សិស្ស​ពោធិ៍​សាត់​ជិះកង់​រកលុយ​សាងសង់​បណ្ណាល័យ

ជិះ​កង់​ដើម្បី​រក​មូលនិធិ​សាងសង់​បណ្ណាល័យ​សាម​គ្គី​នៅ​ខេត្តពោធិ៍សាត់

ភ្នំពេញ៖ ក្រុមយុវជន​ស្ម័គ្រ​ចិត្ត​ចំនួន​២០​នាក់​ដែលជា​និស្សិត​មាន​ដើមកំណើត​ពី​ស្រុកផ្សេងៗគ្នា​ក្នុង​ខេត្តពោធិ៍សាត់​បាន​ឆក់យក​ឱកាស​ទិវា៨មិនា​ដែលជា​ទិវា​នារី​អន្តរជាតិ​ដើម្បី​បើក​យុទ្ធនាការ​រៃអង្គាស​ថវិកា​ដើម្បី​សាងសង់​បណ្ណាល័យ​មួយ​ក្នុង​ខេត្ត​របស់​ពួកគេ។

ពួកគេ​បានចេញ​ដំណើរ​ជា​ក្បួន​ជិះ​កង់​ពី​រាជធានី​ភ្នំពេញ​ដោយ​ពាក់អាវ​ពណ៌​បៃតង​ដូចៗគ្នា។ ហើយ​នៅ​ពីលើ​អាវ​របស់​ពួកគេ​មាន​សរសេរ​អក្សរ​ថា «យើង​ស្រឡាញ់​ពោធិ៍សាត់» «រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​ស្រុកកំណើត​យើង» និង«ជិះ​កង់​ដើម្បី​រក​មូលនិធិ​សាងសង់​បណ្ណាល័យ​សាម​គ្គី​នៅ​ខេត្តពោធិ៍សាត់» ជាដើម។

លោក រ៉ែ​ម ចាន់​ដា​រ៉ា ​ជា​ស្ថាបនិក ​និង ​ជា​ប្រធាន​សមាគម​អតីត​សិស្ស​ខេត្តពោធិ៍សាត់ ​ដែល​បាន​ដឹកនាំ​ក្រុម​ជិះ​កង់​នេះ​បាន​ឱ្យ​ដឹងថា​ការ​ជិះ​កង់​ប្រមូល​ថវិកា​សាងសង់​បណ្ណាល័យ​នេះ​គឺ​ដើម្បី​បើក​បម្រើ​ដល់​សាធារណជន​គ្រប់​ស្រទាប់វណ្ណៈ​ដែល​ចង់​ស្រាវជ្រាវ​ពោលគឺ​ដើម្បី​ពង្រីក​គំនិត​និង​ចង់​ពញ្ញាក់​អារម្មណ៍​ដល់​សាធារណជន ​ជាពិសេស​គឺ​សិស្សានុសិស្ស​ឱ្យ​មាន​សា្មរ​តី​ក្នុង​ការអាន។

«យើង​ចង់​បញ្ជាក់​ទឹកចិត្ត​ស្រឡាញ់​ខេត្ត​របស់​យើង​ប្រកូក​ប្រកាស​ដល់​អ្នកផ្សេងៗ​ទៀត​ប្រាប់​អំពី​សាមគ្គី​ភាព​របស់​យើង​នៅក្នុង​ខេត្ត ​ហើយ​មួយវិញទៀត​គឺជា​ការអំពាវនាវ​ដល់​សាធារណជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចូលរួម​ឧបត្ថម្ភ​ដើម្បី​ឱ្យ​បាន​ជា​បណ្ណាល័យ​សាម​គ្គី​នេះ​ឡើង ​បើ​វា ​កើត​ចេញ​ជា​រូបរាង ​វា​ជា​គំរូ​មួយ​ដ៏​ខ្លាំង។ អីចឹង​បើសិនម្នាក់ៗ​នាំគ្នា​សាម​គ្គី​គ្នា​ក្នុង​ខេត្តមួយៗ ​អ្នកខេត្ត​ផ្សេង​ចង់​លូតលាស់​លើសពី​ខេត្ត​នេះ ​អ្នកនោះ​ចង់​លូតលាស់​លើសពី​ខេត្ត​នោះ អីចឹង​ម្នាក់ៗ ​ដឹកនាំ​យុវជន​របស់​ខេត្ត​ខ្លួនឯង​នឹង​ចាប់ផ្តើម​ទៅធ្វើ​ខេត្ត​របស់​ខ្លួនឯង​មួយ​អីចឹង​វា​កើត​មានការ ប្រកួត​ប្រជែង​លូតលាស់​ទៅមុខ​រហូត»។

