កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ជន​ពិការ​ដែល​នឹង​ចាប់ផ្តើម​ពី​ចុង​សប្តាហ៍​នេះ

រូបឯកសារ៖ អ្នក​ប្រណាំង​រទេះ​រុញ​កម្ពុជា​មួយរូប នៅលើ​រទេះរុញ​នៅ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១២។

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ជនពិការ ​ឬហៅ​ថា​អាស៊ាន​ប៉ារ៉ា​ហេ្គម​ (Asean Para Games)​ ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ចុង​សប្តាហ៍​នេះ។ ​នេះ​ជា​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​មួយ​ទៀត ​បន្ទាប់​ពី​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម ​ដែល​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​លេខ៤ ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១១​ ដោយ​ទទួល​បាន​មេដាយ​មាស​ចំនួន​៨១។​

ការ​ប្រកួត​កីឡា​ជនពិការ​ដែល​មាន​ប្រទេស​១១​ចូល​រួម​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៩ ​ខែ​មិថុនា ​ឆ្នាំ​២០២៣។ ​កីឡា​ជាង​១០​ប្រភេទ​នឹង​ត្រូវ​ប្រកួត​នា​ចុង​សប្តាហ៍​នេះ រួម​មាន​វាយ​សី ​ប៊ូស្យា​ អុក ​យូដូ ​បាល់​ទាត់ ​លើក​ទម្ងន់ ​អត្ត​ពល​កម្ម ​បាល់​បោះ​ រទេះ​រុញ ​កូន​ឃ្លី​លើ​តុ ​ហែល​ទឹក ​បាល់​ទះ​អង្គុយ ​និង​អេឡិចត្រូនិក។​

ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​នេះ​នឹង​មាន​ការ​ចូលរួម​ពី​កីឡាករ​ជា​ជន​ពិការ​ភាព​គ្រប់​សមាស​ភាព​ រួម​មានពិការ​ផ្នែក​ចក្ខុ ​ពិការ​ផ្នែក​កាយ​សម្បទា ​និង​ពិការ​ផ្នែក​បញ្ញា​តិច​តួច។​

លោក​ គៀ រ៉ាឌី ​គ្រូ​បង្វឹក​វាយ​កូន​ឃ្លី​លើ​តុ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​រំពឹង​ទទួល​បាន​មេដាយ​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​លោក​បន្ថែម​ថា​កាល​ពី​ការ​ប្រកួត​លើក​មុន​ កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​សម្រាប់​ប្រភេទ​កីឡា​នេះ។

លោក​ថ្លែង​ថា៖​ «ខ្ញុំ​មាន​ក្ដី​សោមនស្ស ​និង​រំភើប​រីករាយ​ នៅ​ពេល​ដែល​កម្ពុជា​យើង​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ហើយ​ក៏​បាន​បង្ហាញពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ ជា​ពិសេស​សម្ដេច​តេជោ​អគ្គ​មហា​សេនាបតីតេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្ដី គាត់​បាន​បើក​ចិត្ត​ទូលាយ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​ឱកាស​ឱ្យ​អត្ត​ពលិក​ទាំង​អស់​បាន​ចូល​រួម​ប្រកួត​ និង​បញ្ចេញ​សមត្ថ​ភាព​របស់​ខ្លួន​ដែល​មិន​ថា​ ខ្លួន​ជាអ្នក​ពិការ​ ទោះ​បី​ពិការ​រាង​កាយ​ តែ​មិន​ពិការ​ចិត្ត»។​

