆ្លង​ចុង​ក្រោយ​ជា​ជន​ជាតិ​ខ្មែរ​អាមេរិកាំង​ និង​២​នាក់​ផ្សេង​ទៀត​ ដែល​ម្នាក់​បាន​វិល​ត្រឡប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី​និង​ម្នាក់​ទៀត​វិល​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី។​

លោក​ សៅ វឌ្ឍនា ​នាយក​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ ដោយ​លោក​ថា​ ជាប់​ប្រជុំ។ ​

ចំណែក​លោក​ ខែក នរិន្ទដា ​នាយក​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ សុំ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ ​ដោយ​បាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​សុខាភិបាល​វិញ។​ លោក​និយាយ​ថា៖

​«ព្រោះ​អីខាង​ហ្នឹង​ គេ​គ្រប់​គ្រង​ទាំង​អស់។ ​គេ​មាន​ក្រុម​គេ​នៅ​ព្រលាន​យន្ត​ហោះ។ ​អ៊ីចឹង​ត្រូវ​តែ​ទាក់​ទង​ជាមួយ​ក្រសួង»។​

ជើង​យន្ត​ហោះ​ចូល​មក​ប្រទេស​កម្ពុជា​មាន​តិច​តួច​ណាស់​ក្នុង​មួយ​ថ្ងៃ។ ​ក្រសួង​សុខាភិបាល ​បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា ​ ពលរដ្ឋ​ខ្មែរ​ចំនួន​២០៤ ​នាក់ ​បាន​វិល​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុជា​វិញ ​ដោយ​មាន​ការ​ជួយ​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​ បន្ទាប់​ពី​ពលរដ្ឋ​ទាំង​នេះ ​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​នោះ​ ចាប់​តាំង​ពី​ខែ​មេសា​មក។​ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ មាន​បុរស​ជនជាតិ​ខ្មែរ​ អាយុ​២១​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា​ មាន​ជំងឺ​កូវីដ១៩។​

តាម​គោល​ការណ៍​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ១៩ ​ ​អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​យក​សំណាក​ទៅ​ពិនិត្យ​ជំងឺ​កូវីដ​ ហើយ​ប្រសិន​បើ​នៅ​លើ​យន្ត​ហោះ ​មាន​នរណា​ម្នាក់​មាន​វីរុស​កូរ៉ូណា​ អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​ស្នាក់​នៅ​កន្លែង​ដែល​រដ្ឋាភិបាល​រៀបចំ​ឲ្យ​រយៈ​ពេល​១៤​ថ្ងៃ ​ហើយ​ការ​ធ្វើ​តេស្ត​យក​សំណាក​ អាច​មាន​យ៉ាង​តិច​៣​ដង​ទៀត។​

ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​បន្ទុក​របស់​រដ្ឋាភិបាល​ក្នុង​ការ​មើល​ថែទាំ​អ្នក​មក​ដល់​ប្រទេស​កម្ពុជា ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ បាន​តម្រូវ​ឲ្យ​អ្នក​ដំណើរ​បរទេស​តម្កល់​ប្រាក់​៣​ពាន់​ដុល្លារ​ ដើម្បី​ទុក​ក្នុង​ករណី​មាន​ជំងឺ​កូវីដ១៩។​ អ្នក​ដំណើរ​បរទេស​ក៏ត្រូវ​ចំណាយ​លើ​សេវា​ជាច្រើន​ទៀត​ សម្រាប់​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ និង​ការ​ស្នាក់​នៅ។​អ្នក​ដំណើរ​បរទេស​ត្រូវ​ចំណាយ​១០០​ដុល្លារ​សម្រាប់​ការ​ធ្វើ​តេស្ត​សំណាក។​ ពួកគេ​ ក៏ត្រូវ​ចំណាយ​លើ​ថ្លៃ​កន្លែង​ស្នាក់​នៅ​មាន​តម្លៃ​៣០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ​និង​អាហារ​បី​ពេល​ ៣០​ដុល្លារ។​ បន្ថែម​ពី​នេះ ​ថ្លៃ​ដឹក​ជញ្ជូន​ពី​ព្រលាន​យន្ត​ហោះ​ទៅ​មណ្ឌល​សំចត​រង់​ចាំ​ធ្វើ​តេស្ត​សំណាក​ មាន​តម្លៃ​៥​ដុល្លារ​ក្នុង​មួយ​ជើង៕