បណ្ណាល័យ​សាមគ្គី​នេះ​នឹងត្រូវ​ធ្វើ​នៅ​វិទ្យាល័យ​ពោធិ៍សាត់​ក្នុង​ខេត្តពោធិ៍សាត់​ក្រុង​ពោធិ៍សាត់​ដែលមាន​ទំហំ​ទទឹង២០ម៉ែត្រ ​និង​បណ្តោយ ​២៧​ម៉ែត្រ។ កម្ពស់​មួយ​ជាន់​និង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា​២៥ម៉ឺន​ដុល្លារ​អាមេរិក​ហើយនឹង​ត្រូវ​បញ្ចប់​នូវ​ចុងឆ្នាំ​២០១៤ ​ខាងមុខ ​នេះ។

លោក រ៉ែ​ម ចាន់​ដា​រ៉ា បាន​ឱ្យ​ដឹង​បន្តថា​បណ្ណាល័យ​នេះ​នឹង​មាន​កុំព្យូទ័រ ​អ៊ិន​ធឺ​ណែ​ត សៀវភៅ​និង​ឯកសារ​ជាច្រើន​ដែល​រួម​មាន​ភាសា​ខ្មែរ​ អង់គ្លេស ​និង​ជប៉ុន។ ចំណែកឯ​ជាន់​ខាងលើ​នៃ​បណ្ណាល័យ ​គឺជា​សាលប្រជុំ​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ប្រហែល​ជា​៥០០​នាក់។

ក្រុមយុវជន​ស្ម័គ្រ​ចិត្ត​នឹង​ធ្វើដំណើរ​ចំនួន​បី​ថ្ងៃ​ពី​រាជធានី​ភ្នំពេញ​ដល់​ក្រុង​ពោធិ៍សាត់​ដែលមាន​ចម្ងាយ​ផ្លូវ​១៨៦​គីឡូម៉ែត្រ។ ពួកគេ​នឹង​ធ្វើ​ការ​ជិះ​កង់​ចំនួន១២ដង​គឺ​រហូតដល់​ការបញ្ចប់​ការសាងសង់​បណ្ណាល័យ។ ក្នុងការ​ចេញដំណើរ​នៅ​ថ្ងៃ​ទីមួយ​កាលពី​ព្រឹក​សុក្រ​នេះ​មាន​មន្ត្រី​របស់​រដ្ឋាភិបាល​មួយ​ចំនួន ​ពា​ណិជ្ជ​ករ ​និង​និស្សិត​ខ្លះ​បាន​ចូលរួម​ជិះ​កង់​ជូន ​ដំណើរ​អតីត​សិស្ស​ខេត្តពោធិ៍សាត់​ដល់​ត្រឹម​ផ្សារ​រាត្រី​ក្បែរ​វត្តភ្នំ​នៅជាប់​មាត់ទន្លេ។

