ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្ទស្សន៍​ថ្មី៖ អំពើ​ពុករលួយ​កាន់តែ​រាតត្បាត​​ក្នុង​ប្រទេស​ដែល​លុយ​មាន​ឥទ្ធិពល​លើ​អំណាច​នយោបាយ


របាយការណ៍ស្តីពីអំពើពុក​រលួយ​នៅ​ជុំវិញពិភពលោក​សម្រាប់​ឆ្នាំ២០១៩ ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ រក​ឃើញ​ថា អំពើ​ពុករលួយ​បាន​រាលដាល​កាន់​តែ​ខ្លាំង​ឡើងនៅ​ប្រទេស​ជាច្រើន​លើ​សកលលោក។ (រូបថតដោយ Transparency International)
របាយការណ៍ស្តីពីអំពើពុក​រលួយ​នៅ​ជុំវិញពិភពលោក​សម្រាប់​ឆ្នាំ២០១៩ ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ រក​ឃើញ​ថា អំពើ​ពុករលួយ​បាន​រាលដាល​កាន់​តែ​ខ្លាំង​ឡើងនៅ​ប្រទេស​ជាច្រើន​លើ​សកលលោក។ (រូបថតដោយ Transparency International)

របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​សន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា​ ក្នុង​ប្រទេសភាគច្រើន​លើ​សកលលោក ​រួម​ទាំង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាង​គេ​បង្អស់​ផង អំពើ​ពុករលួយ​បាន​រាលដាល​កាន់​តែ​ខ្លាំង​ឡើង ដោយសារ​កិច្ចប្រឹងប្រែង​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​ទាំង​អស់​នេះ នៅ​ទ្រឹង​ឬ​ថែមទាំង​មាន​សញ្ញា​ធ្លាក់​ចុះ​ថែម​ទៀត​ផង។

​ការ​វិភាគ​របាយការណ៍​នេះ​ បាន​រក​ឃើញ​ថា​ អំពើ​ពុករលួយ​នេះ​ បាន​រាតត្បាត​កាន់តែ​ខ្លាំង​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ដែល​ទឹក​លុយ​មាន​ឥទ្ធិពល​លើ​អំណាច​នយោបាយ។

ប្រទេស​ច្រើន​ជាង​២​ភាគ​៣​នៅ​លើ​ពិភព​លោក ទទួល​បាន​ពិន្ទុ​ក្រោម​៥០​លើ​១០០ ដោយ​ពិន្ទុ​ជា​មធ្យម​ គឺ​បាន​តែ​៤៣​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៩។​ នេះ​បើ​ផ្អែក​តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣ ខែ​មករា​នេះ ឆ្នាំ​២០២០។

អង្គការ​អន្តរជាតិ​នេះ ដាក់​ចំណាត់ថ្នាក់​ខាង​អំពើ​ពុករលួយ​លើ​ប្រទេស​និង​ដែនដី​ចំនួន​១៨០​នៅ​ជុំវិញ​ពិភពលោក ដោយ​ផ្ដល់​ពិន្ទុ​ពី​០ ដែល​មាន​ន័យ​ថា​ «ពុករលួយ​បំផុត‍» ដល់​១០០ ដែល​មាន​ន័យ​ថា​ «ស្អាតស្អំ​បំផុត‍»។

ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក មាន​ប្រទេស​តែ​២២​ប៉ុណ្ណោះ ដែល​បាន​កើន​ពិន្ទុ​ច្រើន​ ក្នុង​នោះ​រួម​ទាំង​ប្រទេស អេស្តូនី(Estonia) ក្រិក(Greece) and ហ្គីយ៉ាន(Guyana)។ ចំណែក​ប្រទេស២១​ទៀត បាន​ធ្លាក់​ពិន្ទុ​យ៉ាង​ច្រើន រួម​ទាំង​ប្រទេស​អូស្ត្រាលី កាណាដា និង​ នីការ៉ាហ្គា (Nicaragua) ផង​ដែរ។

អ្នកស្រី Delia Ferreira Rubio នាយិកា​អង្គការ​តម្លាភាព​អន្តរជាតិ ​បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ ស្រប​ពេល​ចេញផ្សាយ​របាយការណ៍​ថ្មី​នេះ​ថា៖ «‍ការ​ខកចិត្ត​នឹង​អំពើ​ពុករលួយ​រដ្ឋាភិបាល​និង​កង្វះ​ការ​ជឿ​ទុកចិត្ត​លើ​ស្ថាប័ន ធ្វើ​ឱ្យ​មាន​តម្រូវ​ការសុចរិត​នយោបាយ​ធំធេង​ជាង​នេះ។ រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​ជាបន្ទាន់ចំពោះ​អំពើ​ពុករលួយ​ដែល​ប្រើ​លុយ​ច្រើន​សន្ធឹកសន្ធាប់​ជា​មូលនិធិ​គាំពារ​គណបក្ស​នយោបាយ​និង​ឥទ្ធិពល​ជ្រុល​ដែល​ទឹក​លុយ​នេះ​មាន​លើ​ប្រព័ន្ធ​នយោបាយ​របស់​យើង»។

របាយការណ៍​ក៏​បង្ហាញ​ថា​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​មួយ​ចំនួន​ក៏​ទទួល​បាន​ពិន្ទុ​ទាប​ជាង​ឆ្នាំ​មុន​ដែរ ​រួម​ទាំង​ប្រទេស​កាណាដា បារាំង ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក។ ចំណែក​ពិន្ទុ​របស់​ប្រទេស​អាល្លឺម៉ង់​និង​ជប៉ុន នៅ​ទ្រឹង ទោះបីជា​ប្រទេស​អ៊ីតាលី បាន​កើន​មួយ​ពិន្ទុ​ក៏ដោយ។

ការ​វិភាគ​លទ្ធផល​នៃ​របាយការណ៍​ដដែល​នេះ រក​ឃើញ​ថា ប្រទេស​ដែល​មាន​ប្រព័ន្ធ​បោះឆ្នោត​និង​គណបក្ស​នយោបាយ បើកទូលាយ​ឱ្យ​មាន​ឥទ្ធិពល​ហួសហេតុ​នៃ​ទឹកលុយ​ពី​ក្រុម​ដែល​ចង់​បាន​ប្រយោជន៍​ជាក់លាក់​ណាមួយ​នោះ រឹតតែ​ពិបាក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នេះ​ថែម​ទៀត។

របាយការណ៍​នេះ​ក៏​បង្ហាញ​ថា​ ប្រទេស​ដែល​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ល្អ​ប្រសើរ មាន​ការ​អនុវត្ត​បទបញ្ញត្តិ​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​យុទ្ធនាការ​បោះឆ្នោត បាន​ម៉ឺងម៉ាត់​ជាង​ប្រទេស​ដែល​ខ្វះ​ការ​អនុវត្ត​ច្បាប់ ​ឬ​ប្រទេស​ដែល​គ្មាន​បទបញ្ញត្តិចែង​អំពី​ហិរញ្ញវត្ថុ​សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​តែ​ម្ដង។

ដើម្បី​កាត់​បន្ថយ​អំពើ​ពុករលួយ​និង​ដើម្បី​ស្តា​ជំនឿ​ទុកចិត្ត​ខាង​នយោបាយ របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​ទាំងឡាយ​ក្នុង​ពិភពលោក ដូចជា​ការ​ផ្ដល់​អំណាច​ដល់​ពលរដ្ឋ​និង​ការពារ​សកម្មជន អ្នក​កាសែត​និង​អ្នក​លួច​រាយការណ៍​អំពី​អំពើ​ពុករលួយ​ (whistleblowers)​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG