រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានប្រាប់រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នៅថ្ងៃអាទិត្យនេះថា នៅក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលនឹងឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថ្មីចាប់ពីថ្ងៃទី ២២ ខែសីហាខាងមុខនេះ កម្ពុជានឹងបន្តដើរតាមនយោបាយចិនតែមួយ។
លោក ប្រាក់ សុខុន ថ្លែងបែបនេះ នៅពេលលោកជួបពិភាក្សាការងារជាមួយលោក Wang Yi ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានៅទីស្តីការក្រសួងការបរទេសកម្ពុជា។
លោក ប្រាក់ សុខុន ដែលនឹងឈប់ធ្វើជារដ្ឋមន្រ្តីការបរទេសចាប់ពីថ្ងៃទី ២២ ខែសីហា បានថ្លែងថា គោលនយោបាយការបរទេសរបស់កម្ពុជាចំពោះប្រទេសចិនគឺមិនផ្លាស់ប្តូរឡើយ បើទោះបីជាកម្ពុជាផ្លាស់ប្តូរថ្នាក់ដឹកនាំក៏ដោយ។
លោកបញ្ជាក់ថា៖ «យ៉ាងណាក៏ដោយ សូមឯកឧត្តមជឿជាក់ថារដ្ឋាភិបាលថ្មីនឹងបន្តគោលនយោបាយដដែល ជាពិសេសគោលនយោបាយការបរទេសជាមួយនឹងប្រទេសចិន គឺអនុវត្តនូវ គោរពនូវគោលនយោបាយចិនតែមួយ បន្តពង្រឹងនូវសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បន្តកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តអនុវត្តនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងពេលជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
បើតាមលោក ប្រាក់ សុខុន ក្រុមការងារកម្ពុជាកំពុងរៀបចំដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិននាពេលខាងមុខ។
លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ប្រទេសចិនផងដែរចំពោះទំនាក់ទំនងរឹងមាំនិងមិត្តភាពដែកថែប ហើយប្រទេសចិនបានគាំទ្រការបោះឆ្នោតនៅកម្ពុជាកាលពីខែកក្កដាដោយលោក Wang Yi ថាបានប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។
ជាងនេះទៀត លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ភាគីចិន ដោយថាចិនបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចនៅក្នុងការធ្វើការជាមួយថ្នាក់ដឹកនាំកម្ពុជាជំនាន់ថ្មី។
នៅចំពោះមុខលោក ប្រាក់ សុខុន លោក Wang Yi បាននិយាយដោយត្រូវបានប្រែសម្រួលដោយអ្នកបកប្រែថាលោកមាន «សេចក្តីសោមនស្សជាទីក្រៃលែង» ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅគ្រាកម្ពុជាមានរដ្ឋាភិបាលថ្មី។
លោក Wang Yi បានបន្ថែមថា ដំណើរទស្សនកិច្ចនេះចង់បង្ហាញថា «ប្រទេសចិនគាំទ្រយ៉ាងរឹងមាំ» ដល់ប្រទេសកម្ពុជា និង «មានទំនុកចិត្តយ៉ាងស៊ីជម្រៅ» ចំពោះកម្ពុជានិងថ្នាក់ដឹកនាំរបស់កម្ពុជា។
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ ថ្ងៃ ដោយលោកបានក្លាយជាអ្នកការទូតជាន់ខ្ពស់ដំបូងគេបង្អស់របស់ប្រទេសចិនដែលជួបលោក ហ៊ុន ម៉ាណែត បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំងជានាយករដ្ឋមន្រ្តីកម្ពុជាដោយនឹងកាន់អំណាចចាប់ពីថ្ងៃទី ២២ ខែសីហា។
ដំណើរទស្សនកិច្ចរបស់លោក Wang Yi មកកាន់កម្ពុជាបានធ្វើឡើង បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចមកកម្ពុជារបស់លោកត្រូវបានមើលឃើញថាដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិន។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Wang Yi ក៏បានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ផងដែរ។
លោក ហ៊ុន ម៉ាណែត ដែលនឹងឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថ្មីចាប់ពីថ្ងៃទី ២២ ខែសីហាខាងមុខនេះ ជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi (វ៉ាង យី) នៅរាជធានីភ្នំណេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ) ចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi (វ៉ាង យី) នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣។
លោក លឹម ឆាយ អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់វីអូអេថា កម្ពុជានិងចិនគឺពិតជាមានជំហរស្របគ្នាលើរបៀបវារៈជាក់លាក់នៃគោលនយោបាយការបរទេស។ លោកបន្ថែមថា នៅពេលដែលប្រទេសទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នាទាំងវិស័យនយោបាយនិងការទូត ពួកគេគាំទ្រគ្នាទៅវិញទៅមកលើរបៀបវារៈជាក់លាក់។
លោកប្រាប់វីអូអេថា៖ «វាច្បាស់ណាស់ថាកម្ពុជាគាំទ្រគោលនយោបាយចិនតែមួយហើយកម្ពុជាចាត់ទុកករណីនៅ Xinjiang ហុងកុង និងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដោយមិនជ្រៀតជ្រែក។ ត្រឡប់មកវិញ ចិនគាំទ្រការអភិវឌ្ឍរបស់កម្ពុជា បើទោះបីជាកម្ពុជានៅក្រោមរបបលោក ហ៊ុន សែន រងការរិះគន់ពីលោកខាងលិចពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក៏ដោយ»។
ទោះជាយ៉ាងណា លោកព្រមានថាកម្ពុជាមិនត្រូវគិតតែដើរតាមស្នាមជើងរបស់ចិននោះទេ ពីព្រោះវាអាចធ្វើឱ្យបាត់បង់អធិបតេយ្យភាពនិងឯករាជ្យភាពនៃគោលនយោបាយការបរទេសរបស់កម្ពុជា។
នៅពេលសួរពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជានិងអាមេរិក លោក លឹម ឆាយ លើកឡើងថា កម្ពុជាមិនមានចេតនាក្នុងការស្តារលទ្ធិប្រជាធិបតេយ្យដូចអ្វីដែលអាមេរិកចង់បានឡើយ។ លោកជំរុញឱ្យមានការជជែកគ្នាបន្ថែមរវាងភាគីទាំងពីរដើម្បីសហការគ្នាលើវិស័យដែលអាចសហការគ្នាបាន ជាជាងត្រឹមតែមនោគមន៍វិជ្ជា។
បើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី «ចិនសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ» ជាមួយប្រទេសទាំងនោះ។
ក្នុងគ្រាដែលរដ្ឋមន្រ្តីការបរទេសចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងនៅក្នុងពិធីមួយនៅរដ្ឋ Utah កាលពីថ្ងៃសុក្រ ដោយលើកឡើងថាវៀតណាមនិងកម្ពុជាចង់ក្លាយជាផ្នែកមួយនៃទំនាក់ទំនងជាមួយអាមេរិក ហើយពួកគេចង់ប្រាប់ទៅប្រទេសចិនថាពួកគេមិននៅម្នាក់ឯងនោះទេ៕