លោក​រ៉ែ​ម ចាន់​ដា​រ៉ា​បាន​អះអាងថា​អតីត​សិស្ស​នៅ​ខេត្តពោធិ៍សាត់​ដែលមាន​វត្តមាន​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ដូចជា​ប្រទេស​សឹង្ហ​បុរី ​អូស្ត្រាលី ​អា​មេរិក ​ជាដើម​នឹង​ជិះកង់​នៅតាម​តំបន់​របស់​ពួកគេ​រស់នៅ​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ការសាងសង់​បណ្ណាល័យ​នេះដែរ។

ក្រៅពី​ការ​ជិះ​កង់​ស្វែងរក​មូលនិធិ​នេះ​ក្រុម​អតីត​និស្សិត​ក៏បាន​បង្កើត​កម្មវិធី​ចំនួន២ផ្សេងទៀត​គឺ​មាន​ការប្រគុំ​តន្ត្រី​លក់​សំបុត្រ​នៅក្នុង​ខេត្តពោធិ៍សាត់​និង​រាត្រី​សមោស​ដើម្បី​ព​ន្លឿ​ន​ក្នុង​ការរក​មូលនិធិ​នេះ​ឱ្យ​បាន​ឆាប់រហ័ស។

លោក ស៊ុយ សែម ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ​រ៉ែ ​និង​ថាមពល​និង ​ជា​អតីត​សិស្ស​នៅ​ ខេត្តពោធិ៍សាត់​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​នេះដែរ។

លោក​ថ្លែងថា​បណ្ណាល័យ​នៅតាម​វិទ្យាល័យ​និង​អនុវិទ្យាល័យ​តាម​ស្រុក ខេត្ត រឹត​តែមាន​សារៈសំខាន់​ថែម​ទៀត ​ដោយនៅ​តំបន់​ឆ្ងាយ​ពី​ទីក្រុង សិស្ស និស្សិត​របស់​យើង​ពិបាក ​រក​សៀវភៅ ​ដើម្បី​សិក្សា ​ស្រាវជ្រាវ ​និង​ស្វែងយល់ ​នូវ​ចំណេះដឹង ​បន្ថែម​ខ្លាំងណាស់។

«សកម្មភាព​ទាំងអស់នេះ​ធ្វើឱ្យ​ខ្ញុំ​មានការ​ពេញចិត្ត​យ៉ាងខ្លាំង ​ហើយ​ដាក់ចិត្ត​ថា ​នឹង ​ត្រូវ​ជួយ​គាំទ្រ​ពួកគេ​តាម​អ្វីដែល​ខ្ញុំ​និង​ភរិយា​ខ្ញុំ​អាចជួយ​បាន»។

លោក ណុះ ស្លេះ ​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ដែល​បាន​ចូលរួម ​ក្នុង​កម្មវិធី​ជិះ​កង់​នោះបាន​ចាត់ទុក​សកម្មភាព​នេះ​គឺជា​វប្បធម៌​ចែករំលែក​មួយ​ដ៏​ប្រសើរ។

«វា​ជា​សកម្មភាព​មួយ​ដែរ ​អាច​ធ្វើ​ឱ្យ​សិស្ស​ពោធិ៍សាត់​ទាំងអស់​ទាំង​អតីត ​ទាំង ​បច្ចុប្បន្ន​ក៏​ដូចជា​សិស្ស​ដទៃទៀត​យក​គំរូ​តាម​ដែល​សម្រាប់​ជួយ​សហគមន៍​ខ្លួនឯង​ផ្ទាល់ ​ដែល​ខ្លួនឯង ​បាន​រៀន​ចប់​ហើយ​នឹង​មាន​ការងារ​ធ្វើ ​ហើយ​នឹង​មាន​លទ្ធភាព​ដែល​អាចជួយ​សហគមន៍​យើង​បាន​នេះ​ជា​វប្បធម៌​មួយ​ចែករំលែក​ដ៏​សំខាន់​មួយ»។

