របាយការណ៍ថ្មីស្ដីពីការយល់ឃើញអំពីអំពើពុករលួយក្នុងបណ្ដាប្រទេសនិងដែនដីចំនួន១៨០ទូទាំងសកលលោក រកឃើញថា ប្រទេសកម្ពុជានៅតែរក្សាឋានៈជាប្រទេសពុករលួយជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដដែល។
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ ដែលបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ បង្ហាញថា កម្ពុជាស្ថិតនៅលេខរៀងទី១៦២ក្នុងពិភពលោក គឺធ្លាក់ចុះមួយកម្រិតថែមទៀត បើធៀបនឹងចំណាត់ថ្នាក់កាលពីឆ្នាំ២០១៨។
ចំណាត់ថ្នាក់ថ្មីនៃកម្រិតពុករលួយឆ្នាំ២០១៩ ធ្វើឱ្យកម្ពុជា ស្ថិតនៅលំដាប់ស្មើគ្នាជាមួយនឹងប្រទេសឆាដ និងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមសន្ទស្សន៍ឆ្នាំ២០១៩។
កម្ពុជា ក៏បានទទួលបានពិន្ទុ២០លើ១០០ ដូចពិន្ទុដែលប្រទេសនេះទទួលបានកាលពីឆ្នាំ២០១៨ដែរ។ ពិន្ទុនេះ ធ្វើឱ្យកម្ពុជានៅតែរក្សាឋានៈជាប្រទេសពុករលួយជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍(អាស៊ាន)ក្នុងរយៈពេល២ឆ្នាំជាប់គ្នា។
ប្រទេសដែលស្អាតស្អំជាងគេក្នុងតំបន់អាស៊ានគឺប្រទេសសិង្ហបុរី ដែលស្ថិតនៅលំដាប់លេខរៀងទី៤ក្នុងពិភពលោក និងទទួលបានពិន្ទុរហូតដល់ទៅ៨៥លើ១០០ គឺក្រោមតែប្រទេសហ្វាំងឡង់ នូវែលសេឡង់ និងដាណឺម៉ាកប៉ុណ្ណោះ។
ពិន្ទុពី០មានន័យថា «ពុករលួយបំផុត» និង១០០ មានន័យថា «ស្អាតស្អំបំផុត»។
សន្ទស្សន៍ស្ដីពីការយល់ឃើញពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិនេះ ផ្អែកលើការស្ទង់មតិ និងការវាយតម្លៃពីអ្នកជំនួញនិងអ្នកជំនាញ ដើម្បីវាស់វែងកម្រិតនៃអំពើពុករលួយក្នុងវិស័យសាធារណៈ៕