លោក​ ម៉ី ពន្លក​ អាយុ​២៦​ឆ្នាំ ​ជា​កីឡាករ​ម្នាក់​ដែល​នឹង​ចូលរួម​ប្រកួត​បាល់​ទាត់​ម្ខាង​ប្រាំ។ ​លោកពិការភ្នែក។ ​លោក​បង្ហាញ​អារម្មណ៍​ថា​ ភ័យ​អរ ​ដោយ​សារ​នេះ​ជា​ប្រភេទ​កីឡា​ថ្មី​ដែល​មិន​ធ្លាប់​បាន​ចូល​ប្រកួត​ពី​មុន​មក​ទេ។ ​ទោះ​ជា​យ៉ាង​ណា ​លោក​នៅ​តែ​មាន​សង្ឃឹម​ថា ​លោក​នឹង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ប៉ារ៉ា​ហ្គេម​នាពេល​ខាង​មុខ​នេះ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ក្នុង​នាម​ជា​កីឡាករ​ដែល​យើង​ត្រូវ​លេង​ គឺ​យើង​តែង​តែ​ផ្តល់​ក្តី​សង្ឃឹម​ចំពោះ​ខ្លួន​ឯង»។​

លោក​ វ៉ាត់ ​ ចំរើន​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ ប្រាប់​វីអូអេ​ថា ​ក្រុម​ការងារ​បាន​ត្រៀម​រៀបចំការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​រួច​រាល់​អស់​ហើយ​ ជាមួយ​ក្តី​សង្ឃឹម​ថា​ កម្ពុជា​នឹង​ដណ្ដើម​មេ​ដាយ​បាន​ច្រើន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។​

លោក​ថ្លែង​ថា៖ ​«យើង​បាន​រៀបចំ​ការងារ​រួច​រាល់​អស់​ហើយ​ ហើយ​ក្ដី​រំពឹង​របស់​យើង​នៅ​តែ​ខ្ពស់​ជាង​មេដាយ​ដែល​ធ្លាប់​បាន​អ៊ីចឹង។ ​ហើយ​ការ​រៀបចំ​របស់​យើង​បាន​ត្រៀម​លក្ខណៈ​បច្ចេក​ទេស ​ហើយ​នឹង​ការ​ហ្វឹក​ហាត់​ហ្នឹង​ នៅ​ក្នុង​នាម​ម្ចាស់​ផ្ទះ​ហ្នឹង ​បាន​ល្អ​ប្រសើរ»។​

កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា ​ឆ្នាំ​២០២៣ ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កីឡាករ​ប៉ារ៉ា​ហ្គេម ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ថ្លែង​ថា​ កីឡាករ​ទាំង​អស់​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង ​ដើម្បី​ទទួល​បាន​មេដាយ​មាស ​និង​រក្សា​មេដាយ​ដែល​ខ្លួន​ធ្លាប់​ទទួល​បាន​ពី​ការ​ប្រកួត​លើក​មុន។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា «អ្នក​មាន​មេដាយ​មាសត្រូវ​រក្សា​មេដាយ​មាស​ឱ្យ​បាន។ អ្នក​ដែល​ធ្លាប់​ទទួល​បាន​មេដាយ​ប្រាក់ ​ឬ​សំរឹទ្ធ​ត្រូវ​ខិតខំ​ឈាន​ទៅ​រក​មេដាយ​មាស​ ហើយ​អ្នក​ដែល​មិន​ធ្លាប់​មាន​មេដាយ​ខិតខំ​ធ្វើ​ឱ្យ​បាន​មេដាយ។ ​ហើយ​ប្រសិន​បើ​មាន មេដាយ​មាស​ក៏​រឹត​តែ​ល្អ»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​ លើក​ទី១១ ​កម្ពុជា​ដណ្ដើម​បាន​មេ​ដាយ​សរុប​ចំនួន​២៨​គ្រឿង ​ក្នុង​នោះ​មាន​មេ​ដាយ​មាស​ចំនួន​៧​ ប្រាក់​ចំនួន​១០​ និង​សំរឹទ្ធ​ ចំនួន​១១។ ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៧ ​ក្នុង​ចំណោម​១១​ប្រទេស​ដែល​ចូលរួម​ប្រកួត​ប្រជែង៕