លោក​ថា​ន់ ពិ​ទូ ជា​និស្សិត​នៃ​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដែល​បាន​ចូលរួម​ជិះ​កង់​រហូតដល់ ខេត្តពោធិ៍សាត់ ​ក៏បាន​ឱ្យដឹង​ដែរ​ថា​ការ​ជិះ​កង់​ប្រមូល​ថវិកា​នេះ​ដើម្បី​ជាការ​រួមចំណែក​ក្នុង ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​ស្រុកកំណើត​របស់ខ្លួន។

«ជិះ​កង់​ដើម្បី​ឱ្យ​គេ​ស្គាល់​នូវ​ខេត្តពោធិ៍សាត់ ​ហើយ​យើង​ជា​យុវជន​មួយ​ដែល​កើត ​ក្នុង​ពោធិ៍សាត់​យើង​ត្រូវតែ​ជួយ​មិនបាន​អ្វី​ជាធំ​ដុំ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការរួម​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​ផង​ដែរ»។
នេះ​ជា​លើកទីមួយ​ដែល​ក្រុម​អតីត​សិស្ស​នៅ​ខេត្តពោធិ៍សាត់​ស្វែងរក​ការអភិវឌ្ឍ​វិស័យ​អប់រំ​ដោយ​ចលនា​ពួកគេ​ផ្ទាល់។

លោក អាំង ងី ​ជា​នាយក​វិទ្យាល័យ​ពោធិ៍សាត់​បាន​សម្តែង​ការ​សាទរ​ជាខ្លាំង​ចំពោះ​សកម្មភាព​ស្រឡាញ់​ស្រុកកំណើត​និង​ការអភិវឌ្ឍន៍​របស់​ក្រុម​អតីត​សិស្ស​នេះ។

លោក​បាន​ចាត់ទុកថា​នេះ​គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​សិស្ស​ជំនាន់​ក្រោយ​ហើយ​គម្រោង​សាងសង់​នេះ​នឹង​ទទួលបាន​ជោគជ័យ។

«ទោះបីជា​គាត់​ទៅ​រៀន​ដល់​ណា គាត់​មាន​ជីវភាព​ខ្ពស់​ទាប​យ៉ាង​ម្តេច ក៏​គាត់​ចេះតែ កៀងគរ​គ្នា ហើយ​នៅក្នុង​សមាជិក​របស់គាត់​មិនមែន​ថា​សុទ្ធតែ​អ្នកមាន​ធនធាន​ទាំងអស់​នោះទេ ខ្លះ​ក៏​គ្នា​វា​ខ្សត់​ដែរ​ប៉ុន្តែ​គ្នា​មាន​ទឹកចិត្ត មានកម្លាំង​ជួយ ​នេះ​បញ្ជាក់​ពី​ស្មារតី​យកចិត្ត​ទុកដាក់​របស់គាត់ ការ​សេ្ន​ហា​ភូមិ​ឃុំ ស្រុកកំណើត​របស់គាត់ គាត់​ចង់​អភិវឌ្ឍ​ទីកន្លែង​គាត់»។
ក្រៅពី​ការ​ជិះ​កង់​រៃអង្គាស​រកប្រាក់​សាងសង់​បណ្ណាល័យ​នេះ​អតីត​សិស្ស​មកពី​ខេត្តពោធិ៍សាត់​បាន​ចងក្រង​ជា​សមាគម​ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០០៩ ​ក្នុង​គោលបំណង​ពង្រឹង ​សាមគ្គី​ភាព​សិស្ស​នៅ​គ្រប់​ជំនាន់​ក្នុង​ខេត្ត ​និង​ជួយ​សិស្ស​ដែលមាន​ការលំបាក​ផ្នែក​សេដ្ឋកិច្ច ​គ្រួសារ​ដោយ​ផ្តល់​អាហារូបករណ៍​ក្នុង​និង​ក្រៅប្រទេស ផ្តល់​សំភារៈ​សិក្សា ​វគ្គ​បណ្តុះ​បណ្តាល ​និង​ជួយ​រក​ការងារ​ធ្វើជា​ដើម៕