កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ពុករលួយ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

រូបឯកសារ៖ សកម្មជនបានកាន់ពាក្យស្លោកដែលសរសេរថា «ប្រឆាំងដាច់ខាតចំពោះអំពើពុករលួយក្នុងសង្គម‍» ខណៈពួកគេដើរហែរក្បួនឆ្ពោះទៅកាន់រដ្ឋសភាជាតិ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។

ប្រទេស​កម្ពុជា​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ដើរ​ផ្ទុយ​ពី​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ដដែល​នេះ លើ​សកម្មភាព​ប្រឆាំង​អំពើពុករលួយ ដោយសារ​តែ​ការ​មិន​បើក​ទូលាយ​ឲ្យ​មាន​ការ​តាម​ដាន​លើ​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​កិច្ច​ការ​បម្រើ​សាធារណជន​ទូទៅ។ នេះ​ជា​ការ​រក​ឃើញ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ (Transparency International) របស់​អាល្លឺម៉ង់​មួយ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប៊ែកឡាំង​ហើយ ដែល​បាន​ចេញផ្សាយ​របាយការណ៍​ចុងក្រោយ​ស្តីពីសន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៩។

របាយការណ៍​កម្រាស់​ជិត​៣០ទំព័រ​ស្តីពី​សន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៩ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ បាន​ពណ៌នា​អំពី​ការវិវត្តន៍​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកថា​ ទោះ​បី​ជា​ប្រទេស​ជាច្រើន​នៅតំបន់​អាស៊ីប៉ាស៊ីហ្វិក​ ធ្វើ​ការ​បាន​ល្អ​លើ​កិច្ចការ​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​ដោយ​ ក៏​តំបន់​នេះ​មិន​ទាន់​មាន​ការ​វិវត្តន៍​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​កិច្ច​ខិតខំ​ប្រឆាំង​អំពើពុករលួយ​ ឬ​ក៏​លទ្ធផល​ដែល​បាន​មក​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។

របាយការណ៍​បាន​សរសេរក្នុង​ន័យ​ដើមថា៖​ «ជាងនេះ​ទៅ​ទៀត​ ប្រទេស​ដែល​ធ្វើ​មិន​បាន​ល្អ​មួយ​ចំនួន​ ដូច​ជា​ប្រទេសអាហ្វហ្គានីស្ថាន​ដែល​ទទួល​បាន​១៦ ​ពិន្ទុ​ ប្រទេស​កូរ៉េខាងជើង​ដែល​ទទួល​បាន១៧​ពិន្ទុ​ និង​កម្ពុជា​ដែល​ទទួល​បាន​២០ពិន្ទុ​ នៅ​បន្ត​បង្ហាញ​ឲ្យ​ឃើញ​ការ​ប្រឈម​ធ្ងន់​ធ្ងរ​នៅ​ក្នុង​តំបន់»។

របាយការណ៍​បាន​បន្ថែម​ថា៖ «ប្រទេស​ជាច្រើន​បាន​មើល​ឃើញ​ការ​បើក​ចំហរ​ខាង​សេដ្ឋកិច្ច​ជា​មធ្យោបាយ​ដែល​អាច​បោះជំហាន​ទៅមុខ​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ រដ្ឋាភិបាល​ជាច្រើន​នៅ​ក្នុង​តំបន់​ រាប់​ពីប្រទេស​ចិន​ ដល់​កម្ពុជា​ និង​វៀតណាម​ បាន​បន្ត​រឹតត្បិត​លើ​ការ​ចូលរួម​កិច្ច​ការ​សាធារណៈ​ បំបិទ​សំឡេង​ជំទាស់​ និង​ដាក់​ឲ្យ​ការ​សម្រេច​ចិត្ត​នៅ​ក្រៅ​ការ​ពិនិត្យ​ពិច័យ​ជា​សាធារណៈ»។

​យោងតាម​សន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៩ កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១៦២​ក្នុង​ពិភពលោក​ គឺ​ធ្លាក់​ចុះ​មួយ​កម្រិត​ថែម​ទៀត​ បើ​ធៀប​នឹង​ចំណាត់​ថ្នាក់​កាល​ពី​ឆ្នាំ​២០១៨។ ចំណាត់​ថ្នាក់​ថ្មី​នៃ​កម្រិត​ពុករលួយ​ឆ្នាំ​២០១៩ ធ្វើ​ឱ្យ​កម្ពុជា ស្ថិត​នៅ​លំដាប់​ស្មើ​គ្នា​ជាមួយ​នឹង​ប្រទេស​ឆាដ និង​ប្រទេស​អ៊ីរ៉ាក់។

ប្រទេស​ដែល​ធ្វើ​បាន​ល្អ​ក្នុង​កិច្ច​ការ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ រួមមាន​ប្រទេស​ នូវែល​សេឡង់​ ទទួល​បាន​៨៧ពិន្ទុ​ ប្រទេស​សិង្ហបុរី​ទទួល​បាន​៨៥​ពិន្ទុ​ ប្រទេស​អូស្ត្រាលី​ទទួល​បាន​៧៧​ពិន្ទុ​ ក្រុង​ហុងកុង​ទទួល​បាន​៧៦ពិន្ទុ​ និង​ប្រទេស​ជប៉ុន​ទទួល​បាន​៧៣ពិន្ទុ។

សន្ទស្សន៍​ស្ដី​ពី​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ ផ្អែក​លើ​ការ​ស្ទង់​មតិ ​និង​ការ​វាយតម្លៃ​ពី​អ្នក​ជំនួញ​និង​អ្នក​ជំនាញ ដើម្បី​វាស់វែង​កម្រិត​នៃ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ។

ពិន្ទុ​ពី​០​មាន​ន័យ​ថា​ «ពុករលួយ​បំផុត‍» និង​១០០ មាន​ន័យ​ថា​ «ស្អាតស្អំ​បំផុត‍»។ ការ​វាយ​តម្លៃ​នេះ​ធ្វើ​ឡើង​ទៅ​លើ​ប្រទេស​ចំនួន​១៨០​នៅ​ក្នុង​ពិភពលោក។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ និង​ជា​អ្នកវិភាគ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ អំពើ​ពុករលួយ​ដែល​បន្ត​ញាំញី​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ល្អៗ​ មើល​រំលងប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​សម្រាប់​ទី​កន្លែង​ធ្វើ​ជំនួញ។

លោក​បន្ថែមថា​ ប្រសិន​បើ​ប្រទេស​មួយ​មិន​អាច​ធានា​បាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ និង​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ទេ​ នោះ​ប្រទេស​មួយ​នោះ​ នឹង​ក្លាយ​ជា​ឋានសួគ៌​របស់​ពួក​ឧក្រិដ្ឋជន។

«យើង​ត្រូវ​ដឹង​ថា​ សព្វថ្ងៃ​នេះ​ ប្រទេស​ណា​ក៏​ដោយ​ នៅ​ក្នុង​ពិភព​លោក​ តែ​កាលណា​ប្រព័ន្ធ​ពីរ​ហ្នឹង​ វា​មិន​មាន​ដំណើរ​ការ​ មាន​ប្រសិទ្ធភាព​ហើយ​ គឺ​ពួក​ជន​ឧក្រិដ្ឋ​ ហើយ​និង​អ្នករក​ស៊ី​លាង​លុយ​អីផ្សេង​ៗ​ហ្នឹង​ គឺ​គេ​សំដៅ​មក​កន្លែង​ហ្នឹង​ហើយ។ ប៉ុន្តែ​សម្រាប់​អ្នក​វិនិយោគ​ទុន​ដែល​រយៈពេល​ ហើយ​គេ​មាន​លុយ​ថវិកា​ច្រើន​មក​សម្រាប់​វិនិយោគ​នោះ គឺ​គេ​ត្រូវគិត​ច្រើន​លើក​ច្រើន​សារ​ណាស់​មុន​ ​មក​ក្នុង​ នៅ​ក្នុង​ប្រទេស​មួយ​ហ្នឹង​បាទ។ លើក​លែង​តែ​អ្នក​រកស៊ី​កាប់​ដាវ​ទេ​ ដែល​គេ​ចូលចិត្ត​មក​នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​អនុវត្តន៍​ ច្បាប់​ទន់​ខ្សោយ»។

VOA មិន​អាច​សុំការ​អធិប្បាយ​ពី​លោក​ ឱម យិនទៀង​ ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ បាន​ទេ​នៅ​ថ្ងៃសុក្រ​នេះ។ VOA ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​ និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន​ បាន​ដែរ។

របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៩ ក៏​បាន​បង្ហាញ​ផង​ដែរថា​ ក្នុង​ប្រទេស​ភាគ​ច្រើន​លើ​សកល​លោក ​រួម​ទាំង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ជាង​គេ​បង្អស់​ផង​នោះ​ អំពើ​ពុករលួយ​បាន​រាលដាល​កាន់​តែ​ខ្លាំង​ឡើង ដោយសារ​កិច្ចប្រឹងប្រែង​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​ទាំង​អស់​នេះ​ នៅ​ទ្រឹង​ ឬ​ថែម​ទាំង​មាន​សញ្ញា​ធ្លាក់​ចុះ​ថែម​ទៀត​ផង។

ការ​វិភាគ​របាយការណ៍​នេះ​ បាន​រក​ឃើញ​ថា​ អំពើ​ពុក​រលួយ​នេះ​ បាន​រាត​ត្បាត​កាន់​តែ​ខ្លាំង​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ដែល​ទឹក​លុយ​មាន​ឥទ្ធិពល​លើ​អំណាច​នយោបាយ។ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ មាន​ប្រទេស​តែ​២២​ប៉ុណ្ណោះ ​ដែល​បាន​កើន​ពិន្ទុ​ ក្នុង​នោះ​រួម​ទាំង​ប្រទេស ​អេស្តូនី ​(Estonia)​ ក្រិក ​(Greece)​ និង​ ហ្គីយ៉ាន​ (Guyana)។ ចំណែក​ប្រទេស​២១​ទៀត បាន​ធ្លាក់​ពិន្ទុ រួម​ទាំង​ប្រទេស​អូស្ត្រាលី​ កាណាដា ​និង​ នីការ៉ាហ្គា (Nicaragua)៕